ពលរដ្ឋ​នៅ​អារ៉ែង​ត្រៀម​ហែ​ក្បួន​ប្រឆាំង​នឹង​ការ​សង់​ទំនប់

Friday, 28 March 2014
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

20140328_03

ពល​រដ្ឋ​នៅ​អារ៉ែង​​តវ៉ា​បិទ​ផ្លូវ​ម្សិល​មិញ​​​។ រូបថត បណ្តាញ​ព្រះ​សង្ឃ​ឯក​រាជ​

កោះកុងៈ បន្ទាប់​ពី​មិន​មាន​ការ​ឆ្លើយ​តប​វិជ្ជា​មាន​ណា​មួយ​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ក្នុង​អំឡុង​ពេល​តវ៉ា​ជាង ១០​ថ្ងៃ មក​នេះ​ប្រជា​សហគមន៍ អារ៉ែង ២០០​នាក់ នឹង​ជិះ​ម៉ូតូ ១០០ គ្រឿង​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​សាលា​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង អារ៉ែង របស់​ក្រុមហ៊ុន ចិន Sinohydro។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង​នៅ​តំបន់​ស្ទឹង អារ៉ែង ក្នុង ស្រុក​ថ្មបាំង បាន​ធ្វើ​ការ​តវ៉ា​ទប់​ស្កាត់​គ្រឿង​ចក្រ​ក្រុមហ៊ុន ចិន មិន​ឲ្យ​ចូល​ទៅ​តំបន់​នោះ​អស់​រយៈ​ពេល ១៤ ថ្ងៃ​ហើយ។ នៅ​នឹង​ច្រក​ចូល​នោះ​ប្រជា​ពលរដ្ឋ​បាន​ឈរ​លើក​បដា​ដែល​សរសេរ​ថា «ទំនប់​វារី​អគ្គិសនី អារ៉ែង បំផ្លាញ​ជីវភាព​រស់​នៅ​ជនជាតិ​ដើម​យើង» «អ្នក​ចេះ​ពឹង​លើ​ប្រាជ្ញា អ្នក​ស្រែ​ចម្ការ​ពឹង​លើ​ដី និង​ការ​អភិរក្ស» និង «ទំនប់​វារី​អគ្គិសនី​អារ៉ែង បំផ្លាញ​ធនធាន​ធម្មជាតិ» ជាដើម។

លោក វ៉ែន វ៉ន អាយុ ៣៥​ឆ្នាំ តំណាង​សហគមន៍​ជនជាតិ​ដើម បាន​ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​បាន​ឆ្លាស់​វេន​គ្នា​យាម​នៅ​ច្រក​ចូល​ទាំង​យប់​ទាំង​ថ្ងៃ។ ដោយ​សារ​តែ​ពុំ​មាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​និង​ក្រុមហ៊ុន ចិន ប្រជា​សហគមន៍ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ក្រុម​យុវជន និង​អង្គការ​មាតា​ធម្មជាតិ នឹង​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​ខេត្ត មន្ទីរ​បរិស្ថាន​ជលផល កសិកម្ម និង​មន្ទីរ​រ៉ែ និង​ថាមពល​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។

លោក វ៉ែន វ៉ន បញ្ជាក់​ថា៖ «ពួក​យើង ២០០ នាក់​នឹង​ជិះ​ម៉ូតូ ១០០ គ្រឿង​ហែ​ក្បួន​ចំនួន ៩០ គីឡូម៉ែត្រ​ទៅ​ខេត្ត​ដើម្បី​ដាក់​ញត្តិ​សុំ​ឲ្យ​បញ្ឈប់​គម្រោង​ធ្វើ​ទំនប់​វារី​អគ្គិសនី​នៅ អារ៉ែង តែ​ម្តង»។

លោក​ថ្លែង​ថា គម្រោង​សង់​ទំនប់ អារ៉ែង ប៉ះពាល់​ដល់​ប្រជា​សហគមន៍​ស្រែ​ចម្ការ ធនធាន​ធម្មជាតិ​រាប់​រយ​ប្រភេទ ជា​ពិសេស​គឺ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ ដូច​ជា ត្រី​នាគ និង​ក្រពើ​ភ្នំ​ជាដើម។ កាល​ពី​ថ្ងៃ​ពុធ​មន្រ្តី​បី​នាក់​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ កម្ពុជា ដែល​រួម​មាន​បុរស​បរទេស​ម្នាក់ និង​ខ្មែរ​ពីរ​នាក់​បាន​ចុះ​ទៅ​អង្កេត​នៅ​ហ្នឹង​កន្លែង​ពលរដ្ឋ​កំពុង​តវ៉ា​នោះ ហើយ​ក៏​បាន​ជួយ​ពន្យល់​ពី​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។

លោក វ៉ន បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​ជា​ជនជាតិ​ដើម​នៅ​ដាច់​ស្រយាល​មិន​សូវ​ចេះ​ដឹង​ពី​រឿង​សិទ្ធិ​អី​នោះ​ទេ។ អ៊ីចឹង​ហើយ​ចេះ​តែ​ខ្លាច​គេ​គំរាម​ដេញ​ចេញ។ តែ​ឥឡូវ​បាន UN ចុះ​មក​ជួយ​ពន្យល់​ប្រាប់​ពី​សិទ្ធិ​របស់​យើង​ទើប​យើង​បាន​យល់​ដឹង​ខ្លះ»។

លោក នាង បូរ៉ាទីណូ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​កោះកុង បាន​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​មក​អាជ្ញាធរ​បាន​ព្យាយាម​សម្រុះ​សម្រួល​ជាមួយ​នឹង​សហគមន៍​ដែរ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បាន​ចូល​ទៅ​តំបន់ អារ៉ែង នោះ។ ប៉ុន្តែ​សហគមន៍​មិន​យល់​ព្រម​ហើយ​ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​នោះ​តែ​ម្តង។

លោក បូរ៉ាទីណូ ថ្លែង​ថា៖ «ការ​ហែក្បួន​ដាក់​ញត្តិ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ជាតិ និង​អន្តរជាតិ​បាន​ដឹង​ពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់​ហើយ​រក​ដំណោះស្រាយ»។ ទោះ​យ៉ាង​ណា​លោក​បាន​លើក​ឡើង​ថា ក្រុមហ៊ុន ចិន ដែល​ធ្វើ​វិនិយោគ​នៅ កម្ពុជា ភាគ​ច្រើន​មិន​ងាយ​នឹង​បោះ​បង់​គម្រោង​របស់​គេ​ចោល​នោះ​ទេ។

លោក អ៊ូច ទូច នាយក​រដ្ឋបាល​សាលា ខេត្ត​កោះកុង ថ្លែង​ថា អាជ្ញាធរ​មិន​ទាន់​បាន​ដឹង​ពី​គម្រោង​ហែ​ក្បួន​ដាក់​ញត្តិ​របស់​ពលរដ្ឋ​នោះ​ទេ។ ទោះ​យ៉ាង​ណា​សាលា​ខេត្ត​នឹង​ទទួល​យក​ញត្តិ​របស់​ពួក​គាត់។

លោក អ៊ូច ទូច បាន​បញ្ជាក់​ថា៖ «តាម​ទម្លាប់​យើង​មិន​ដែល​បដិសេធ​មិន​ទទួល​យក​នោះ​ទេ តែ​កម្រិត​នៃ​ការ​ដោះស្រាយ​យ៉ាង​ណា​នោះ គឺ​វា​អាស្រ័យ​លើ​គោល​នយោបាយ និង​ច្បាប់​របស់​រដ្ឋាភិបាល»៕


What Next?

Recent Articles