​បទ​យកការណ៍​៖ បទ​ចម្រៀង «​Pok Pun Na Hek» កំពុង​ពង្វក់​យុវវ័យ​សម័យ​ថ្មី​ឲ្យ​ភ្លើតភ្លើន​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

បទចម្រៀង «​Pok Pun Na Hek» មានការពេញនិយមយ៉ាងខ្លាំង នៅលើគេហទំព័រ Youtube

បទ​ចំរៀង​នេះ កំពុងតែ​ពេញនិយម សម្រាប់​យុវវ័យ​នៅ​កម្ពុជា​ដែល​ទាន់សម័យ បន្ទាប់​ពី​បទ​នេះ​ត្រូវបាន​អ្នកកំប្លែង​មួយចំនួន​យក​ទៅ​បន្ទរ​តាម ដើម្បី​ឲ្យ​អ្នកទស្សនា​ផ្ទុះ​សំណើច​។​

សម្រាប់​យុវវ័យ ដែល​តែងតែ​ចូល​ច្រៀង​តាម​ខារ៉ាអូខេ និង​ចូល​រាំ​តាមក្លឹប ឲ្យដឹងថា បទចម្រៀងនេះ ពិតជា​អង្រួន​ចិត្ត​យុវវ័យ​មែន ដោយសារ​បទ​នេះ ជួយ​អង្រួន​អារម្មណ៍​ពួកគេ​ឲ្យ​កាន់តែ​រំភើប​។​

ថ្វី​ត្បិត​បទ​ចំរៀង​នេះ មិនដឹង​ប្រភព​ចេញ​ពី​ផលិតកម្ម​ណា ក៏ដោយ តែ​ត្រូវបាន​យុវវ័យ​ភាគច្រើន​បញ្ចូល​ក្នុង​ទូរស័ព្ទដៃ ស៊េរី​ទំនើប​របស់​ពួកគេ​។  រី​ឯ​ម្ចាស់​ហាង ឬ​អ្នក​ប្រកប​មុខរបរ​អាជីវកម្ម​ធំៗ បាន​យក​បទ​នេះ​ទៅ​ចាក់ផ្សាយ ដូចជា នៅ​តាម​ភោជនីយដ្ឋាន ខារ៉ាអូខេ ជា​ពិសេស​តាម​ក្លឹប ដែល​មាន​ភ្លើងពណ៌ ដើម្បី​បង្កើន​ភាព​ភ្លើត​ភ្លើន ​របស់​យុវវ័យ​មួយចំនួន​ដែល​ចូលចិត្ត​ត្រាច់ចរ​ពេល​រាត្រី​។​

​អ្នក​បញ្ចូល​បទ​ភ្លេង​នៅ​ជិត​ផ្សារ​ទូល​ទំពូង រាជធានី​ភ្នំពេញ លោក សុក ខន និយាយថា បន្ទាប់​ពី​បទចម្រៀង ​"Pok Pun Na Hek"​ នេះ​ចេញ​មក យុវវ័យ​ភាគច្រើន បាន​មក​បញ្ចូល​បទ​”​បែប​អាសអាភាស​”​ មួយ​នេះ​ក្នុង​ទូរស័ព្ទ របស់​ពួកគេ ច្រើន​ជាង​បទ​ថ្មីៗ​កន្លងមក។

​បុរស​ម្នាក់​ដែល​ចូលចិត្ត​ស្តាប់​បទចម្រៀង​នេះ បាន​សរសើរ​ថា បទ​នេះ​ពេញនិយម ហើយ​ជា​បទញ៉ាក់​។ ប៉ុន្តែ​លោក​ថា ជា​ការពិត បទ​នេះ មិន​អាច​អង្រួន​ចិត្ត​របស់​គាត់ បាន​យូរអង្វែង​នោះទេ ដោយសារ តែ​យុវវ័យ​ត្រូវការ​អ្វីដែល​ថ្មី ទាន់សម័យ ហើយ​ប្លែក។

បើ​ទោះ​ជា​បទ​ចំរៀង​នេះ ស្តាប់​ទៅ​ហាក់​មាន​ន័យ​អាសអាភាស​បន្តិច​មែន តែ​ក្រុម​តន្ត្រី​តាម​ស្រុកស្រែ​ក៏​ចូល​ចិត្ត​យក​បទ​នេះ​មក​ច្រៀង​រាំ នៅពេល​យប់​ក្នុង​ពិធីមង្គលកា​រដែរ​។ ប៉ុន្តែ​សម្រាប់​អ្នក​អភិរក្ស​ប្រពៃណី​ខ្មែរ មិន​ចូល​ចិត្ត​បទ​បែប​ភ្លើតភ្លើន​នេះ​ទេ​។​

​លោក ព្រហ្ម សំអាន   ជា​មន្ត្រីរាជការ​ម្នាក់ ដែល​ចូលចិត្ត​ស្តាប់​បទចម្រៀង​សម័យ​ដើម ដូចជា បទ​ចំរៀង​របស់ លោក ស៊ិន​ស៊ី​ សាមុត អ្នកស្រី ប៉ែន រ៉​ន អ្នកស្រី រស់ សុធា ជាដើម​។ លោក រិះគន់​បទ​ចម្រៀង​ថ្មីៗ សម័យនេះ ចម្លង​ពី​បរទេស​នេះ​ថា “​ជាការ​លួច​កម្មសិទ្ធិបញ្ញា​” ។ លោក​ថា ដើម្បី​ជា​គំរូ​ល្អ សម្រាប់​អ្នកនិពន្ធ​ជំនាន់​ក្រោយៗ អ្នកនិពន្ធ មិន​ត្រូវ​ចំលង​បទ​ចម្រៀង ពី​បរទេស​ទេ ព្រោះ​ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌​ជាតិ។

​ថ្វី​ត្បិត​បទ​នេះ មាន​ការរិះគន់​ពី​អ្នក​អភិរក្ស​ប្រពៃណី​ខ្មែរ​ក៏ដោយ តែ​ក្រុម​កំប្លែង​ខ្លះ ក៏​ច្រៀង​លេង​តាម​បទ​នេះ​ដើម្បី​ទស្សនិកជន​ផ្ទុះសំណើច​ដែរ។

ទោះជា​យ៉ាងណា មិនទាន់​មាន​ប្រភព​ណា​បញ្ជាក់ថា បទ​នេះ​ជា​របស់​ផលិត​កម្មណា​នោះទេ​។​ តែ​យុវវ័យ​ដែល​ចូលចិត្ត​ដើរលេង​យប់ ឲ្យដឹង​ថា​បទ​នេះ ជា​ការកែច្នៃ​របស់ DJ ក្នុង​ក្លឹប ដើម្បីអ​ង្រួ​ន​អារម្មណ៍​អ្នក​ចូល​ផឹកស៊ី​។​

​ប៉ុន្តែ​សិស្ស​រៀន​ថ្នាក់​ទី​១០ នៅ​សាលា​មួយ ក្នុង​រាជធានី​ភ្នំពេញ កញ្ញា សំ មូនី រិះគន់ថា ការយក​បទ​ចម្រៀង​បរទេស មក​បំ​លែង​ជាបទខ្មែរ ដោយ​បញ្ចូល​ខ្លឹមសារ អស្សុ​រស ធ្វើឲ្យប៉ះពាល់​ដល់​កិតិ្ត​យស​នារី​ខ្មែរ។

​និស្សិត​ម្នាក់​ទៀត​នៅ​សាកលវិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញ កញ្ញា កន្និដ្ឋា សំណូមពរ​ឲ្យ​យុវវ័យ​ដែល​កំពុង​សប្បាយ​ភ្លេចខ្លួន​មួយចំនួន ឈប់​គាំទ្រ បទ​ចំរៀង​ដែល​ហូ​រចូល​ពី​បរទេស​។ កញ្ញា​ថា អ្វី​ដែល​សំខាន់​នោះ ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចាត់វិធានការ​ឲ្យមាន​ប្រសិទ្ធិភាព ចំពោះ​អ្នកនិពន្ធ​បទ​ណា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​នារី​ខ្មែរ​។

​អ្នកនាំពាក្យ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរ​សត្យា មានប្រសាសន៍​បទ "Pok Pun Na Hek"  និង​បទ​ចំរៀង​មួយ​ចំនួន​ទៀត កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ ប្រពៃណី​របស់​ប្រជាពលរដ្ឋខ្មែរ​។ លោក​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ សហការគ្នា ទប់ស្កាត់​ដល់​ក្រុមហ៊ុន ដែល​ផលិត​បទ​ចម្រៀង​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​ទាំងអស់ ទើប​មាន​ប្រសិទ្ធិភាព​។ លោក​បញ្ជាក់ថា ចំពោះ អ្នកនិពន្ធ និង​ក្រុម​កំប្លែង​មួយ​ចំនួន ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​ស្ត្រី​នោះ លោក​នឹង​ស្នើ​ឲ្យមាន​វិធានការ​ទប់ស្កាត់។

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង កត់សំគាល់ថា អ្នកនិពន្ធ ដែល​ចម្លង បទ​ចំរៀង​ពី​បរទេស​ជា​អំពើ​ខុសច្បាប់​។ លោក​សម្តែង​ការសោកស្តាយ ចំពោះ​អ្នកនិពន្ធ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ ស្ត្រី​ខ្មែរ​។ លោក អំពាវនាវ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់វិធានការ ជា​បន្ទាន់​ដល់​អ្នកនិពន្ធ និង​ក្រុម​កំប្លែង​ណា ដែល​ប្រើ​ពាក្យពេជន៍​អស្សុ​រស ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ និង​វប្បធម៌​ខែ្មរ​ជាដើម​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កន្លងមកនេះ បាន​ព្រមាន​ចំពោះ​អ្នកសិល្បៈ​មួយចំនួន ដែល​ចូលចិត្ត​ស្លៀកពាក់​លិច​លើ ខើច​ក្រោម ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​ទូរទស្សន៍ ហើយ​សកម្មភាព​នេះ​ក៏​បាន​ស្ងប់​មួយរយៈ​៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com និងលោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

4 Responses to "​បទ​យកការណ៍​៖ បទ​ចម្រៀង «​Pok Pun Na Hek» កំពុង​ពង្វក់​យុវវ័យ​សម័យ​ថ្មី​ឲ្យ​ភ្លើតភ្លើន​​"

  1. sarika says:

    ម្នាក់ៗចូលចិត្តណាស់រឿងអាស់អាភាស រំញោចកាមារម្មណ៌ តែក៏គួមានព្រំដែនដែ៕

  2. Anonymous says:

    Guys, use your brain as a human, not animal instinct!

    If you are not capable to do good things, don’t always try to wind down the beauty of our Cambodian culture. I could not understand why such song could be played without pondering whether or not it is acceptable. It is actually absolutely disgusted!

    I suggest some writers and/or singers to be more courteous. Thank you.

  3. ឪកូន says:

    បទនេះពីរោះហើយ ពីព្រោះស្តាប់ទៅគឺជាការសាកសួរទំហំភេទរបស់ស្រ្តី ។ សូម្បីតែចៅខ្ញុំក៏ច្រៀងដែរ ថាពោកប៉ិនណាអ្ហេ៎ ដែរ តើវាសក្តិសមដែរទេ។

    បើនិយាយពីបទសម័យឥឡូវនេះថាពិរោះឬអត់ តែត្រូវចែកគ្នាឲ្យដាច់ ការពីរោះនេះ មានពីរយ៉ាងគឺពីរោះបទភ្លេង និងពីរោះអត្ថន័យចំរៀង ។​សំរាប់ខ្ញុំយល់ថា ចំរៀងសម័យនេះពីរោះខ្លះ និងមិនពីរោះខ្លះ បទដែលតែងនិពន្ធដោយអ្នកកវីខ្មែរពិតប្រាកដមិនចម្លងគេគឺពិរោះតែម្តង ដោយសារ តែខ្ញុំតែបានឮសូរគេចាក់ផ្សាយនៅតាមពិធីមង្គលការ ឬបុណ្យទានផ្សេងៗជាញឹកញាប់ តែបទដែលចម្លងពីបរទេសខ្ញុំឮសូរបានយ៉ាងយូរណាស់ត្រឹម១ខែ ឬ២ខែគឺស្ងាត់ហើយ ដូចលោកព្រហ្មម៉ាញគាត់និយាយថា បទស្លាប់មុនម្ចាស់ មិនមែនម្ចាស់ស្លាប់មុនបទទេ (អ្នកចំរៀងជាន់ចាស់)។

    ហេតុនេះគួរតែឈប់រំលោភកម្មសិទ្ធិបញ្ញារបស់គេទៅ គូរគិតធ្វើរបស់យើងវិញ

  4. ប្រជាពលរដ្ឋខ្មែរ says:

    យួន ចង់អោយមាន អា របៀប ឆ្កួតៗ នេះ , ដើម្បីពង្វក់ កូន ខ្មែរ អោយបំភ្លេច រឿង ប្រទេសជាតិ !