ដោយ អ៊ុក សាវបូរី
2014-08-23
RFA
ប្រជាពលរដ្ឋនៅឃុំអង្គរជ័យ ក្នុងខេត្តកំពត កំពុងព្រួយបារម្ភពីការកើនឡើងការប្រើប្រាស់អាវុធកែច្នៃ សម្រាប់បរបាញ់សត្វក្នុងតំបន់។ អ្នកភូមិ សុំឲ្យសមត្ថកិច្ចចុះត្រួតពិនិត្យការប្រើប្រាស់អាវុធទាំងនោះ បង្ការក្រែងមានបញ្ហាទៅថ្ងៃក្រោយ ព្រោះអាវុធកែច្នៃនោះពេលបាញ់មិនឮសំឡេងផ្ទុះខ្លាំងទេ ប៉ុន្តែគ្រាប់ច្នៃដែលផលិតពីដែកគ្រាប់កង់នោះ ក៏អាចធ្វើអោយមនុស្សស្លាប់ ឬរបួស នៅពេលបាញ់ត្រូវកន្លែងគ្រោះថ្នាក់។
ប្រជាពលរដ្ឋឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត បារម្ភពីគ្រោះថ្នាក់នៃការប្រើកាំភ្លើងកែច្នៃ កំពុងមានអ្នកប្រើកាន់តែច្រើននៅក្នុងឃុំ ខណៈសមត្ថកិច្ចមូលដ្ឋានមិនទាន់មានវិធានការច្បាស់លាស់ទៅលើអ្នកប្រើប្រាស់នោះនៅឡើយ។
អ្នកភូមិត្រពាំងស្រែ ឃុំអង្គរជ័យ សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា មនុស្ស ៧នាក់ ទៅ ១០នាក់ បានកែច្នៃឈើធ្វើកាំភ្លើងប្រើបាញ់សត្វ ដោយច្នៃដែកគ្រាប់កង់ធ្វើជាគ្រាប់កាំភ្លើង។ កញ្ញាបន្តថា ល្បឿនរត់នៃគ្រាប់បាញ់ចេញពីកាំភ្លើងកែច្នៃ អាចបាញ់សម្លាប់សត្វក្នុងចម្ងាយប្រមាណ ៣០ ទៅ ៥០ម៉ែត្រ។ អ្នកប្រើកាំភ្លើងកែច្នៃនៅឃុំនេះ បច្ចុប្បន្នទើបតែអាចបាញ់សត្វទេ មិនទាន់បង្កគ្រោះថ្នាក់ដល់មនុស្សនៅឡើយ។ ប៉ុន្តែបារម្ភដែរនៅពេលមនុស្សដើរយាមដំណាំពេលយប់ ខ្លាចអ្នកមានកាំភ្លើង បាញ់មកប៉ះលើមនុស្ស ធ្វើឲ្យគ្រោះថ្នាក់អាចស្លាប់ ឬរបួសបាន៖ «ព្រោះអីកម្លាំងបាញ់វាខ្លាំងលើក្ដារលើអីធ្លុះណា៎ ចេះតែខ្លាចមានការព្រួយបារម្ភជាខ្លាំង ព្រោះអីបាញ់ទៅវាដូចជាកាំភ្លើងមួយអ៊ីចឹង តែបាញ់ទៅត្រូវ ត្រូវកន្លែងស្លាប់ គឺស្លាប់ហើយ»។
យុវសិស្សម្នាក់ទៀតពន្យល់ថា កាំភ្លើងកែច្នៃនោះជាប្រភេទកាំភ្លើងវែង ដងឈើ ប៉ុន្តែប្រើខ្យល់សប់ដូចសប់កង់ ដើម្បីបាញ់គ្រាប់ដែកមូលឲ្យបានឆ្ងាយ ឬជិតទៅតាមខ្យល់ដែលសប់បាននោះ៖ «ព្រោះគ្រាប់ហ្នឹងយើងមើលអត់ឃើញ ហើយណាមួយយើងដើរទៅក្បែរហ្នឹងអ៊ីចឹង ដូចថាគេបាញ់ បើត្រូវសត្វមិនអីទេ កុំឲ្យតែភ្លាត់មកត្រូវយើង ព្រោះគ្រាប់ប្រើកាំភ្លើងហ្នឹង ត្រូវមនុស្សអាចស្លាប់បាន ចំកន្លែងស្លាប់ ភ្លាមតែម្តង។ កាំភ្លើងហ្នឹងឮសូរដូចយើងគាស់ស្រាអ៊ីចឹង គេប្រើខ្យល់»។
ស្ត្រីនៅភូមិត្រពាំងស្រែ ឈ្មោះ អ៊ី អយ ឲ្យដឹងថា ប្ដីគាត់ធ្លាប់ប្រើកាំភ្លើងនោះដែរសម្រាប់បាញ់សត្វចាប សត្វលលក ជាដើម ប៉ុន្តែសមត្ថកិច្ចបានដកយកកាំភ្លើងកែច្នៃនោះបាត់ហើយ៖ «មានតែប៉ិន ឥឡូវគេបិទអស់ហើយ គេបាញ់សត្វ បាញ់អីហ្នឹង ចាបអ៊ីចឹងតូចៗ លលកអី គេបាញ់បានខ្លះអ៊ីចឹងទៅ អត់ចឹងទៅ»។
អនុប្រធានភូមិត្រពាំងស្រែ ឃុំអង្គរជ័យ លោក ហេង នី ឲ្យដឹងថា កាំភ្លើងកែច្នៃនោះក៏អាចបាញ់មនុស្សឲ្យមានរបួសដែរ ហើយអ្វីដែលគួរឲ្យបារម្ភ គឺកាំភ្លើងនោះ ពេលកេះកៃមិនឮសំឡេងផ្ទុះខ្លាំងដូចកាំភ្លើងមានគ្រាប់ពិតនោះទេ ប្រសិនបើមានជនខិលខូចឈ្លោះគ្នា អាចប្រើកាំភ្លើងកែច្នៃបាញ់សម្លាប់គ្នាក៏អាចថាបាន។ លោកបន្តថា ក្នុងភូមិមិនទាន់មានអ្នករងគ្រោះដោយសារគ្រាប់កង់បាញ់ពីកាំភ្លើងកែច្នៃនេះនៅឡើយទេ។
ទោះយ៉ាងណា អាជ្ញាធរបានកត់ឈ្មោះអ្នកមានកាំភ្លើងកែច្នៃ និងអ្នកប្រើប្រាស់ទាំងអស់ហើយ ប្រសិនបើមានហេតុការណ៍គ្រោះថ្នាក់នៃគ្រាប់កាំភ្លើងកែច្នៃនោះ សមត្ថកិច្ចអាចចាប់ជនទាំងនោះបានងាយស្រួល៖ «អានេះមិនជាចម្ពាមកៅស៊ូទេ អានេះវាទៅជាកាំភ្លើងទៅហើយ។ អាហ្នឹងបើសិនជាបាញ់ អាចមានគ្រោះថ្នាក់ ព្រោះអានេះវាកាច់កៃកាច់អីធម្មតា ដូចកាំភ្លើងយើងអ៊ីចឹង គ្រាន់តែវាអត់ឮសូរ។ ខ្ញុំគិតថា វាដូចជាមិនអីទេ តែក្មេងៗវាធ្វើអាបាញ់សត្វ បាញ់អីហ្នឹង ប៉ុន្តែប៉ូលិសអីគេអាចដឹងដែរ ដើម្បីឲ្យក្នុងភូមិហ្នឹងអាចកត់សម្គាល់មើលឈ្មោះណាដែលវាមានហ្នឹង បើមានការអី គេនឹងមកប្រាប់អ៊ីចឹង»។
មេប៉ុស្តិ៍រដ្ឋបាលឃុំអង្គរជ័យ លោក ញ៉ូ ចាន់ណារិទ្ធ អះអាងថា កាំភ្លើងនោះមិនមែនជាអាវុធដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះទេ ប៉ុន្តែវាក៏ជាអាវុធសម្រាប់បាញ់សត្វ។ អាជ្ញាធរកំពុងស្រង់ឈ្មោះអ្នកប្រើប្រាស់ និងគ្រោងប្រមូលអាវុធនោះ យកទៅទុកកន្លែងមានសុវត្ថិភាព៖ «អានេះកាំភ្លើងច្នៃពីឈើយើងហ្នឹង កាំភ្លើងអត់មានប្រើខ្ទង់អីទេ វាប្រើខ្យល់ហ្នឹង។ ខ្ញុំកំពុងសហការជាមួយមេឃុំ ហើយចុះស្រង់ឈ្មោះហ្នឹង ដើម្បីប្រមូលទុកវិញ»។
អ្នកភូមិឲ្យដឹងថា កែច្នៃអាវុធខ្យល់ដែលប្រើគ្រាប់កង់មូលនេះ បានកើតឡើងនៅតំបន់សម្បូរសត្វព្រៃរស់នៅច្រើន ដូចជាព្រៃនៅខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ ជាដើម គេប្រើសម្រាប់បាញ់សម្លាប់សត្វព្រៃនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រួសារស្ត្រីចាញ់បោកមេខ្យល់រៀបការទៅចិនស្នើក្រសួងជួយបញ្ជូនមកកម្ពុជាវិញ
- ពលរដ្ឋនៅកំពង់ឆ្នាំងត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរតាមកាណូតឬទូក
- ពលរដ្ឋនៅស្វាយរៀងត្អូញត្អែររឿងមន្ត្រីមូលដ្ឋានមកបំពេញការងារមិនទៀងទាត់
- អ្នកភូមិនៅព្រៃវែងព្រួយបារម្ភជំងឺអុតក្ដាមរាតត្បាតសត្វគោក្របី
- ពលរដ្ឋនៅខេត្តបាត់ដំបងបារម្ភពីការធ្លាយប្រេងម៉ាស៊ូតហូរចូលស្រែ
- គម្រោងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកចាប់ពីថ្ងៃ៩សីហា
- ព្រះចៅអធិការវត្តមាននិន្នាការប្រជាធិបតេយ្យមួយអង្គត្រូវដកចេញពីតំណែង
- ពលរដ្ឋនៅស្វាយរៀងត្អូញត្អែរពីរថយន្តដឹកដំឡូងរបស់វៀតណាមធ្វើឲ្យខូចផ្លូវ
- តើរដ្ឋាភិបាលមានលុយគ្រប់គ្រាន់ដើម្បីចេញខាតលើសេវាកម្មរថយន្តក្រុងឬទេ?