​សវនាការ​ករណី​ហិង្សា​មុខ​រោងចក្រ​យ៉ាក​ជី​ង សម្រាក​១០​នាទី ខណៈ​ជនជាប់ចោទ​ផ្តល់​ចម្លើយ​ច្របូកច្របល់​​

ដោយ៖​ តាំង វីដា​
ថ្ងៃអង្គារ ទី6 ខែឧសភា ឆ្នាំ2014
http://vodhotnews.com

ចៅក្រម​ជំនុំជម្រះ​នៅ​បន្ទប់​សវនាការ​ទីមួយ លើ​ករណី​ជនជាប់ចោទ ១០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង បានប្រកាស​សម្រាក​រយៈ​ពេល ១០​នាទី ដើម្បី​ជនជាប់ចោទ​សម្រួល​អារម្មណ៍ ខណៈ​ដែល​ចម្លើយ​របស់​ជនជាប់ចោទ​រូបនោះ​មាន​ភាពច្របូកច្របល់​។​

​សេចក្តីរាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា នៅពេល​ដែល​សវនាការ កំពុង​សាកសួរ​ជនជាប់ចោទ​ទី​ពីរ ក្នុងចំណោម​ជនជាប់ចោទ​ទាំង ១០​នាក់ ទាក់ទង​ករណី​ហិង្សា​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង​នោះ នៅ​ម៉ោង ១០:៥៥​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចៅក្រម​ជំនុំជម្រះ​បានប្រកាស​សម្រាក រយៈពេល ១០​នាទី ដោយសារ​ជនជាប់ចោទ​ឈ្មោះ ឡ​ន សាន អាយុ ២០​ឆ្នាំ ដែល​កំពុង​សាកសួរ​នោះ ផ្តល់​ចម្លើយ​ច្របូកច្របល់ និង​មិន​យល់​នូវ​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​។ 

​សេចក្តីរាយការណ៍​បន្ត​ថា ការផ្អាក​សវនាការ​នោះ ធ្វើឡើង​បន្ទាប់​ពី តំណាង​អយ្យការ​ព្យាយាម​ប្រៀបធៀប​ពី​ចម្លើយ​ដែល​​ជនជាប់ចោទ​បាន​ឆ្លើយ​ក្នុង​ដំណាក់​ចំពោះមុខ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន និង​ចម្លើយ​ដែល​ចៅក្រម​ស៊ើប​សួរ នៅក្នុង​អង្គ​សវនាការ​នា​ពេល​នេះ ប៉ុន្តែ​ជនជាប់ចោទ ពុំ​យល់​នូវ​សំណួរ​របស់​តំណាង​អយ្យការ​។ 

​បើ​តាម​ចម្លើយ​ជនជាប់ចោទ​ឈ្មោះ ឡ​ន សាន រូបគេ​មាន​មុខរបរ​នៅផ្ទះ ហើយ​នៅ​ថ្ងៃកើតហេតុ ខ្លួន​បាន​ទៅសួរ​សុខ​ទុក្ខ​​បងស្រី​ដែល​មាន​ទីលំនៅ​នៅ​ក្បែរ​រោងចក្រ​យ៉ាក​ជី​ង​។ ជនជាប់ចោទ​រូប​នោះ​បន្តថា បងស្រី​របស់​ខ្លួន ធ្វើការ​នៅ​រោង​ចក្រ​នោះ ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​បងស្រី​របស់​ខ្លួន​បាន​ទៅ​មើល​ហេតុការណ៍​ប៉ះទង្គិច​រវាង​កងកម្លាំង​ឆ័ត្រយោង​៩១១ ជាមួយ​កម្មករ​ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​នៅ​មុខ​រោងចក្រ ហើយ​ខ្លួន​ក៏​បាន​ទៅ​ហៅ​បង​ស្រី​​​ឲ្យ​ត្រ​ឡប់មកផ្ទះ​វិញ ពេលនោះ​ក៏​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​តែម្តង​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ទាំង​២៣​នាក់ ដែល​ក្នុង​នោះ​សវនាការ​ចែកចេញជា​ពីរ​បន្ទប់ ដោយ​បន្ទប់​សវនាការ​ទីមួយ ជំនុំជម្រះ​លើ​ករណី​លោក​វន់ ពៅ និង​ជន​ជាប់​ចោទ ៩​នាក់​ទៀត ដែល​ចាប់ខ្លួន​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​បន្ទប់​សវនាការ​ទី​ពីរ ជំនុំជម្រះ​លើ​ករណី​កម្មករ​១៣​នាក់ ដែល​ចាប់ខ្លួន​នៅ​ផ្លូវវ៉េង​ស្រេង​។​

​ជនជាប់ចោទ​ទាំង​២៣​នាក់​នោះ រង​ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកដទៃ​៕

សរសេរមកកាន់លោក តាំង វីដា តាមរយៈvida@vodhotnews.com

What Next?

Recent Articles

One Response to "​សវនាការ​ករណី​ហិង្សា​មុខ​រោងចក្រ​យ៉ាក​ជី​ង សម្រាក​១០​នាទី ខណៈ​ជនជាប់ចោទ​ផ្តល់​ចម្លើយ​ច្របូកច្របល់​​"

  1. តុលាការរកមិនឃើញបទចោទប្រកាន់ រឺភស្តុតាងអ្វីទេ ។ ទុកបង្អង់យូរដើម្បីរិៈរកភស្តុតាងដើម្បីដាក់បន្ទុកការចោទប្រកាន់ប៉ុណ្ណោះ។
    ជនដែលត្រូវគេចោទដោយគ្មានកំហុសទាំងនោះ ត្រូវតែមានសេរីភាពនិងទទួលសំណងជំងឺចិត្តយ៉ាង សមរម្យ។
    មនុស្សទាំងឡាយត្រូវការភាពយុត្តិធម៌!!!!!