ដោយ ហ៊ុំ ចំរើន
2015-12-01
RFA

ចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក អាំង គីហេង (ស្ដាំ) ក្នុងពិធីតែងតាំងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥។ Photo Provided
ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទប្រកាន់ចៅសង្កាត់ប៉ោយប៉ែត ថាប្រព្រឹត្តអំពើពុករលួយយកប្រាក់ធ្វើលិខិតបញ្ជាក់ប័ណ្ណកម្មសិទ្ធិដីធ្លីពីប្រជាពលរដ្ឋច្រើនខុសពីច្បាប់កំណត់ និងពុំមានវិក្កយបត្រនោះទេ។ ចៅសង្កាត់បដិសេធចំពោះការចោទប្រកាន់នេះ ថាជារឿងមិនពិតឡើយ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តទៅនឹងទង្វើរបស់ចៅសង្កាត់ប៉ោយប៉ែត ថាជាសកម្មភាពមួយបំពេញការងារដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនោះទេ។
ពលរដ្ឋនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺលោកស្រី មឿន គន្ធា ថ្លែងនៅថ្ងៃទី១ ធ្នូ ថា កាលពីចុងខែវិច្ឆិកា កន្លងទៅ លោកស្រីធ្វើលិខិតបញ្ជាក់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ច្បាប់ ហើយត្រូវបានចៅសង្កាត់ប៉ោយប៉ែត តម្រូវឲ្យលោកស្រីបង់ប្រាក់ចំនួន ១៥ម៉ឺនរៀល ដោយពុំមានចេញវិក្កយបត្រឲ្យនោះទេ។ លោកស្រីបញ្ជាក់ថា លោក អាំង គីហេង ចៅសង្កាត់ទើបឡើងកាន់តំណែងថ្មីប្រមាណពីរខែរូបនេះ តែងយកប្រាក់ពីប្រជាពលរដ្ឋដែលធ្វើលិខិតបញ្ជាក់ប្លង់ដីក្នុងមួយ ច្បាប់ ៥ម៉ឺនរៀល ហើយប្រសិនបើប្រជាពលរដ្ឋណាបង់ប្រាក់មិនគ្រប់ចំនួនទេ គឺចៅសង្កាត់មិនធ្វើលិខិតឲ្យនោះឡើយ៖ «ខ្ញុំមានលុយបន្តិចបន្តួចដើម្បីទៅធ្វើលិខិតបញ្ជាក់កាន់កាប់ដី ដោយគិតថា ចៅសង្កាត់យកប្រាក់តែ ២ម៉ឺនទេ ប៉ុន្តែជាក់ស្ដែង បែរជាចៅសង្កាត់ប្រព្រឹត្តអំពើពុករលួយយកប្រាក់លើសពីច្បាប់កំណត់ ទៅវិញ»។
ការកំណត់យកតម្លៃច្រើននេះ គឺខុសពីការកំណត់ក្នុងច្បាប់។ តារាងកំណត់តម្លៃធ្វើលិខិតបញ្ជាក់ដីធ្លីនៅតាមឃុំ-សង្កាត់ កំណត់តែចំនួន ២ម៉ឺនរៀលទេក្នុងមួយច្បាប់។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ចៅសង្កាត់ប៉ោយប៉ែត លោក អាំង គីហេង មានប្រសាសន៍ថា លោកពុំបានបង្ខំឲ្យប្រជាពលរដ្ឋបង់ប្រាក់ធ្វើលិខិតបញ្ជាក់ប័ណ្ណ កម្មសិទ្ធិដីធ្លីលើសពីច្បាប់កំណត់ ដូចការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ថា កន្លងទៅលោកតែងបំពេញការងារដើម្បីបម្រើសេចក្ដីសុខជូនប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់របស់ខ្លួនឡើយ៖ «ខ្ញុំខ្លាចតែប្រជាពលរដ្ឋឲ្យគេរត់ការធ្វើលិខិតបញ្ជាក់កម្មសិទ្ធិ ដីធ្លីឲ្យគាត់ទេ។ ចំពោះខ្ញុំ លុយវិភាគទានរបស់ប្រជាពលរដ្ឋទាំងអស់ ខ្ញុំមិនប៉ះពាល់ឡើយ គឺខ្ញុំយកប្រាក់នោះទៅធ្វើការអភិវឌ្ឍក្នុងសង្កាត់ប៉ោយប៉ែត ទាំងអស់»។
ទោះយ៉ាងណា ប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត សុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ទៀតឲ្យដឹងថា កន្លងទៅ ចៅសង្កាត់ប៉ោយប៉ែត តម្រូវឲ្យរូបគាត់បង់ប្រាក់ចំនួន ៥ម៉ឺនរៀល ក្នុងការធ្វើលិខិតបញ្ជាក់ប្លង់ដីមួយច្បាប់ ដោយពុំមានវិក្កយបត្រនោះទេ៖ «ប្រជាពលរដ្ឋមិនពេញចិត្តការដឹកនាំរបស់ចៅសង្កាត់ថ្មីនេះទេ ពីព្រោះគាត់ធ្វើការងារតឹងរ៉ឹងហួសហេតុពេក»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បើទោះជាចៅសង្កាត់ប៉ោយប៉ែត ចេញវិក្កយបត្រឲ្យប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ចៅសង្កាត់មិនត្រូវយកប្រាក់ពីប្រជាពលរដ្ឋខុសពីច្បាប់កំណត់នោះ ទេ។ លោកបញ្ជាក់ថា ចៅសង្កាត់យកប្រាក់ពីអ្នកភូមិខុសពីច្បាប់កំណត់ គឺជាការប្រព្រឹត្តអំពើពុករលួយ ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវតែចាត់វិធានការលើបញ្ហានេះ៖ «កន្លងមក យើងទទួលដំណឹងពីប្រជាពលរដ្ឋអំពីការយកលុយយកកាក់ពីសំណាក់លោកចៅ សង្កាត់នេះជាបន្តបន្ទាប់។ ខ្ញុំអំពាវនាវសុំឲ្យរដ្ឋាភិបាល ពិនិត្យមើលការអនុវត្តតួនាទីរបស់ចៅសង្កាត់ទូទាំងប្រទេស ដើម្បីកុំឲ្យពួកគាត់ធ្វើអ្វីតាមអំពើចិត្តទៀត»។
លោក អាំង គីហេង មកពីគណបក្សប្រជាជនកម្ពុជា ឡើងកាន់តំណែងចៅសង្កាត់ប៉ោយប៉ែត ជំនួស លោក នុត លី ដែលលាលែងចេញពីតំណែងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥។ យ៉ាងណា ការឡើងកាន់តំណែងចៅសង្កាត់ថ្មីនេះ ត្រូវបានប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត រិះគន់យ៉ាងចាស់ដៃថា ជាការឡើងកាន់តំណែងបែបបក្ខពួកនិយមតាមរយៈ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បច្ចុប្បន្ន។
របាយការណ៍សង្កាត់ប៉ោយប៉ែត បង្ហាញថា នៅក្នុងសង្កាត់នេះមានភូមិចំនួន១៣ ហើយប្រជាពលរដ្ឋដែលមានប័ណ្ណគ្រួសាររស់នៅប្រមាណ ៤ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គភាពប្រឆាំងអំពើពុករលួយរងការរិះគន់ក្រោយមិនចូលសង្កេតការប្រឡងចៅក្រម
- សង្គមស៊ីវិល៖ ការដោះលែងអ្នកទោសរៀងរាល់ឆ្នាំមានភាពមិនប្រក្រតី
- ពលរដ្ឋចោទនាយកសាលាបឋមសិក្សាមួយនៅខេត្តបាត់ដំបងថាប្រកាន់បក្ខពួកនិយម
- ពលរដ្ឋស្រុករុក្ខគិរីខេត្តបាត់ដំបងផ្ដិតមេដៃស្នើដកមេឃុំចោទប្រកាន់បក្ខពួកនិយម
- អ្នកនេសាទក្នុងឃុំកំពង់ភ្លុកខេត្តសៀមរាបចោទមន្ត្រីជលផលថាគាបសង្កត់ទារយកប្រាក់
- ពលរដ្ឋខែត្រស្ទឹងត្រែងចោទអាជ្ញាធរឃុំថាលំអៀង
- “កម្ពុជាស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបបំផុតលើតម្លាភាពថវិកា”
- អ្នករត់តាក់ស៊ីនៅខេត្តបាត់ដំបងត្អូញត្អែរថាប៉ូលិសដាក់កុងត្រូលជជុះតាមផ្លូវយកលុយ
- គ្រូបង្រៀនប្រមាណ២០នាក់ចោទនាយកអនុវិទ្យាល័យគគីរថាប្រព្រឹត្តអំពើពុករលួយ