Sat, 29 November 2014
ឈឹម ស្រីនាង and ហុង រស្មី
ភ្នំពេញប៉ុស្តិ៍
នារដូវរំហើយអាកាសធាតុត្រជាក់ ខណៈដែលឆ្នេរសមុទ្រ ខេត្តព្រះសីហនុ មានសភាពអ៊ូអរទៅដោយភ្ញៀវទេសចរ កោះរុង ដែលនៅមិនឆ្ងាយពីទីនោះហាក់រក្សាបរិយាកាសស្ងប់ស្ងាត់ទន្ទឹងចាំផ្លូវដំណើរទាំងឡាយសំចតចុះលម្ហែកាយស្រាយចម្ងល់អាថ៌កំបាំងធម្មជាតិនានា។
បាតុភូតភ្លើងរាំលើទឹកបង្កើតដោយពពួកប្លង់តុង និងផូស្វ័រ ទេសភាពសុរិយារៀបអស្ដង្គត ឆ្នេរខ្សាច់សក្បុស ជលសាថ្លាដូចត្បូងមរកត ទឹកជ្រោះធ្លាក់លាក់ខ្លួនលើកោះ ជីវិតមច្ឆា និងរុក្ខជាតិនានាក្រោមបាតសមុទ្រ គឺជាធនធានធម្មជាតិដែលនឹងផ្ដល់ភាពភ្ញាក់ផ្អើលដល់បណ្ដាភ្ញៀវទេសចរមកដល់ កោះរុង។
សម្រស់ធម្មជាតិដ៏ប្លែកភ្នែកទាំងនេះទាមទារពេលវេលាស្នាក់នៅលើកោះយ៉ាងហោចណាស់ ២ ទៅ ៣ ថ្ងៃទើបអាចគយគន់បានសព្វគ្រប់។
ដោយសារតែទម្លាប់ធ្វើដំណើរឆ្លងទឹក និងការផ្ញើខ្លួនលើកោះបែបផ្សងព្រេងភាគច្រើនជាការនិយមរបស់ភ្ញៀវបរទេសនោះ ទើបគេសង្កេតឃើញថា កោះរុង ហាក់កម្រមានខ្មែរទៅលេង។
វត្តមានជនជាតិផ្សេងៗជាអ្នកបម្រើការរត់តុនៅតាមហាង និងជាភ្ញៀវទេសចរផងនោះធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នាលើកោះភាគច្រើនគឺជាភាសាបរទេស ដែលធ្វើឲ្យភ្ញៀវទេសចរខ្មែរបានទៅដល់ទីនោះមានអារម្មណ៍ប្លែកដូចកំពុងស្ថិតនៅទឹកដីក្រៅមាតុភូមិអ៊ីចឹង។
លោក ប៊ុន ណារ៉ា អ្នកគ្រប់គ្រងទូទៅនៅ អាយលែនឌ៍ ផាលេស បឹងហ្គាឡូ និងផ្ទះសំណាក់ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរមកលេង កោះរុង មាន ៩០ ភាគរយហើយជាជនបរទេស។ ដោយសារតែភ្ញៀវបរទេសមកលេងច្រើន ដូច្នេះហាងអាហារ បឹងហ្គាឡូ ផ្ទះសំណាក់នានាក៏សម្បូរជនបរទេសបម្រើការឲ្យម្ចាស់ជាជនជាតិខ្មែរដែរ ដោយក្នុងនោះមានបុគ្គលិកម្ចាស់ស្រុកតិចតួចប៉ុណ្ណោះ។
ចំពោះសេវាផ្គត់ផ្គង់ទេសចរណ៍ លោកបានរៀបរាប់ថា៖ «នៅលើកោះនេះគឺមានកន្លែងស្នាក់នៅនិងម្ហូបអាហារបម្រើភ្ញៀវបានដោយមុខម្ហូបគឺយើងធ្វើភាគច្រើនជាម្ហូបបែបអឺរ៉ុប ប៉ុន្តែសម្រាប់ភ្ញៀវខ្មែរគាត់ក៏អាចកុម្ម៉ង់ជាម្ហូបខ្មែរបានខ្លះដែរ»។
អាហារពេលល្ងាចដ៏ពេញនិយមនៅលើកោះគឺជាប្រភេទសាច់អាំងប៊ីប៊ីឃ្យូ ជាមួយញាំបន្លែសាលាដ ដែលមានតម្លៃប្រមាណចន្លោះពី ៤ ទៅ ១០ ដុល្លារ។ ការស្នាក់នៅលើកោះសម្រាប់រដូវភ្ញៀវច្រើនគឺតម្លៃបន្ទប់ចាប់ពី ១៥ ទៅ ៥៥ ដុល្លារ ខណៈកន្លែងលំដាប់ខ្ពស់អាចមានតម្លៃរហូតដល់ ១០០ ដុល្លារក៏មានដែរ។
នៅលើបរិវេណកោះរុង មានមីនីម៉ាតលក់គ្រឿងទេស និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដូចជា សាប៊ូ ធូបមូសស ឡេលាបការពារកម្ដៅថ្ងៃ និងគ្រឿងកំប៉ុង ហើយនៅតាមហាងអាហារនីមួយៗក៏មាន WiFi សម្រាប់ប្រើអ៊ីនធឺណិតផងដែរ។
ប្រជាប្រិយភាពសន្សឹមៗពីភ្ញៀវទេសចរក្នុងស្រុក
បើទោះជាសម្រស់ធម្មជាតិកោះរុង មិនសូវបានទទួលការនែបនិត្យពីទេសចរខ្មែរច្រើនក៏ពិតមែន ក៏អ្នកគ្រប់គ្រងទូទៅ អាយលែនឌ៍ ផាលេស បឹងហ្គាឡូ និងផ្ទះសំណាក់ រូបនេះ បានកត់សម្គាល់ពីកំណើនភ្ញៀវរួមជាតិសាសន៍ថា៖ «ឆ្នាំនេះឃើញមានភ្ញៀវខ្មែរមកលេងច្រើនជាងឆ្នាំមុនៗ ជាពិសេសយុវវ័យគឺពួកគាត់មកជាក្រុមតែម្តង»។
ស្ថិតនៅចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ កោះរុង អាចធ្វើដំណើរទៅដល់តាមនាវាដោយប្រើថិរវេលាលើផ្ទៃសាគរប្រមាណ ១ ម៉ោងកន្លះទៅ ២ ម៉ោង។ ទោះបីយ៉ាងណា មុននឹងចេញដំណើរភ្ញៀវទេសចរគប្បីកក់សំបុត្រទូកជាមុន ដើម្បីធានាថា ដំណើរកម្សាន្តមានភាពរលូនល្អ។ សម្រាប់សំបុត្រជិះទូកទៅ កោះរុង មានពីរប្រភេទគឺទូកលឿនម្នាក់ ១៥ ដុល្លារ និងទូកឈើតម្លៃ ១០ ដុល្លារ។
លោក សេង ហួរលាង ប្រធានក្រុមហ៊ុនទេសចរណ៍កោះរុង ដាយសិនធើរ បានបានឲ្យដឹងថា នៅកោះរុង នេះមិនសូវជាមានប្រជាជនខ្មែរមកលេងប៉ុន្មានទេភាគច្រើនគឺជាជនជាតិបរទេស។ ប៉ុន្តែឥឡូវនេះឃើញមានភ្ញៀវខ្មែរទៅលេងខ្លះដែរនៅថ្ងៃសៅរ៍អាទិត្យ និងរដូវបុណ្យទាន។
ចំពោះជនជាតិខ្មែរ លោកសម្គាល់ឃើញទៀតថា៖ «ភាគច្រើនពួកគាត់មកលេងជាលក្ខណៈគ្រួសារ និងបែបមិត្តភក្ដិជាក្រុមតែកន្លះថ្ងៃប៉ុណ្ណោះមិនចំណាយពេលគេងឡើយ»។
កោះរុង គឺមានខាងសមត្ថកិច្ចគាត់នៅមើលសណ្តាប់ធ្នាប់និងសន្តិសុខផងដែរ។ នៅទីនេះភាគច្រើនគេមកហែលទឹកលេងមើលផ្កាថ្ម ជិះទូកទៅលេងកោះតូចដែលនៅជិតនោះ និងដើរលេងតាមឆ្នេរខ្សាច់ជាដើម។
សកម្មភាពកម្សាន្តនៅកោះរុង
ចំណាយពេលនៅកោះរុង ពេលថ្ងៃគឺមានកន្លែងជាច្រើនដែរត្រូវទៅលេងដូចជាជិះទូកទៅកោះតូចដើម្បីមុជទឹកមើលផ្កាថ្មប្រមាណជាកន្លះម៉ោង បន្ទាប់មកក៏បន្តទៅស្ទូចត្រីលេងនៅជិតកោះវែង (Long Island) ដោយម្ចាស់ទូកនឹងរៀបចំសន្ទូចព្រមទាំងនុយឲ្យយើងជាស្រេច។ នៅទីនោះយើងអាចស្ទូចត្រីបានជាច្រើនហើយក៏អាចមុជទឹកលេងក៏បានដែរ។ បន្ទាប់មកក៏បន្តទៅកោះវែង តែម្តងដែលមានឆ្នេរខ្សាច់វែងពណ៌សក្បុស។
យើងអាចហែលទឹកលេងឬក៏ថតរូបនៅទីនោះរហូតដល់ថ្ងៃលិច ដោយភ្ញៀវភាគច្រើនចាំមើលថ្ងៃលិចនៅកោះវែង រហូតដល់យប់ទើបធ្វើដំណើរទៅមើលភ្លើងរាំលើទឹកប្រមាណជា ១៥ ទើបត្រឡប់មកកោះរុង វិញ។ សម្រាប់ការជិះទូកលេងពេញមួយថ្ងៃនេះភ្ញៀវម្នាក់ចំណាយត្រឹមតែ ៦ ដុល្លារប៉ុណ្ណោះ។
ពេលរាត្រីនៅលើកោះរុង គឺមិនស្ងាត់ទេ តាមឆ្នេរមានភោជនីយដ្ឋាន និងបារ៍ជាច្រើនកំដរតន្ត្រី ព្រមទាំងបារ៍លើដំបូល ឬស្កាយបារ៍ ដែលអាចមើលឃើញទេសភាពពេលយប់យ៉ាងលន្លង់លន្លោចប្រកបដោយសុវត្ថិភាព។
លោក សាង កុសល ស្នងការនគរបាល ខេត្តព្រះសីហនុ បានអះអាងថា៖ «នៅលើកោះគឺមានសមត្ថកិច្ចនៅមើលការខុសត្រូវជូនភ្ញៀវទាំងអស់»។
តំបន់ទេសចរណ៍ផ្សងព្រេងថតដោយផលិតកម្មល្បីនៅបារាំង
ក្រោយពីសម្រាកមួយរាត្រី មុនត្រឡប់មកឆ្នេរព្រះសីហនុវិញ ភ្ញៀវក៏អាចសាកល្បងទៅជិះខ្សែកាបកាត់ព្រៃព្រឹក្សាក្នុងតម្លៃ ១៥ ដុល្លារដោយមានអ្នកជំនាញចាំជួយពន្យល់ពីទិចនិកនៃកីឡាកម្សាន្តនេះផងដែរ។
តាមការពិតទៅកោះរុង គឺជាទិសដៅទេសចរណ៍ស័ក្ដិសមនឹងអ្នកដែលនិយមដំណើរកម្សាន្តដ៏រំភើបបែបផ្សងព្រេង។ ដូច្នេះហើយទើបកម្មវិធីឈ្មោះថា «ដំណើរទស្សនកិច្ចផ្សងព្រេងកោះឡង់តា» របស់ផលិតកម្មភាពយន្តបារាំងដ៏ល្បីឈ្មោះ Adventure Line Production បានជ្រើសរើសទីនេះជាទីតាំងថតកាលពី ២០១២។
កម្មវិធីដ៏ល្បីរបស់បារាំងថតជា ៩ ភាគក្នុងមួយភាគៗមានរយៈពេល ១២០នាទី ត្រូវបានចាក់ផ្សាយនៅបណ្ដាញ ប៉ុស្ដិ៍ទូរទស្សន៍បារាំង TF1 និងប្រព័ន្ធអ៊ីនធឺណិតដោយមានមនុស្សរាប់លានទូទាំងពិភពលោកបានទស្សនា។
ក្ដីបារម្ភពីការបំពុលបរិស្ថាននាំឲ្យការអភិវឌ្ឍគ្មាននិរន្តរភាព
ស្របពេលដែលសក្ដានុពលទេសចរណ៍កំពុងតែអំណោយផលកោះរុង កំពុងត្រូវបានគេរកឃើញនូវបញ្ហាប្រឈម ដែលអាចរុញច្រានសោភណភាព និងការបំពុលបរិស្ថានកាន់តែធ្ងន់ធ្ងរទៅៗក្នុងពេលអនាគតដ៏ខ្លី។
ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងនៅសាលា ខេត្តព្រះសីហនុ កាលពី ខែតុលា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងដោយផ្អែកលើអនុក្រឹត្យថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ធ្វើការវិនិយោគរយៈពេល ៩៩ឆ្នាំ នៅកោះរុង មានការអភិវឌ្ឍក្នុងល្បឿនយឺត ខណៈមកទល់សព្វថ្ងៃការធ្វើផ្លូវបានប្រមាណ ៣០ គីឡូម៉ែត្រតែប៉ុណ្ណោះ។
ជាមួយនឹងការព្រួយបារម្ភចំពោះកំណើនប្រជាជនលោកបានលើកឡើងថា កាលពី ឆ្នាំ២០០៨ ប្រជាជននៅលើកោះរុង មានចំនួនជិត ៤០០ គ្រួសារតែឆ្នាំ២០១៤ នេះប្រជាជនបានកើនជាង ៥០០ គ្រួសារ។
ទាក់ទិននឹងកត្តាប្រឈមអវិជ្ជមានលោកអភិបាល ខេត្ដព្រះសីហនុ ឈិត សុខុន បានលើកឡើងថា ការគ្រប់គ្រងកាកសំណល់រឹង និងរាវក៏ស្ថិតក្នុងចំណុចរសើបធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរណាស់ដែរនៅពេលដែលចំនួនផ្ទះសំណាក់ និងបឹងហ្គាឡូ ចេះតែកើនឡើងឥតឈប់ឈរ ហើយពួកគេបាននិង កំពុងបង្ហូរកាលសំណល់ទាំងនោះចូលសមុទ្រជាចំហ។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញឲ្យឃើញថា ភ្ញៀវទេសចរភាគច្រើនជាអឺរ៉ុបនាំគ្នាបាក់មកលេងកម្សាន្ដ និងធ្វើជាទីតាំងសិក្សាសម្រាប់និក្ខេបបទរបស់និស្សិតបានមកទីនេះប្រមាណ ៦០០០ នាក់ជារៀងរាល់ថ្ងៃ។ ផែកាណូតកើន ១១ កន្លែង បឹងហ្គាឡូ ២៧ កន្លែងផ្ទះសំណាក់ ៣៥ កន្លែងនិងមានសណ្ឋាគារមួយទៀតផង។
ដោយលើកឧទាហរណ៍ធៀបនឹងឆ្នេរប្រទេសថៃ លោករដ្ឋមន្ត្រីក៏បានអំពាវនាវថា៖ «ប្រជាជននៅកោះរុង ទាំងអស់ដែលមានរបរអាជីវកម្ម និងសេវាកម្មឲ្យយកចិត្តទុកដាក់ជាបន្ទាន់នូវការគ្រប់គ្រងកាកសំណល់ទាំងនេះ ព្រមទាំងប្រយ័ត្នកុំឲ្យឆ្នេរកោះរុងក្លាយទៅជាឆ្នេរប៉ាតាយ៉ាដែលបានបំពុលលែងឲ្យភ្ញៀវទេសចរចូលទៅលេង នៅពេលដែល ក្រុងប៉ាតាយ៉ា អភិវឌ្ឍសង់សណ្ឋាគារបានមួយម៉ឺនបន្ទប់សម្រាប់ទទួលភ្ញៀវ»៕