ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី1 ធ្នូ 2015
http://vodhotnews.com
ក្រសួងយុត្តិធម៌បានបង្កើតក្រុមមួយដែលមានសមាសភាពមន្រ្តីមកពីក្រសួង ដើម្បីត្រួតពិនិត្យបែបបទរដ្ឋបាលមួយចំនួននៃការប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
សេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌ចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថាក្រសួងចាត់តាំងសមាសភាពក្រុការងារ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញនូវបែបបទនិងនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
សមាសភាពទាំងនោះមានរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ហ៊ី សោភា ជាប្រធាន និងរដ្ឋលេខាធិការ លោកស្រី ចាន់ សុទ្ធាវី និងលោក កើត រិទ្ធ ជាអនុប្រធាន។ ចំណែកអនុរដ្ឋលេខាធិការ លោក គឹម សន្តិភាព លោក ជិន ម៉ាលីន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោក ផូវ សំភី នាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក សន សោភ័ណ ជាសមាជិក។
បើតាមសេចក្តីសម្រេចនោះ ក្រសួងយុត្តិធម៌បានបញ្ជាឲ្យប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ អគ្គលេខាធិការនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព។
កាលពីថ្ងៃចន្ទ ក្រសួងយុត្តិធម៌បានសម្រេចឲ្យរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការលើកកាលបរិច្ឆេទនៃការប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០១៥ និងសម្រេចបញ្ជូនក្រុមការងារដើម្បីពិនិត្យឡើងវិញនូវបែបបទ និងនីតិវិធីប្រឡង ដើម្បីធានាឲ្យមានតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌។
ចំណាត់ការរបស់ក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៥ អង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធមិនចូលរួមអង្កេតការណ៍លើដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនោះទេ ដោយអង្គភាពនេះអះអាងថាស្ថាប័នរាជបណ្ឌិតសភា គ្មានឆន្ទៈ និងមិនមានការសហការល្អជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថាបេក្ខជនចូលរួមប្រឡងជ្រើសរើសសិស្សចៅក្រមមានប្រមាណ៨៤០នាក់ ហើយពួកគេម្នាក់ៗបានបង់ប្រាក់៥ម៉ឺនរៀលសម្រាប់ការប្រឡងនេះ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
