ដោយ ជិន ជេដ្ឋា
2015-12-01
RFA

តំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្វើស្រែប្រាំងនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក ប៉ក់ ឡូត ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅក្នុងបរិវេណសាលាស្រុករលាប្អៀរ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ RFA/Chin Chetha
តំណាងអ្នកភូមិនៃឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ២២គ្រួសារ ដែលមានដីស្រែប្រាំងនៅចំណុចអូសទូក ឆ្ដោរ និងចំណុចកន្ធរ បដិសេធមិនទទួលយកដំណោះស្រាយរបស់អភិបាលស្រុកដែលតម្រូវក្រុមពលរដ្ឋធ្វើលិខិតស្នាមខ្ចីដីបង្កបង្កើនផលស្រូវក្នុង ១ឆ្នាំម្ដង។ អាជ្ញាធរបញ្ជាក់ថា សកម្មភាពធ្វើស្រែរបស់ពលរដ្ឋ បានប៉ះពាល់ដល់ធនធានមច្ឆាជាតិ និងកន្លែងអភិរក្សជលផល។
ក្រុមពលរដ្ឋមកភូមិទ្រនាមពេជ្រ និងអូរតាសេក នៃឃុំគោកបន្ទាយ បានលើកហេតុផលមួយចំនួនដែលពួកគាត់មិនអាចទទួលយកដំណោះស្រាយរបស់អាជ្ញាធរនៅព្រឹកថ្ងៃទី១ ខែធ្នូ។ ហេតុផលទី១ គឺពួកគាត់ថា បានធ្វើស្រែនៅលើដីនោះតាំងពីអំឡុងឆ្នាំ២០០៥ គឺមុនជំនាញជលផលកំណត់ដីនោះជាតំបន់អភិរក្ស ទី២ ពួកគាត់ពុំមានដីស្រែកន្លែងផ្សេង និងទី៣ ខ្លាចគេដកហូតដីដោយគ្មានការដោះដូរ។
ប្រជាពលរដ្ឋម្នាក់មកពីភូមិទ្រនាមពេជ្រ លោកស្រី ពៅ មុំ មានប្រសាសន៍ថា គ្រួសារលោកស្រី និងអ្នកភូមិផ្សេងទៀតធ្លាប់ធ្វើស្រែប្រាំងនៅទីនោះរាល់ឆ្នាំ ហើយអ្នកខ្លះបានធ្វើតាំងពីឆ្នាំ២០០៤ ឬឆ្នាំ២០០៥ មកម្ល៉េះ៖ «ទាក់ទងនឹងគេ (អភិបាលស្រុក) និយាយមិញខ្ញុំអត់ព្រមទេ ព្រោះថា ឲ្យខ្ញុំធ្វើមួយឆ្នាំខ្ចីមួយឆ្នាំៗ រួចដីខ្ញុំធ្លាប់ធ្វើតាំងពីឆ្នាំ២០០៣ ឬ២០០៤មក។ ខ្លាចគេដកវិញ ព្រោះដីថា ខ្ចីរបស់គេចង់គេដកពេលណាបានពេលហ្នឹង។ (ជិន ជេដ្ឋា៖ ធ្លាប់ធ្វើស្រូវប្រាំងទេ?) ខ្ញុំធ្លាប់ធ្វើនៅកន្លែងឆ្ដោរ ហើយខ្ញុំសុំដីខ្ញុំធ្លាប់ធ្វើប៉ុណ្ណា ខ្ញុំសុំប៉ុណ្ណឹងមកវិញ ដីខ្ញុំមានទំហំ ១ហិកតារ ៨០អារ»។
អភិបាលស្រុករលាប្អៀរ លោក សោម វឺន បដិសេធមិនអត្ថាធិប្បាយពីលទ្ធផលនៃជំនួបនេះទេ ដោយលោកថា រវល់បន្តសម្របសម្រួលដោះស្រាយជម្លោះផ្សេងមួយទៀត។ ប៉ុន្តែកាលពីដើមឆ្នាំ២០១៥ តំណាងអាជ្ញាធរភូមិ និងពលរដ្ឋមួយក្រុមផ្សេងទៀត នៃឃុំគោកបន្ទាយ ធ្លាប់កាន់លិខិតភ្ជាប់ស្នាមមេដៃរបស់ពលរដ្ឋក្នុងឃុំជាង ១០០ស្នាមមេដៃ ដាក់ជូនអាជ្ញាធរខេត្ត និងសមាគមអាដហុក (ADHOC) ដើម្បីជំទាស់ និងដកហូតដីព្រៃលិចទឹករបស់ពលរដ្ឋទាំងជាង ២០គ្រួសារ មកទុកជាតំបន់អភិរក្សត្រីពងកូនវិញ។ ក្រោយមកអាជ្ញាធរ និងជំនាញជលផលបានកំណត់ដីទំហំ ២៤ហិកតារ ទុកជាជម្រកត្រីពងកូន។
ទាក់ទងបញ្ហានេះ អនុប្រធានភូមិអូរតាសេក នៃឃុំគោកបន្ទាយ អ្នកស្រី សុខ ខាន់ ថ្លែងថា អ្នកស្រីពិបាកចិត្តដោយម្ខាងជាពលរដ្ឋ និងម្ខាងទៀតជាផលប្រយោជន៍រួម ប៉ុន្តែពលរដ្ឋដែលមានដីនៅចំណុចអភិរក្សជលផលទាំងបីទីតាំងអាចចំណាយកន្ទុយដីរបស់ខ្លួននៅអែបមាត់អូរក្នុងមួយគ្រួសារចន្លោះពី ៣០ ឬ ៤០អារ ដើម្បីឲ្យមានជម្រកត្រីពងកូនផង និងអាចបន្តធ្វើស្រែបានផង។ ប៉ុន្តែអ្នកស្រីនៅតែគាំទ្រ និងចង់ដាក់តំបន់ដីព្រៃលិចទឹកនោះទៅជាជម្រកត្រីពងកូន៖ «គាត់ (មន្ត្រីជលផល) គ្រាន់តែគម្រោង ប៉ុន្តែមិនទាន់បោះបង្គោលនៅឡើយទេ គេកំណត់យកទំហំ ២៤ហិកតារសិន បានគេចុច (វាស់) យកអា ១៥ហិកតារទៀតមិនដឹងចេញថ្ងៃណាទេ ប៉ុន្តែបង្គោលមន្ត្រីជលផលដឹកទៅអស់ហើយ»។
អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋខ្លះនៅឃុំគោកបន្ទាយ អះអាងថា តំបន់អូសទូក ឆ្ដោរ និងតំបន់កន្ធរ គឺជាជង្រុកត្រីសាច់សម្រាប់ប្រជាពលរដ្ឋទូទៅក្នុងឃុំគោកបន្ទាយ ប៉ុន្តែធនធានមច្ឆាជាតិបានហិនហោចពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយពីមានសកម្មភាពចូលកាប់រាន ឬដុតព្រៃលិចទឹកធ្វើស្រែប្រាំង និងប្រើថ្នាំគីមីពុលកាន់តែច្រើនឡើង ចាប់តាំងពីឆ្នាំ២០០៤ រហូតមក៕