ដោយ៖ ប្រែង សត្យាភិរក្ស
ថ្ងៃអង្គារ ទី6 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក គង់ ចំរើន (ដៃកាន់សៀវភៅ) មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ស្នើពលរដ្ឋត្រឡប់ទៅខេត្តក្រចេះវិញ (រូបថតដោយប្រែង សត្យាភិរក្ស)
ប្រជាពលរដ្ឋ៣៧នាក់ តំណាងពលរដ្ឋ៤០៥គ្រួសារ មកពីភូមិពាមប៉ោអូរបី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃអង្គារនេះ យល់ព្រមត្រឡប់ទៅខេត្តវិញ បន្ទាប់ពីមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី សន្យាថា គណៈអភិបាលខេត្ត យល់ព្រមជួបចរចាជាមួយប្រជាពលរដ្ឋទាំងនោះ ដើម្បីរកដំណោះស្រាយ។
លោក គង់ ចំរើន មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៅកាន់ពលរដ្ឋ ដែលឡើងមកតវ៉ានៅភ្នំពេញថា ក្នុងករណីដែលការចរចារមិនទទួលបានលទ្ធផលនោះ ពលរដ្ឋទាំងអស់ អាចត្រឡប់មកសុំអន្តរាគមន៍ជាថ្មីម្ដងទៀត ដោយខាងខុទ្ទកាល័យ នឹងរក្សាទុក និងតាមដានលើករណីនេះ។
តំណាងប្រជាពលរដ្ឋ លោក ឡឹក សារ៉ាត បានប្រាប់VODថា លោកបាននិយាយជាមួយលោកអភិបាលខេត្តក្រចេះ តាមរយៈទូរស័ព្ទ ដោយព្រមព្រៀងគ្នាជួបចរចានៅពេលត្រឡប់ទៅដល់វិញ។ លោកបញ្ជាក់ថា បើសិនជាការជួបចរចា មិនមានលទ្ធផលដែលប្រជាពលរដ្ឋអាចទទួលយកបាន ប្រជាពលរដ្ឋ នឹងឡើងមកភ្នំពេញ ដើម្បីតវ៉ាជាថ្មី។
អត្ថបទទាក់ទង
ពលរដ្ឋម្នាក់ទៀត លោក ភី ឆាយ ឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរមូលដ្ឋាន មេព្រៃ និងសន្តិសុខក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិនភឿក នោះ បានឆាយ និងដុតបំផ្លាញផ្ទះសម្បែង ដំណាំ របស់ប្រជាពលរដ្ឋនៅទីនោះអស់ជាង ២៦០ខ្នង។ លោក អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ជួយដល់ពួកគេ បញ្ឈប់សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន និងផ្តល់ដំណោះស្រាយសមរម្យដល់ពួកគេ។
អភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន ប្រាប់VODថា អាជ្ញាធរខេត្តបានដឹងហើយពីបញ្ហាជម្លោះដីធ្លីនៅខាងស្រុកស្នួលនេះ ហើយគណៈអភិបាលខេត្ត បានត្រៀមខ្លួនរួចរាល់ ដើម្បីជួបចរចាជាមួយពលរដ្ឋ ដោយការចរចាគ្រោងនឹងធ្វើនៅសាលាស្រុកស្នួលនៅពេលខាងមុខ។

ពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ តវ៉ារឿងទំនាស់ដីធ្លី និងសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី
ប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លីនេះ ឲ្យដឹងថា ពលរដ្ឋ បានកាន់កាប់ដីនៅតំបន់នោះតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលមាន ៦០គ្រួសារ និងក្នុងឆ្នាំ២០០៩ មាន ១៨១គ្រួសារ ហើយក្រោយមកកើនដល់ ៤០៥គ្រួសារ នៅដើមឆ្នាំ២០១២។ ពួកគេ បានស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជាច្រើន ក្នុងនោះមាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអភិបាលខេត្តជាដើម តែរហូតមកទល់ពេលនេះ មិនមានដំណោះស្រាយនោះទេ៕
សរសេរមកកាន់លោក ប្រែង សត្យាភិរក្ស តាមរយៈ Phireak1988.kth@gmail.com