សង្គម​ស៊ីវិល​ទទូច​ឲ្យ​កម្ពុជា​និង​អូស្ត្រាលី​បើក​ចំហ​ព័ត៌មាន​ជុំវិញ​រឿង​ជន​ភៀស​ខ្លួន

ដោយ ឡេង ម៉ាលី
2014-08-23
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រដ្ឋមន្ត្រី​អូស្ត្រាលី ៦១០
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) ក្នុង​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Van Vichar

បណ្ដាញ​អង្គការ​សិទ្ធិ​មនុស្ស ដែល​មាន​សមាគម និង​អង្គការ​ជា​សមាជិក​ចំនួន​២១ ឬ​ហៅ​ថា គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស កំពុង​ព្រួយ​បារម្ភ​អំពី​កិច្ច​ព្រមព្រៀង ដែល​កម្ពុជា ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ដែល​ធ្វើ​ការ​ដើម្បី​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន បន្ទាប់​ពី​ឮ​ដំណឹង​ថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​ស្វែងរក​ទីតាំង​ដាក់​ជន​ភៀស​ខ្លួន ដែល​ត្រូវ​រើ​ចេញ​ពី​ប្រទេស​ណាវរូ (Nauru)។

ប្រធាន​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម គឺ​លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ សីហា ថា កង្វល់​ខ្លាំង​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម គឺ​ការ​សុខុមាលភាព និង​គោរព​សិទ្ធិ​របស់​ពួក​គេ ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​បញ្ហា​សិទ្ធិ​ខ្លួន​ឯង​ដែរ៖ «យើង​ចង់​ឱ្យ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​អូស្ត្រាលី គួរ​គិត​ពិចារណា​ឱ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នេះ ពីព្រោះ​ថា ជន​ភៀស​ខ្លួន​គេ​មាន​បញ្ហា​នៅ​ប្រទេស​ដើម​របស់​គេ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​គេ​ប្រឹងប្រែង​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​មួយ ដែល​មាន​សុខ​សន្តិភាព ដែល​គេ​មាន​ជំនឿ​ថា សុខ​សន្តិភាព។ ដូច្នេះ ប្រទេស​ដែល​ទទួល​បាន​ជន​ភៀស​ខ្លួន ដែល​គេ​បាន​ទៅ​ដល់​ហ្នឹង គួរ​តែ​គិតគូរ​ពិចារណា​ក្នុង​ការ​ផ្ដល់​ការ​ស្នាក់​អាស្រ័យ ផ្ដល់​ការ​ការពារ​នៅ​ប្រទេស ជា​ទិសដៅ​ដែល​គេ​ចង់​ទៅ​ហ្នឹង។ គួរ​តែ​អ៊ីចឹង។ មិន​គួរ​បញ្ជូន​បន្ត​មក​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​កំពុង​មាន​បញ្ហា​សិទ្ធិ​មនុស្ស ហើយ​ក៏​ជា​ប្រទេស​ក្រីក្រ​មួយ​ដែរ ក្នុង​តំបន់​នេះ។ យើង​អត់​ចង់​ឱ្យ​បញ្ជូន​មក​ទេ»

ការ​ព្រួយ​បារម្ភ​នេះ គឺ​ស្រប​ពេល​ដែល​មាន​ព័ត៌មាន​ថា រដ្ឋាភិបាល​កំពុង​សម្លឹង​រក​ទីតាំង​មួយ​នៅ​លើ​កោះ ឬ​លើ​ដី​គោក​ក្នុង​ខេត្ត​ព្រះសីហនុ សម្រាប់​ដាក់​ជន​ភៀស​ខ្លួន​ទាំង​នោះ។

សេចក្ដី​ថ្លែងការណ៍​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ស្រង់​សម្ដី​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​ថ្លែង​ថា ការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា នេះ គ្រាន់​តែ​ជា​ការ​បញ្ជូន​ពី​កន្លែង​ឃុំ​ខ្លួន​មួយ​នៅ​កោះ​ណាវរូ មក​ដាក់​នៅ​កោះ​មួយ​ទៀត​នៅ​កម្ពុជា។

លោក សួន ប៊ុនស័ក្ដិ ថ្លែង​ថា ព័ត៌មាន​ទាក់ទង​នឹង​ដំណើរ​ការ​រៀបចំ​កិច្ច​ព្រមព្រៀង​ទទួល​ជន​ភៀស​ខ្លួន​រវាង​កម្ពុជា និង​អូស្ត្រាលី មិន​បាន​បើក​ទូលាយ​ជា​សាធារណៈ​ទេ រហូត​មក​ដល់​ពេល​នេះ៖ «ខាង​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​សាធារណជន​កម្ពុជា មិន​បាន​ដឹង​ឮ​ឱ្យ​បាន​ទូលំទូលាយ​ពី​រឿង​ដំណើរ​ការ​រៀបចំ​កិច្ច​ព្រមព្រៀង​នេះ​ទេ ថា​តើ​កម្ពុជា យើង​រៀបចំ​ទទួល​យ៉ាង​ម៉េច​ខ្លះ ហើយ​រដ្ឋាភិបាល​អូស្ត្រាលី បំពេញ​កាតព្វកិច្ច​អ្វី​ខ្លះ​ក្នុង​ការ​ចរចា​គ្នា ដើម្បី​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា។ យើង​អត់​បាន​ដឹង​តែ​ម្ដង។ សរុប​សេចក្ដី​ទៅ យើង​ចង់​ឱ្យ​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​តែ​ចរចា​ធ្វើ​កិច្ច​ព្រមព្រៀង ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា គួរ​តែ​បើក​ទូលាយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នេះ ដើម្បី​ឱ្យ​ខាង​អង្គការ​សង្គម​ស៊ីវិល​យើង ផ្ដល់​ជា​យោបល់​ផ្សេងៗ ទាក់ទង​ទៅ​នឹង​ស្ថានភាព​នៃ​ជន​ភៀស​ខ្លួន​ថា បើ​សិន​ជា​គេ​មក​កម្ពុជា គួរ​តែ​ត្រូវ​បាន​គិតគូរ​ពី​រឿង​សិទ្ធិ​របស់​គេ​យ៉ាង​ម៉េច​អី​អ៊ីចឹង​ទៅ។ នេះ​ជា​រឿង​ដែល​យើង​ចង់​បាន​ឱ្យ​បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ​អំពី​រឿង​ហ្នឹង»

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម បង្ហាញ​ថា ការ​ព្រមព្រៀង​គ្នា​ដោយ​គ្មាន​ការ​ពិនិត្យ​ពិច័យ​ពី​សាធារណៈ គឺ​ជា​ការ​ផ្ទុយ​នឹង​គោលការណ៍​មូលដ្ឋាន នៃ​រដ្ឋាភិបាល​បើក​ចំហ និង​ការ​គោរព​នីតិវិធី និង​នីតិរដ្ឋ។

សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ សីហា បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សិទ្ធិ​មនុស្ស​ថា រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​កម្ពុជា ខ្លួន​ឯង​ចំនួន​ជាង ៧៧​ម៉ឺន​នាក់​ហើយ​ដែល​រងក្រោះ​ដោយសារ​បញ្ហា​ដីធ្លី។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក៏​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ដែរ ហើយ​លោក​សោកស្ដាយ​ដែល​លោក​មិន​បាន​ទទួល​ការ​ពន្យល់​ពី​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាល​ពី​ខែ​មករា។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ សីហា យើង​មិន​បាន​ទទួល​ការ​បញ្ជាក់​ណា​មួយ​ពី​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles