រ៉ឺម៉ក​កាហ្វេ​ដើរ​ដោយ​ថាមពល​សូឡា​ដំបូង​ជួយ​ស្ដ្រី​ខ្មែរ​ចេញ​ពី​គំនរ​សំរាម

ស្ត្រី​ខ្មែរ​លក់​កាហ្វេ​យីហោ Aziza's Coffee នៅលើ​រ៉ឺម៉ក​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​។

ស្ត្រី​ខ្មែរ​លក់​កាហ្វេ​យីហោ Aziza's Coffee នៅលើ​រ៉ឺម៉ក​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​។ រូបថត Eli Meixler


ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: រ៉ឺម៉ក​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ដំបូង​គេ​នៅ​កម្ពុជា​បាន​ចាប់ផ្ដើម​ចរាចរណ៍​តាម​ដងវិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

អង្គការ Aziza’s Place កាលពី​ខែ​មុន​បាន​ចាប់ផ្ដើម​ប្រើ​រ៉ឺម៉ក​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​អូស្ដ្រាលី Star 8 ជា​រទេះ​លក់​កាហ្វេ​ចល័ត ដោយ​ជួល​បុគ្គលិក​នារី​ដែល​ធ្លាប់​ធ្វើការ​នៅលើ​គំនរ​សំរាម​ដ៏គ្រោះថ្នាក់​។

រ៉ឺម៉ក​កាហ្វេ Aziza’s Coffee ពណ៌​ខៀវ​ផ្ទៃមេឃ​បាន​ធ្វើ​ដំណើរ​នៅ​ម្ដុំ​ទួលទំពូង​លើ​វិថី​១៥៥ ចន្លោះ​ផ្លូវ​៤៥៤ និង​៤៥៦ ដែល​មាន​លក់​កាហ្វេ​ទឹកកក តែ​ទឹកកក នំប៉័ង​រសជាតិ​ចេក ញាំមី​ខ្ចប់​ស្លឹកចេក ទឹកខ្ញី និង​ទឹកក្រូចឆ្មារ។

រ៉ឺម៉ក​ចល័ត​មាន​លក់​កាហ្វេ និង​ភេសជ្ជៈ​នានា​។

រ៉ឺម៉ក​ចល័ត​មាន​លក់​កាហ្វេ និង​ភេសជ្ជៈ​នានា​។ រូបថត Eli Meixler

អ្នក​នាំពាក្យ​ឲ្យ​អង្គការ Aziza’s Place អ្នកនាង Aimee Cheung បាន​និយាយ​ថា​៖ «​ជម្រើស​របស់​យើង​គឺ​ការ​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន និង​ឆក់​យក​ឱកាស​បង្កើត​ភាព​ប្រឌិត ព្រមទាំង​ជួយ​ដល់​បរិស្ថាន​។ បើ​មិន​ដូច្នោះ​ទេ ពេល​យើង​ចំណាយ​តិច​ពី​ដំបូង និង​ត្រូវ​ចាយវាយ​លើ​ថ្លៃ​សាំង​ច្រើន វា​មិន​ខុស​ពី​រ៉ឺម៉ក​ទូទៅ​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ទៅក្នុង​ទីក្រុង​កង្វក់​ស្រាប់​នោះ​ទេ​»។

បន្ទះ​សូឡា​របស់​រ៉ឺម៉ក​ស្ថិត​នៅ​លើក​ដំបូល និង​ប្រើ​អាគុយ​៥​។ បើ​បាន​សាក​ភ្លើង​ពី​៦​ទៅ​៨​ម៉ោង រ៉ឺម៉ក​អាច​រត់​មាន​ចម្ងាយ​ផ្លូវ​ពី​៨០​ទៅ​១០០​គីឡូម៉ែត្រ​អាស្រ័យ​លើ​ទម្ងន់​ផ្ទុក​។

រ៉ឹម៉ក​មួយ​គ្រឿង​ត្រូវ​ប្រើ​បុគ្គលិក​នារី​៣​នាក់​ដែល​២​នាក់​ជា​អ្នក​បម្រើ​ភ្ញៀវ ហើយ​ម្នាក់​ទៀត​ជា​អ្នក​ឆុង​កាហ្វេ និង​ធ្វើ​ម្ហូប​។ ជា​មធ្យម បុគ្គលិក​នីមួយៗ​គួរ​តែ​រក​ចំណូល​ប្រមាណ​ជា​២០០​ដុល្លារ​ក្នុង​មួយ​ខែ​។

បុគ្គលិក​ម្នាក់​គឺជា​ស្ដ្រី​មេម៉ាយ​កូន​៥​នាក់ វីន សឿន វ័យ​៤០​ឆ្នាំ ដែល​ដើរ​រើស​អេតចាយ និង​តែងតែ​គ្មាន​ប្រាក់​ចិញ្ចឹម​កូន បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា​៖ «​ឥឡូវ ខ្ញុំ​មាន​ការងារ​ធ្វើ​សមរម្យ​ហើយ។ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​មែនទែន​»។

មិនមែន​មាន​តែ​រ៉ឺម៉ក អង្គការ Aziza’s Coffee ទេ​ដែល​ប្រើ​ថាមពល សូឡា ប៉ុន្ដែ​រ៉ឺម៉ក​ស្ទួយ​បរិស្ថាន នេះ​ក៏​បាន​ប្រើ​ក្រដាស​ខ្ចប់​នំ ជំនួស​ប្លាស្ទីក និង​បាន​បញ្ចុះ​តម្លៃ​៥០០​រៀល​ចំពោះ​ការ​ប្ដូរ​ដប​ប្លាស្ទីក និង​កំប៉ុង​អាលុយមីញ៉ូម​មក​ច្នៃ​ប្រើ​វិញ​។

អ្នកនាំពាក្យ​រូប​នេះ បាន​បន្ដ​ថា អង្គការ Aziza’s Place មាន​ក្ដីសង្ឃឹម​ថា ថ្ងៃ​ណា​មួយ ខ្លួន​នឹង​ពង្រីក​សេវាកម្ម​រ៉ឺម៉ក​កាហ្វេ​ថាមពល​សូឡា​បន្ថែម​ទៀត​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​បុគ្គលិក​នារី​បាន​ចូល​ធ្វើការ​ច្រើន​។

គោលបំណង​នេះ​គឺ​ត្រូវ​មាន​មូលនិធិ​មីក្រូហ្វាញណាន​សម្រាប់​ឲ្យ​បុគ្គលិក​អាច​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ដោយ​ខ្លួនឯង​បាន​៕ HR

Louisa Wright

What Next?

Recent Articles

One Response to "រ៉ឺម៉ក​កាហ្វេ​ដើរ​ដោយ​ថាមពល​សូឡា​ដំបូង​ជួយ​ស្ដ្រី​ខ្មែរ​ចេញ​ពី​គំនរ​សំរាម"

  1. Judge says:

    សូមអបអរសាទរ ដល់ ការបង្កេីន ការងារសមរម្យ ដល់ ស្ត្រីខ្មែរ ដែលខ្វះមធ្យោបាយ ក្នុងការឧបត្ថម្ភជីវិត និង គ្រួសារ។
    សូមអរគុណ។
    សំនៀង