ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី24 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
កិច្ចពិភាក្សាតុមូលស្ដីពី ការដួលសន្លប់របស់កម្មកររោងចក្រ និងការថែទាំសុខភាព សុវត្ថិភាពនៅតាមរោងចក្រ (រូបដោយ៖ ឡាយ សាមាន)
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យនេះ ជំរុញឲ្យគ្រប់គ្រឹះស្ថានសហគ្រាស និងកម្មករនិយោជិតរួមគ្នាអនុវត្តកិច្ចសន្យាការងារឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាកម្មករដួលសន្លប់ ។
ការជំរុញនេះធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM នៅថ្ងៃអាទិត្យ ទី ២៤ សីហា ស្តីពីការដួលសន្លប់របស់កម្មកររោងចក្រ និងការថែទាំសុខភាព សុវត្ថិភាពនៅតាមរោងចក្រ ដើម្បីឲ្យពួកគេបានលើកពីបញ្ហាទុក្ខកង្វល់ ដែលបាននឹងកំពុងប្រឈមរាល់ថ្ងៃ ។
ប្រធាននាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ុក ចាន់ធូ មានប្រសាសន៍ថា គ្រប់គ្រឹះស្ថានទាំងអស់ និងកម្មករនិយោជិត ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវកិច្ចសន្យាការងារ លក្ខខណ្ឌការងាររួមមាន ថេរវេលាធ្វើការ ការផ្តល់ប្រាក់ឈ្នួល និងថ្ងៃឈប់សម្រាក ដើម្បីកាត់បន្ថយករណីដួលសន្លប់។ លោកបន្តថា ភាគច្រើននៃការកម្មករដួលសន្លប់ ដោយសារធ្វើការថែមម៉ោង និងបញ្ហាសុខភាពជាដើម។ តែទោះជាយ៉ាងណា លោកព្រមានថា ក្រសួងការងារ នឹងដាក់កំហិតទៅគ្រឹះស្ថានណាដែលមិនគោរពច្បាប់ការងារ និងធើ្វការផាកពិន័យជាដើម ដោយប្រើយន្តការចុះធ្វើអធិការកិច្ចការងារ ដោយពុំមានជូនដំណឹងជាមុនឡើយ។
ជាមួយគ្នានេះដែរ អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក កាំង ម៉ូនីកា មានប្រសាសន៍ថា នៅពេលក្រសួងបង្កើតគណៈកម្មការដោះស្រាយករណីកម្មករដួលសន្លប់នេះ ក្នុងឆ្នាំ២០១១ មានកម្មករដួលសន្លប់ប្រហែល ២០០០នាក់ ក្នុងឆ្នាំ ២០១២មានការធ្លាក់ចុះមកត្រឹម ១០០០នាក់ និងឆ្នាំ ២០១៣ ថយមកត្រឹម ៨០០នាក់។ ទោះជាយ៉ាងណាលោកទទួលស្គាល់ថា ក្នុងឆ្នាំ ២០១៤ ករណីដួលសន្លប់ពិតជាមានការកើនឡើងមែន ហើយមូលហេតុនៃការដួលសន្លប់នេះ គណៈកម្មការបច្ចេកទេសបានកំណត់ឃើញមុខសញ្ញាមានច្រើនយ៉ាង រួមមាន បញ្ហាជាតិគីមី ចិត្តសាស្ត្រ វិទ្យាសាស្ត្រនៃការរៀបចំកន្លែងការងារ ការបរិភោគ ជាពិសេសការធ្វើការថែមម៉ោង។
ពាក់ព័ន្ធនឹងករណីនេះដែរ កញ្ញា គិត ម៉េង ដែលជាកម្មកររោងចក្រ យល់ថា វិធានការរបស់ក្រសួងកន្លងមក ហាក់បីដូចជាមិនមានប្រសិទ្ធភាពនៅឡើយ ដោយកញ្ញាសង្កេតឃើញថា កម្មករនិយោជិតដួលសន្ល់បក្នុងឆ្នាំ ២០១៤ មានការកើនឡើងខ្លាំង។ កញ្ញាបន្តថា ក្រសួងការងារគួរមានវិធានបន្តទៀតឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាកម្មករដួលសន្លប់។
ចំណែកមន្ត្រីគ្រប់គ្រងផ្នែកឃ្លាំមើលលក្ខខណ្ឌការងារនៃគម្រោងរោងចក្រកាន់តែប្រសើររបស់ អង្គការ ILOលោកស្រី យឹម ពេជ្រម៉ាលីកា រកឃើញថា មានកត្តាចម្បងបីដែលបណ្តាលឲ្យកម្មករដួលសន្លប់ទាក់ទង នឹងកត្តាទី ១ ការធ្វើការថែមម៉ោង ទី២ ធ្វើការថែមម៉ោងលើសតាមការកំណត់របស់ក្រសួងការងារ និងទី៣ ទាក់ទងនឹងកម្តៅក្នុងបរិយាកាសរោងចក្រ។
ផ្អែកតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៤ ចំនួនកម្មករដួលសន្លប់បានកើនដល់ ៩០០នាក់ ដែលចំនួននេះកើន២ដងខ្ពស់ជាងឆ្នាំ២០១៣។
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com