​សហជីព បញ្ជាក់ថា បញ្ហា​ប្រាក់​ឈ្នួល​ទាប​ជា​កត្តា​បណ្តាលឲ្យ​កម្មករ​ដួលសន្លប់​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី24 សីហា 2014
http://vodhotnews.com

​ក្រុម​សហជីព លើកឡើងថា ករណី​កម្មករ​ដួលសន្លប់ គឺ​ដោយសារ​កត្តា​ប្រាក់​បៀរ​វត្ស៍​នៅមានកម្រិត​ទាប និង​រោងចក្រ​ភាគច្រើន​មិន​បាន​រៀបចំ​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​។​

​ការលើកឡើង​នេះ​ជា​ការឆ្លើយតប​ទៅនឹង មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អគ្គលេខា​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​លើកឡើង​នៅក្នុង​កម្មវិធី​តុមូល​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផព្វផ្សាយឯ​ក​រាជ្យ នៅ​ថ្ងៃ​នេះ​ថា  កម្មករ​ដួលសន្លប់​បណ្តាលមកពី​ការធ្វើការ​ថែម​ម៉ោង ការបរិភោគ និង​កម្តៅ​ក្នុង​រោងចក្រ​។​

​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា មូលហេតុ​ចម្បង​បណ្តាលឲ្យ​កម្មករ​ដួលសន្លប់ គឺ​កត្តា​ប្រាក់​ឈ្នួល​ទាប និង​កម្តៅ​ក្នុង​រោងចក្រ​។ លោក​បន្តថា កត្តា​ប្រាក់​ឈ្នួល​ទាប​នេះហើយ ដែល​បង្ខំចិត្ត​ឲ្យ​កម្មករ​និយោជិត ធ្វើការ​ថែម​ម៉ោង និង​មិន​មាន​លទ្ធភាព​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​។ លោក​បន្ថែមថា បញ្ហា​បរិស្ថាន​ក្នុង​រោងចក្រ មិន​មាន​លក្ខណៈ​ស្តង់ដារ ដូចជា ក្លិន បរិយាកាស និង​កម្តៅ គឺជា​ធាតុ​ផ្សំ​ឲ្យ​កម្មករ​ដួលសន្លប់​។

​ទោះជា​យ៉ាង​លោក ប៉ាវ ស៊ីណា បញ្ជាក់ថា លោក​ប្រកាន់​ជំហរ​ទាមទារ​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​អប្បបរមា ១៧៧ ដុល្លារ ដើម្បីឲ្យ​ជីវភាព​កម្មករ​មាន​ភាពប្រសើរឡើង ហើយ​លោក​ព្រមាន​ថា បាតុកម្ម​នឹង​ផ្ទុះឡើង​នៅ​ចុងឆ្នាំ​នេះ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​សមរម្យ​។​

​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា  លោក អាត់ ធន់ យល់ថា ប្រាក់បៀវត្ស​ទាប ជា​កត្តា​នាំ​ឲ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង បរិភោគ​មិន​គ្រប់គ្រាន់ និង ស្នាក់​នៅ​កន្លែង​មិន​មាន​ផា​សុភាព​។ លោកបន្តថា ជាពិសេស​ថៅកែ​រោងចក្រ​ភាគច្រើន​នៅ​កម្ពុជា មិន​បាន​គោរព​តាម​ច្បាប់​ការងារ និង​ស្តង់ដារ​សុវត្ថិភាព ដោយសារ​ថៅកែ​ទាំងនោះ​មាន​អ្នកមាន​អំណាច​ចាំ​ជួយ​។ លោកបន្ថែមថា ទោះបី​ក្រសួង​ការងារ​បង្កើត​គណៈកម្មកា​រ​ទប់ស្កាត់​ករណី​សន្លប់​ក៏ដោយ ក៏​គ្មាន​ន័យ​ដែរ ព្រោះ​គណៈកម្មការ​ចុះ​ពិនិត្យ​តែ​ក្រោយពេល​ដែល​កម្មករ​សន្លប់​តែ​ប៉ុណ្ណោះ​។ លោកក៏​ជំរុញ​ឲ្យ​ក្រសួង​ការងារ ចាត់វិធានការ​ក្តៅ​ទៅ​លើ​រោងចក្រ​ណា ដែល​មិន​គោរព​តាម​ច្បាប់​ការងារ​ដើម្បី​ជាការ​ព្រមាន​ដល់​រោងចក្រ​ដទៃ​។​    ​

​ផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យដឹងថា  ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៤ ចំនួន​កម្មករ​ដួលសន្លប់​បាន​កើន​ដល់ ៩០០​នាក់ ដែល​ចំនួន​នេះ​កើន​២​ដង​ខ្ពស់ជាង​ឆ្នាំ​២០១៣​។

សូមសរសេរមកកាន់លោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles