
Sat, 8 November 2014
ឆាយ ច័ន្ទនីដា and ប៊ុត រស្មីគង្គា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប រយៈពេលបីថ្ងៃ បានបញ្ចប់កាលពីម្សិលមិញ ដោយមិនមានបញ្ហាចោទអ្វីជាដុំកំភួន កើតឡើងដូច៤ឆ្នាំមុន ដែលជាព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់យ៉ាងរន្ធត់បណ្ដាលឲ្យមានមនុស្សស្លាប់ ៣៥៣ នាក់។
ឆ្នាំនេះលទ្ធផលទូកគូពិសេសដែលមានល្បឿនលឿនជាងគេមានចំនួនបីទូក បានទៅលើទូកមកពីខេត្តកំពង់ចាម និងខេត្តតាកែវ។
គណៈកម្មការបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ បានប្រកាសឲ្យដឹងថា ជាលទ្ធផលទូកប្រណាំងប្រកាសកាលពីម្សិលមិញ ជ័យលាភីបានទៅលើទូកគូពិសេស បីទូកគឺ ទី១ បានទៅលើទូកឈ្មោះស្រីស្រស់កៀនជ្រៃបារមីតេជោ មកពីខេត្តកំពង់ចាមមានល្បឿនថិរវេលា ២៧នាទី១០វិនាទី និង លេខ២ បានលើទូកឈ្មោះច័ន្ទសោមសែនមង្គលមកពីខេត្តតាកែវ មានថិរវេលា ២៧នាទី ១៤វិនាទី រីឯលេខ៣ បានលើទូក គិរីវង់សុខសែនជ័យ មកពីខេត្តតាកែវ មានថិរវេលា ២៧នាទី និង ២៤វិនាទី។
ចំពោះទូកសោភណភាពនៅឆ្នាំ២០១៤នេះ ដែលមានសោភណភាពល្អជាងគេមាន៤ទូក គឺទូកអុំនារីឈ្មោះសារាវ័នតេជោសែនជ័យបារមីដូនពេញ ជាទូករាជធានីភ្នំពេញ ទី២ទូកអុំបុរសឈ្មោះនរិន្ទរង្ស៊ីស្រីសពិចិត្រ មកពីខេត្តបាត់ដំបង ទី៣ទូកចែវនារីឈ្មោះព្រះពៃស្រពណ៌ មកពីខេត្តកំពង់ឆ្នាំង និងទី៤ ទូកចែវបុរសឈ្មោះព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយមកពីខេត្តកំពង់ឆ្នាំង។
សម្រាប់ ថ្ងៃបង្ហើយនេះ ការប្រណាំង មានទូកចំនួន ១២៥គូ។ ការប្រណាំងទូកអុំនារីខ្នាតអន្តរជាតិ១ គូ ទូកអុំបុរសខ្នាតអន្តរជាតិមាន ២៥គូ ទូកពិសេសមាន ៤០គូ ទូកអុំនារី ១គូ ទូកអុំបុរស ៤២ គូ ទូកចែវនារី១គូ ទូកចែវបុរស១៥គូ។ ថ្ងៃទីបីនេះ ទូកប្រណាំងពីរជើងដោយប្ដូរខ្សែទឹកគ្នាមួយជើងម្នាក់។
បន្ទាប់ពីបញ្ចប់កម្មវិធីប្រណាំងទូកនេះ ក៏មានពិធីចាប់កូនខ្លែង និងកាត់ព្រ័ត្រ ដែលជាកម្មវិធីបិទការប្រណាំងទូក ដោយតម្រូវឲ្យទូកទាំងអស់ត្រូវតែចូលរួមក្នុងពិធីចាប់កូនខ្លែង និងកាត់ព្រ័ត្រនេះ។
នៅក្នុងព្រះរាជពិធីប្រណាំងទូកនៅឆ្នាំ២០១៤នេះ ទូកងដែលមានឈ្មោះ “សែនជ័យ” មានចំនួនសរុប ១៤៤ ទូក ក្នុងចំណោមទូកដែលចូលរួមប្រណាំងចំនួន២៤៥ទូក។ ក្រៅពីនេះនៅមានទូក ១១ គ្រឿងផ្សេងទៀត មានឈ្មោះសែនតេជៈ សែនតេជោ បារមីចៅសែន និងសម័យតេជោ ជាដើម។
ចំណែកឯអ្នកដែលបានចូលមកទស្សនាកម្សាន្ត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅថ្ងៃទី៣ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រមាណជា ៧០ ទៅ ៨០ ម៉ឺននាក់។ នេះបើយោងទៅតាមការអះអាងរបស់លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោកបានថ្លែងថា៖«នៅក្នុងថ្ងៃទី២មិ្សលមិញនេះ មានអ្នកចូលរួមទស្សនាពី ៤០ ម៉ឺននាក់ទៅ៥០ម៉ឺននាក់ ទាំងថ្ងៃទាំងយប់។ តែថ្ងៃនេះមានអ្នកមកទស្សនាច្រើនទាំងនៅជ្រោយចង្វារ មុខវាំងនិងកោះពេជ្រយើងអាចនិយាយបានថា មានប្រហែល ៨០ ម៉ឺននាក់ ហើយចំនួននេះនឹងកើនទៀតនៅពេលយប់ យើងត្រូវការពារសុវត្ថិភាពជូនគាត់ឲ្យបានខ្ពស់បំផុត»។
ចំពោះបញ្ហាសុខភាព ក្នុងពេលបីថ្ងៃកន្លងមកនេះ មានមនុស្សជាង ៥ ពាន់នាក់ ក៏បានចូលពិនិត្យសុខភាព និងទទួលយកសេវាសង្គ្រោះបឋមពីតាមតង់សុខភាពចំនួន ១០ កន្លែង នៅជុំវិញកន្លែងប្រារព្ធពីធីបុណ្យអុំទូក ទាំងត្រើយខាងកើត និងលិចនៃទន្លេចតុមុខ ដែលមានបុគ្គលិកសុខាភិបាល វេជ្ជបណ្ឌិតចំនួន ៥៩៧ នាក់រង់ចាំព្យាបាល និងមានក្រុមចល័តដើរតាមកន្លែងដែលមានមនុស្សកកកុញ។ នេះបើតាមលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «បញ្ហាសុខភាព មិនអីទេ គ្រាន់តែពួកគាត់មានបញ្ហាវិលមុខ រាករូស ខ្យល់ចាប់តិចតួច ហើយពួកគាត់ទទួលការព្យាបាលនៅនឹងកន្លែងតែម្តង។ មានតែពីរករណីប៉ុណ្ណោះ គឺម្នាក់លង់ទឹក ពេលអុំទូក និងកងកម្លាំងម្នាក់បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតតែពួកគាត់ធូរស្បើយអស់ហើយ»។
លោកសុគន្ធបន្តថា ចំនួនជាង ៥០០០ នាក់នេះ នៅតិចជាងឆ្នាំ២០១០ នៅពេលដែលមានមនុស្សជាង ៣៥៣ នាក់ បានស្លាប់ និងរាប់រយនាក់បានរួចខ្លួនមានជីវិតពីការរត់ជាន់គ្នានៅលើស្ពានកោះពេជ្រ។
នៅក្នុងព្រះរាជពិធីអបអរសាទរនៃការវិលត្រឡប់មកវិញនូវពិធីបុណ្យអុំទូកនោះក៏មានក្រុមឱកាសនិយម ចំនួន១២នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ជាប់ពាក់ព័ន្ធនឹងករណីបន្លំខ្លួនធ្វើជាសមត្ថកិច្ចនគរបាល និង កងរាជអាវុធហត្ថ ដើរទារភាស៊ី ពីអ្នកលក់ដូរ ឆក់ខ្សែក និងទូរស័ព្ទដៃគេនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃ គឺពីថ្ងៃ ទី ៥ ដល់ ថ្ងៃ ទី ៦ ខែ វិច្ឆិកា ២០១៤។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងសន្និសីទកាសែតថា ជនសង្ស័យទាំង១២នាក់នេះ រួមមានមនុស្ស៧នាក់ ត្រូវបានចាប់ខ្លួន ជាប់ទាក់ទងនឹងករណីក្លែងខ្លួនធ្វើជាសមត្ថកិច្ច ដោយដើរទារភាស៊ីពីអ្នកលក់ដូរ ចំណែកឯមនុស្ស៥នាក់ទៀត ត្រូវបានចាប់ខ្លួន រឿងឆក់ខ្សែក និងទូរស័ព្ទដៃគេ។
លោក ចំរើន ថ្លែងថា៖«ជនសង្ស័យទាំងនេះ គឺជាក្រុមឱកាសនិយម។ ពួកគេបានក្លែងបន្លំជាសមត្ថកិច្ចនគរបាល ជាកងរាជអាវុធហត្ថ និងជាមន្រ្តីសណ្តាប់ធ្នាប់ ព្រមទាំងមានស្លៀកពាក់ឯកសណ្ឋាន មានកាន់ អាយឌី និងកាតសម្គាល់ខ្លួនរៀងៗខ្លួន»។
លោក ចំរើន ថ្លែងថា៖ «សកម្មភាពរបស់ពួកគេនេះ បានធ្វើឲ្យមានការភាន់ច្រឡំពីបងប្អូន សាធារណជន និងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និង កិត្យានុភាពរបស់អាជ្ញាធរ និងសមត្ថកិច្ច»។
លោកថា ចំណែកឯជនសង្ស័យ ៥ នាក់ទៀត ដែលត្រូវបានចាប់ខ្លួនជាប់ទាក់ទងនឹងករណីឆក់ខ្សែក និងទូរស័ព្ទ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
រីឯករណីបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅថ្ងៃទី១និង២នៃព្រះរាជពិធីបុណ្យអុំទូករបាយការណ៍អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា បណ្តាលឲ្យស្លាប់ ២៥ នាក់ និងរបួសមួយចំនួន៕