បទយកការណ៍៖ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទីក​

ដោយ៖​ លី បេឡា​ | ថ្ងៃពុធ ទី2 ធ្នូ 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

យុវជន​ចូលរួមរើសថង់ប្លាស្ទីក (ដោយ ទេព សូនី)


ថង់ប្លាស្ទីកត្រូវបានអាជីវករប្រើប្រាស់ជាប្រចាំដូចជា​ការវេចខ្ចប់ចំណីអាហារនិងសម្ភារៈ​ប្រើប្រាស់ផ្សេងៗ ​តែប្រជាពលរដ្ឋខ្លះនៅ​មិនទាន់យល់ដឹង​ពីផល​ប៉ះពាល់ពីការប្រើប្រាស់ថង់ប្លាស្ទីកនេះ​នៅ​​ឡើយ ហើយពលរដ្ឋខ្លះក៏បានយល់ដឹងដែរតែថាវាជាតម្រូវការចំបាច់ប្រចាំថ្ងៃ។

ក្នុងទឹកមុខមាំដៃកំពុងកាន់បន្លែច្រកចូលទៅក្នុងថង់ប្លាស្ទីកព៌ណសដើម្បីលក់ឲ្យភ្ញៀវ​ដែលកំពុង​ឈរ​រង់ចាំអាជីវករលក់បន្លែគ្រប់មុខនៅក្នុងផ្សារបឹងកេងកង អ្នកស្រី កេស ផន ​បាននិយាយថាជារៀងរាល់ថ្ងៃអ្នកស្រីប្រើប្រាស់ថង់ទាំងតូចទាំងធំជាង១គីឡូក្រាមសម្រាប់ច្រក់​បន្លែ​លក់​តែអ្នកស្រីលើកឡើងយ៉ាងថាអ្នកស្រីពិតជាមិនបានដឹងពីផលប៉ះពាល់នោះទេ។

អ្នកស្រីលើកឡើងបន្ថែមថា៖ "ច្រកគ្រប់បែបយ៉ាងទាំងអស់ទាំងជ្រក់ ម្ទេស ម្ពិល កំពឺស ត្រីសព្វ​បែបទាំងអស់។ អ៊ំអត់ដឹងទេអត់បានពិនិត្យមើលអ្វីទេចេះតែច្រកៗ​ទៅ"

ទោះបីជាយ៉ាងណាអាជីវករលក់ត្រីម្នាក់ទៀតអ្នកស្រី សេង សម្បត្តិ បានឲ្យដឹងថារាល់ថ្ងៃ​អ្នកស្រី​ក៏ប្រើប្រាស់ថង់អស់ជិត២គីឡូក្រាម ហើយអ្នកស្រីក៏ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ថង់​ប្លាស្ទីក​នេះដែរតែអ្នកអ្នកស្រីថាវាជាតម្រូវការប្រើប្រាស់សំខាន់​។ ដៃម្ខាងកំពុងកាន់ថង់ប្លាស្ទីកសនិងដៃម្ខាង​ទៀតកាន់ត្រីច្រក់ចូលថង់អ្នកស្រី សម្បត្តិ បន្ថែមថា៖ "ដឹងតើដូចថាអ្នកទិញខ្លះអត់ចង់ឲ្យច្រកច្រើន​ជាន់ទេគេចង់ដាក់តែមួយជាន់ៗខ្លាចប៉ះពាល់​បរិស្ថានអីចឹង។ ចុះហេតុអ្វីបានជាចែនៅតែប្រើថង់ទៀតបើដឹងថាវាប៉ះពាល់​បរិស្ថានដែរ? ចុះអាហ្នឹងធ្វើម៉េចបើត្រូវច្រកចឹងមានស្អីយកមកវេចខ្ចប់ឥឡូវគេប្រើចឹង ចឹងទាំងអស់ទៅ"

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា អង្គការយូណេស្កូសហការជាមួយក្រសួងបរិស្ថាននិងក្រសួងទេសចរណ៍បានធ្វើយុទ្ធនាការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទីក​នៅខាងមុខវត្តបុទុមវតីដែលមានការចូលរួមរើសសំរាមពីបណ្ដា​យុវជនប្រមាណជាង៥០០នាក់។

កញ្ញា ហ៊ន់ ស្រីនាង ដែលជានិស្សិតចិត្តសាស្ត្រមកពី​សកលវិទ្យាល័យភូមិន្ទភ្នំពេញជំរុញឲ្យមានការចូលរួមរើសថង់ប្លាស្ទីកដើម្បីសំអាតបរិស្ថាន។ កញ្ញាបន្ថែមថា៖ "ខ្ញុំគិតថា​ការរើសនេះអាចជួយបរិស្ថានបានត្រឹមតែ១០ទៅ​២០ភាគរយទេ ព្រោះអ្នកចោលគឺចោលរាល់ថ្ងៃចឹងខ្ញុំគិតថាបើមានការរើសដាក់តាមអាទិត្យវាល្អជាង ហើយបើរើសមួយថ្ងៃវាជួយបានតែមួយថ្ងៃហ្នឹងទេ ហើយសម្រាប់ថ្ងៃស្អែកនឹងមានការបោះចោលសំរាមទៀតចឹង"

ក្នុងយុទ្ធនាការនេះតំណាងអង្គការយូណេស្កូប្រចាំកម្ពុជាអ្នកស្រី អាន ឡឺមែត្រ បានឲ្យដឹងថាប្រជាពលរដ្ឋគឺជាជន​រងគ្រោះ​ដោយសារសំរាមថង់ប្លាស្ទីកតាម​រយៈ​ការ​ប្រើប្រាស់សម្រាប់​ច្រកអាហារ ភេសជ្ជៈនិងវត្តុប្រើ​ប្រាស់ផ្សេងៗដោយមិន​មាន​ការដាក់ក្នុងធុងសំរាម​ឲ្យបាន​ត្រឹម​ត្រូវ។អ្នកស្រីបន្ថែមថា៖ "ជាការពិតនៅពេលដែលថងប្លាស្ទីក​មិនអាចរម្លាយបាន វាចំណាយពេលយ៉ាង​ហោចណាស់៤០០ឆ្នាំទៅ១០០០ឆ្នាំក្នុងការបំបាត់នូវថង់ប្លាស្ទីក​មួយចេញពីបរិស្ថាន ហើយវាក៏មិន​ប្រាកដ​ថាអាចបំបាត់បាន​នោះ​ទេហើយវានឹងបំបែក​ទៅជាផ្នែកតូចដែល​នឹងបរិភោគចូលទៅក្នុងពោះមនុស្ស សត្វនិងត្រី ​ហើយផ្នែកតូចៗនេះ​អាច​ប៉ះពាល់ខ្លាំងដល់ជីវិតមនុស្សនិងសត្វ"

លោកស្រី អាន ឡឺមែត្រ បន្ថែមថាការប្រើប្រាស់ថង់ប្លាស្ទីកនៅកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ​ ប៉ុន្តែ​លោកស្រីក៏ជំរុញឲ្យមានការប្រើប្រាស់ឡើងវិញនូវថង់ប្លាស្ទីកដែលប្រើរួច។

បន្ថែមលើនេះអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានលោក ស៊ូ សូវុធ បានឲ្យដឹងថា​ថង់ប្លាស្ទីក​ជាសារធាតុពុល​ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋ ហើយវាមិន​អាច​​រម្លាយតាមរយៈការដុត ការកប់ឬក៏បោះចោលក្នុងទឹកនោះទេដូច្នេះលោកជំរុញឲ្យ​ពលរដ្ឋប្ដូរ​មក​ប្រើប្រាស់​វិធីវេចខ្ចប់តាមបែបបុរាណ។

លោកបន្ថែមថា៖ "ជំនួសការប្រើប្រាស់ថង់ប្លាស្ទីកបុរាណកាល​មកគេប្រើស្លឹកចេក គេប្រើកន្ត្រក់ កន្រ្តក់ផ្ដៅ និង​អ្វីដែលងាយរម្លាយហើយទុកយូរទៅវាពុកផុយ​ក្លាយទៅជាកំប៉ុស ដូច្នេះប្រើថង់ប្លាស្ទីក​នៅលើពិភព​លោកឥឡូវគេកាត់បន្ថយ កាត់បន្ថយច្រើនមែនទែន។ ដូចជានៅប្រទេសបារាំងនៅសហភាព​អឺរ៉ុប​ទាំងអស់​កាលណាអ្នកឯងហ៊ានយកថង់ប្លាស្ទីកមកប្រើមួយ កន្លះដុល្លារចឹង វាថ្លៃណាស់គេធ្វើឲ្យថ្លៃ​គឺចង់ឲ្យមនុស្សជៀសឲ្យផុតពីការប្រើរបស់ដែលមានគ្រោះថ្នាក់"

កាលពីថ្ងៃទី២៧ ខែសីហា រដ្ឋាភិបាល​បាន​ចេញ​អនុក្រិត្យ​ស្ដីពីការគ្រប់គ្រងសំរាម​និងសំណល់រឹងដោយ​​ហាម​ឃាត់​ជា​ដាច់ខាត​នូវ​ការ​បោះ​ចោល​ឬ​ការ​ដុត​សំរាមសំណល់រឹង​នៅទីប្រជុំ​ជន​នៅតាម​ដង​ផ្លូវ​ទីសា​ធារណៈ​ ទីវាល​ តាមប្រព័ន្ធ​លូ​ ប្រភព​​ទឹក​សាធារណៈ ​​ឬ​​ក្នុង​​ដី​​កម្ម​​សិទ្ធិ​ឯកជនជា​ដើម។

អនុក្រឹត្យ​នេះក៏បានចែងពីការផាកពិន័យ​ចាប់ពី​១ម៉ឺនរៀលសម្រាប់លំនៅដ្ឋាន ១០ម៉ឺន​សម្រាប់ទីតាំងអាជីវកម្ម​ ទីតាំងសេវាកម្ម​ ទីតាំងសិប្ប​កម្ម អគារ​ខុន​ដូរ ​បុរីលំនៅដ្ឋាន​ និង​២០ម៉ឺនរៀលសម្រាប់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលល្មើសនឹងបំរាមនោះ។​

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថាការធ្វើយុទ្ធនាការបញ្ឈប់​ការប្រើប្រាស់​ថង់ប្លាស្ទីកនេះគឺជួយកាត់បន្ថយការប៉ះពាល់ដល់ទីសាធារណៈដើម្បីទាក់ទាញភ្ញៀវ​ទេស​ចរណ៍​។ លោកបន្ថែម​ថា៖ "ឃើញនៅប្រទេសណាស្អាតយើងសរសើរ ហើយគេស្អាតយើងចង់ទៅលេងអាចំណុចហ្នឹងធំណាស់​​ភាពស្អាតភាពបៃតងមានភាពទាក់ទាញធំណាស់សម្រាប់គោលដៅទេសចរណ៍​នីមួយៗចឹងបានយើង​មើលឃើញថាប្លាស្ទីកដែលវារសាត់រសាយតាមហើរតាមខ្យល់ក៏ដូចជាសំរាមនឹងមានការប៉ះពាល់ខ្លាំងណាស់ដល់ភាពទាក់ទាញចឹងបានយើងនាំគ្នាធ្វើរឿងហ្នឹង"

មន្រ្តីជំនាញបានលើកឡើងថាការផាកពិន័យពីការបោះចោលសំរាមនិងថង់ប្លាស្ទីកមិនមាន​ប្រសិទ្ធភាពខ្ពស់​ដូចជាការអប់រំមនុស្សឲ្យមានការយល់ដឹងពីផលប៉ះពាល់របស់វានោះទេ។ ប៉ុន្តែ​មន្រ្តី​ជំនាញ​​ជំរុញឲ្យ​មាន​ការ​​ចូលរួមពីប្រជាពលរដ្ឋក្នុងការរក្សានូវសំណល់ថង់ប្លាស្ទីកឲ្យមានសណ្ដាប់ធ្នាប់៕

សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

What Next?

Recent Articles