ដោយ៖ ជន ស្រីណុច
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com
ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសឲ្យដឹងនៅថ្ងៃនេះថា ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ នឹងមានប្រព័ន្ធសម្ពាធទាបមួយ (ITCZ) កើតឡើង ដែលអូសបន្លាយកាត់ពីលើអាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ នាំឲ្យជះឥទ្ធិពលលើប្រទេសកម្ពុជាផងដែរ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធនទឹក និងឧតុនិយម ចុះផ្សាយថ្ងៃទី២៣ ខែសីហានេះឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែសីហា កម្ពុជានឹងទទួលរងសម្ពាធទាបមួយពីប្រទេសជិតខាង ហើយបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន រួមមានរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យជាដើម។
សេចក្តីជូនដំណឹងបន្តថា ការមានធ្លាក់ភ្លៀងនៅតាមបណ្តារាជធានី-ខេត្តនេះ អាចបង្កឲ្យមានជំនន់ទឹកភ្លៀង នៅតាមតំបន់ទំនាបជាប់នឹងផ្លូវទឹក ពិសេសខេត្តកំពង់ស្ពឺ និងកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ទាក់ទងនឹងករណីនេះ ក្រសួងអំពាវនាវទៅដល់អាជ្ញាធរ និងសាធារណៈជន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជំពោះស្ថានភាពអាកាសធាតុខាងលើ ដើម្បីចៀសវាងគ្រោះថ្នាក់កើងឡើងជាយថាហេតុ៕
មើលរូបភាពបន្ថែម
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com