ដោយ ហ៊ុំ ចំរើន
2014-08-23
RFA

សកម្មភាពនេសាទត្រីរបស់ជនជាតិវៀតណាម នៅខាងលិចវត្តពោធិ៍ថ្មី ភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣។ RFA/Hum Chamroeun
ប្រជាពលរដ្ឋនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង អះអាងថា ការនេសាទត្រីប្រើឧបករណ៍ស្បៃមុងក្រឡាល្អិតចាប់កូនត្រី កំពុងធ្វើសកម្មភាពសេរីដោយពុំមានអាជ្ញាធរណាអើពើបង្ក្រាបនោះទេ។
អ្នកភូមិបញ្ជាក់ថា ការធ្វើនេសាទនេះ ភាគច្រើនប្រមូលចាប់កូនត្រីតូចៗ ហើយប្រសិនបើទប់ស្កាត់មិនទាន់ពេលទេនោះ ត្រីទាំងតូចធំវានឹងហិនហោចអស់គ្មានសល់នៅពេលខាងមុខ។
អ្នកភូមិនៅតំបន់នេសាទក្នុងស្រុកកំពង់ត្របែក អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ទប់ស្កាត់បទល្មើសនេសាទត្រីជាបន្ទាន់ ពីព្រោះថា សកម្មភាពខុសច្បាប់នោះរីកកាន់តែធំឡើងជាបន្តបន្ទាប់ប្រមាណកន្លះខែមកហើយ ហាក់ពុំមានក្រែងរអាការបង្ក្រាបពីសំណាក់អាជ្ញាធរឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិព្រែកផ្ដៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី២៣ សីហា ថា ក្រុមប្រជានេសាទធ្វើសកម្មភាពដោយយកស្បៃមុងក្រឡាល្អិត ចាប់ពី ២០ម៉ែត្រទៅ ៤០ម៉ែត្រ ប្រមាណ ៣០កន្លែង ដាក់តាមទីទំនាបដែលមានទឹកហូរនៅចំណុចភូមិព្រែកផ្ដៅ រហូតទៅដល់ជាយដែនប្រទេសកម្ពុជាវៀតណាម៖ «ដាក់បើនិយាយរួមទៅ ដាក់រហូត បើតាមដែលខ្ញុំឃើញហ្នឹង ឃើញតាំងពីម្ដុំដែលជិតខ្ញុំរស់នៅហ្នឹង រហូតទាល់តែដល់ទល់ដែនតែម្ដង។ អឺ! គេដាក់យកហ្នឹងយកអាក្រឡាល្អិតតូចតែម្ដងបង! ប្រមូលយកទាំងអស់កូនត្រីតូចៗ អាកូនត្រីលេញកូនត្រីកន្លង់ព្រួលអីអត់មាននៅសល់ទាំងអស់បង អត់មាននៅសល់អាហ្នឹង»។
ពលរដ្ឋរូបនេះបន្តថា អ្នកភូមិរស់នៅតំបន់នេសាទត្រីនោះ កំពុងព្រួយបារម្ភខ្លាចត្រីទាំងតូចធំហិនហោចគ្មានសល់ ពីព្រោះថា ពួកគេនេសាទដោយសេរីពុំមានអាជ្ញាធរណាអើពើចុះទៅបង្ក្រាបនៅឡើយទេ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកកំពង់ត្របែក លោក ចាន់ រ៉ាន់ មានប្រសាសន៍បញ្ជាក់ថា លោកពុំទទួលព័ត៌មានជុំវិញការនេសាទត្រីដោយខុសច្បាប់ ដែលប្រជាពលរដ្ឋលើកឡើងនោះនៅឡើយទេ។ ទោះយ៉ាងនេះក្ដី លោកទទួលស្គាល់ថា នៅស្រុកកំពង់ត្របែក ពិតជាមានបទល្មើសនេសាទខ្លះមែន ហើយបញ្ហានេះ លោកថាកន្លងមកតែងតែដឹកនាំកម្លាំងអាជ្ញាធរចុះទៅបង្ក្រាបបទល្មើសនេសាទទាំងតូចធំ គឺធ្វើសកម្មភាពដូចភ្លៀងរលឹមមិនឈប់ឈរឡើយ៖ «បីថ្ងៃមុនហ្នឹង ខ្ញុំឲ្យគេរើនៅខាងត្បូងណោះ បើទាមទារមានកើតមានច្រើនយើងរើម៉ាសាហើយម្សិលម្ង៉ៃមួយហ្នឹង រើចេញអស់ហើយ រួមជាមួយសហគមន៍រើចេញជាមួយអាជ្ញាធរ។ យើងចាប់អារម្មណ៍តែខាងទាមទារ វាមានច្រើន ឥឡូវអត់អីទេនៅម៉ាបន្តិច ចាំមើលខ្ញុំឲ្យសមត្ថកិច្ចទៅមើលៗ»។
ប្រធានអង្គការសម្ព័ន្ធអភិរក្សធនធានជលផល លោក ឱម សាវាត មានប្រសាសន៍បញ្ជាក់ថា ការនេសាទត្រីដោយប្រើស្បៃមុងក្រឡាល្អិត បើទោះជាក្នុងរូបភាពខ្លី ឬវែងយ៉ាងណាក៏ដោយ គឺជាបទល្មើសនេសាទត្រូវហាមឃាត់ ជាពិសេស គឺនៅរដូវការបិទនេសាទត្រីចំនួន ៣ខែ គឺចាប់ពីខែមិថុនា ដល់ខែកញ្ញា ពីព្រោះថាក្នុងរដូវបិទនេសាទនេះជារដូវត្រីពងកូន៖ «រដូវបិទនេសាទហ្នឹង គឺយើងទុកឲ្យកូនត្រីហ្នឹងវាចរាចរ ដើម្បីធំធាត់ ហើយវាចូលទៅក្នុងតំបន់ព្រៃលិចទឹក វាអាចរកស៊ី ហើយវាធំធាត់នៅក្នុងចន្លោះពេលបីខែហ្នឹង គឺត្រីពងកូន។ ប៉ុន្តែដល់ពេលរដូវបើកនេសាទហ្នឹង គឺត្រីចាប់ផ្ដើមធំបណ្ដើរៗតិចៗ ហើយដល់អឺ! នៅក្នុងចន្លោះខែពីរ ខែបី ខែបួន ហ្នឹង គឺត្រីធំធាត់វាអាចយើងប្រមូលផលបាន»។
លោកពន្យល់ថា ការប្រើឧបករណ៍ស្បៃមុងក្រឡាល្អិតនេសាទត្រី បើទោះជាក្នុងរដូវណាក៏ដោយ ការនេសាទបែបនេះ ប្រសិនបើពុំមានការទប់ស្កាត់ទាន់ពេលទេនោះ ចំនួនមច្ឆជាតិវានឹងបាត់បង់នៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាដហុករៀបចំសិក្ខាសាលាស្ដីពីរបៀបការពារធនធានធម្មជាតិនៅកំពង់ចាម
- ពលរដ្ឋស្រុកកោះធំលើកគ្នាបង្ក្រាបបទល្មើសស្បៃមុងដាក់យកត្រីក្នុងបឹងនិងព្រែក
- ពលរដ្ឋនៅព្រៃវែងចោទអាជ្ញាធរថាមិនអើពើជនជាតិវៀតណាមនេសាទខុសច្បាប់
- ពលរដ្ឋនៅកំពង់ធំចោទមន្ត្រីជលផលថាបំពេញបង្ក្រាបបទល្មើសមានការរើសអើង
- ពលរដ្ឋនៅខេត្តកណ្ដាលត្អូញត្អែរពីការនេសាទខុសច្បាប់
- ពលរដ្ឋនៅព្រៃវែងព្រួយបារម្ភពីជនជាតិវៀតណាមចូលរួមដេញថ្លៃនេសាទ
- មន្ត្រីជលផលនៅកំពង់ឆ្នាំងរងការរិះគន់ថាបង្ក្រាបបទល្មើសនេសាទមិនត្រឹមត្រូវ
- ពលរដ្ឋអះអាងថាបទល្មើសនេសាទកើតឡើងខ្លាំងនៅកំពង់ឆ្នាំង
- សកម្មភាពនេសាទត្រីខុសច្បាប់ក្នុងបឹងទន្លេសាបកើនឡើង