ឃាតកម្មនៅខេត្តកំពង់ចាមសម្លាប់សមាជិកគ្រួសារ៤នាក់រួមទាំងកូនតូច​​

ដោយ៖​ ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 05:22 PM​
http://vodhotnews.com

មនុស្ស៤នាក់មានទាំងក្មេង​ផងដែរ​បានស្លាប់និង១នាក់រងរបួសធ្ងន់ ដោយសមត្ថកិច្ចខេត្តកំពង់ចាម​សង្ស័យថាជនដៃ​ដល់​ដែល​​ជា​កូនប្រសា ជាប្តីនិងត្រូវឪពុក បានសម្លាប់សមាជិកគ្រួសាររបស់ខ្លួន កាលពីយប់ថ្ងៃ​ទី៣០ ខែ​វិច្ឆិ​កា ឆ្នាំ២០១៥។

គេហទំព័រហ្វេសបុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមឲ្យដឹងថាឃាតកម្មនេះបានកើតឡើងវេលាម៉ោង​ប្រមាណ១១យប់កាលពីថ្ងៃចន្ទ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ស្វាយ សាខន ដែលជា​ឪក្មេងរ​បស់​ជន​ដៃដល់។ ផ្ទះជនរងគ្រោះមានទីតាំងនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យលើករណីឃាតកម្មនេះ មានឈ្មោះ អេង ធី អាយុ៤៧ឆ្នាំ ដែលត្រូវ​ជាកូនប្រសារបស់លោក ស្វាយ សុខន ដែលរងរបួសធ្ងន់ក្នុងឃាតកម្មនោះ។ សមត្ថកិច្ចអះអាង​ថាជន​​សង្ស័នេះបា​ន​យកកាំបិតកាប់ទៅលើឪពុកម្ដាយក្មេក ប្រពន្ធនិងកូនទាំង២របស់​ខ្លួន(កូនស្រីអា​យុ៦​ឆ្នាំ​​​និងប្រុស​អាយុ​៤ឆ្នាំ)។ របាយការណ៍បន្ថែមថាជនសង្ស័យបានដុតផ្ទះខ្លួនឯង ប៉ុន្តែសមត្ថកិច្ចនិងប្រជា​ជនរស់នៅក្បែរ​នោះ​បានជួយពន្លត់ទាន់ពេល។

សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាគឺករណីគំនុំរវាងឪក្មេកនិងកូនប្រសា ដោយអះអាងថាជនដៃដ​ល់ធ្លាប់​បា​នឪពុក​ក្មេក​ប្តឹងទៅនគរបាលឲ្យជួយ២ករណីមកហើយ ទាក់ទងនឹងបញ្ហាស្រវឹងស្រារករឿងបង្ក​ហិង្សា​ក្នុង​គ្រួសារនិងករណី​ឆក់ត្រី​។

ស្នងការនគរបាលខេត្តកំពង់ចាម លោក បែន រ័ត្ន ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះ​ថាសមត្ថកិច្ចកំពុង​តាមចា​ប់ខ្លួនជនសង្ស័យនោះ។

មេឃុំស្ពឺ លោក ម៉ែន ហ៊ុន បានប្រាប់វីអូឌី(VOD)ថាជនដៃដល់គឺជាមនុស្ស​ដែលឧស្សាហ៍​ប្រើ​ប្រាស់អំពើហិង្សាលើ​គ្រួសាររហូតមានការប្តឹងទៅប៉ូលិសយកជនដៃដល់ទៅអប់រំ។ លោកបន្តថាជនសង្ស័​យ​ក៏ជា​មនុស្ស​ដែលគ្រួសារឪពុកម្តាយក្មេកបានកាត់កាលចោល។ លោកមានប្រសាសន៍ថា៖ “…ប្រពន្ធ​ទ្រាំ​​មិន​បានរត់ទៅដេកផ្ទះឪពុកទៅ វានៅតែឯង ដល់ឪពុកម្តាយក្មេក​អីកាត់កាល​ចោលហើយអ​ត់ទទួល​ស្គាល់​ទេ ដេញឲ្យតែវាទៅស្រុកកំណើតវិញទៅ ប៉ុន្តែវាមិនព្រមទៅនៅតែហ្នឹង”

មេឃុំឲ្យដឹងថាឃាតកម្មនោះបានកើតឡើងនៅវេលាម៉ោង១១យប់ ហើយប្រជាជនរស់នៅក្បែរនោះ​បាន​ដឹង​នៅកន្លះ​ម៉ោ​ងក្រោយ។​លោកមេឃុំបន្ថែមថាសាកសពជនរងគ្រោះទាំង៤នាក់ត្រូវបាន​យកទៅបូជា​នៅ​រសៀ​លថ្ងៃអង្គារនេះ។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បន្ទាប់ពីឃាតកម្មកើតឡើង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ចាម លោក ឡុង រី បានចេញសេចក្តីអំពាវនាវមួយ ដោយចូលរួមរំលែកទុក្ខនិងអំពាវនាវដល់​ជនរួមជាតិទាំងក្នុងនិងក្រៅ​ប្រទេស​​​ចូលរួម​បរិច្ចាគថវិកា និងចូលបច័្ចយ ដើម្បីរៀបចំពិធីបុណ្យសពក្រុម​គ្រួសារនិងសម្រាប់ជួ​យព្យាបា​ល​​របួស​ជនរងគ្រោះ ឈ្មោះ ស្វាយ សាខន ដែលជាសមាជិកក្រុមប្រឹក្សា​ឃុំគណបក្សសង្គ្រោះជាតិផ​ងដែរ​។ គណបក្ស​បាន​ចាត់ទុក​ករណីឃាតកម្មនេះ​ប្រព្រឹត្ត​ដោយ​កូនប្រសារបស់ជន​រងគ្រោះដែលរងរបួសធ្ងន់៕

សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈhunsirivadh@gmail.com

What Next?

Recent Articles