ដោយ ចេង ម៉េងជូ
2015-12-02
RFA

៥-មិថុនា-២០១៤៖ សកម្មភាពរបស់កម្មកររោងចក្រកាត់ដេរមួយ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan SEZ) នាខេត្តស្វាយរៀង។ Photo: RFA
ភាពមិនច្បាស់លាស់នៃស្ថានភាពនយោបាយកម្ពុជា កំពុងបង្កក្ដីបារម្ភដល់ពាណិជ្ជករកំពុងវិនិយោគនៅកម្ពុជា លើវិស័យចម្បងៗនៃសេដ្ឋកិច្ច ដូចជា វិស័យកាត់ដេរ ការនាំចេញអង្ករ និងវិស័យអចលនទ្រព្យ។ ថ្វីបើមានការព្រួយបារម្ភក្ដី អ្នករកស៊ីទាំងនោះអះអាងថា ស្ថានភាពនយោបាយនៅពេលបច្ចុប្បន្នមិនទាន់បង្កផលប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មរបស់ពួកគេនៅឡើយ។
កាលពីពាក់កណ្ដាលឆ្នាំ២០១៤ គ្រាដែលភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ បានបញ្ចប់ ពាណិជ្ជករទាំងក្នុងស្រុក ទាំងបរទេសបានសាទរចំពោះការចាប់ដៃគ្នារបស់គណបក្សជាប់ឆ្នោតទាំងពីរ។ ក៏ប៉ុន្តែមួយឆ្នាំក្រោយការសាទរនោះ បរិយាកាសរកស៊ីនៅកម្ពុជា ត្រូវវិលមករកក្ដីព្រួយបារម្ភជាថ្មីម្ដងទៀត បន្ទាប់ពីវប្បធម៌សន្ទនារវាងគណបក្សកាន់អំណាច និងបក្សប្រឆាំងឈានដល់ភាពប្រេះឆានៅពេលថ្មីៗនេះ។
អស្ថិរភាពនយោបាយនេះ កើតឡើងក្រោយពីសមាជិកសភាពីររូបមកពីគណបក្សសង្គ្រោះជាតិ រងការវាយដំពីសំណាក់បាតុករដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ការចេញដីកាចាប់ខ្លួន និងដកអភ័យឯកសិទ្ធិលោក សម រង្ស៊ី និងការដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១រដ្ឋសភា។
បើទោះជាមានភាពចម្រូងចម្រាសនេះឈានដល់ការចេញសេចក្ដីថ្លែងការណ៍ដោយអង្គការជាតិ និងអន្តរជាតិ រួមទាំងប្រទេសមហាអំណាចមួយចំនួនក្ដី ក៏ពាណិជ្ជករក្នុងវិស័យសំខាន់ៗនៃខឿនសេដ្ឋកិច្ចជាតិអះអាងថា ស្ថានការណ៍នយោបាយនៅពេលនេះមិនទាន់បង្កផលប៉ះពាល់ដល់ប្រតិបត្តិការពាណិជ្ជកម្មរបស់ពួកគេនៅឡើយ។
បរិយាកាសធ្វើពាណិជ្ជកម្មនៅកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទាបនៅឡើយ។ ព្រឹត្តិបត្រព័ត៌មានរបស់ស្ថាប័នអន្តរជាតិស្រាវជ្រាវពីបរិយាកាសធ្វើពាណិជ្ជកម្ម ឈ្មោះ ប៊ី.អិម.អាយ (BMI) ចេញផ្សាយនៅឆ្នាំ២០១៥ នេះបង្ហាញថា កម្ពុជាទទួលបានពិន្ទុ ៤២ លើ ១០០ ក្នុងសន្ទស្សន៍ស្ដីពីហានិភ័យនៃប្រតិបត្តិការពាណិជ្ជកម្ម។
ចំពោះវិស័យអចលនទ្រព្យដែលជាធម្មតាងាយនឹងរងផលប៉ះពាល់ដោយសារអស្ថិរភាពនយោបាយ នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន ប៊ុណ្ណា រៀលធី ហ្គ្រុប (Bunna Realty Group) លោក ហិន សុជាតិ មានប្រសាសន៍ថា លោកមិនទាន់ឃើញមានហានិភ័យណាមួយដែលអាចរាំងស្ទះទីផ្សារអចលនទ្រព្យនោះទេ។
អ្នកជំនាញខាងទីផ្សារអចលនទ្រព្យរូបនេះយល់ថា ស្ថានការណ៍នយោបាយបច្ចុប្បន្នមិនទាន់ធ្ងន់ធ្ងរដូចគ្រាជាប់គាំងក្រោយការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ នោះទេ៖ «ធៀបនឹងពេលក្រោយបោះឆ្នោតហើយ រហូតដល់គណបក្សទាំងពីរហ្នឹងចូលសភា វាដូចជាមិនមានអីតានតឹងរហូតដល់ដូចស្ថានភាពនៅពេលហ្នឹងទេ។ ខ្ញុំថាវាមិនមានផលប៉ះពាល់អីខ្លាំង ធ្ងន់ធ្ងរដូចពេលហ្នឹងទេ។ ពេលហ្នឹងដែលយើងមើលទៅ យើងឃើញថា អ្នកលក់ហើយអ្នកទិញគាត់អត់ហ៊ានលក់អត់ហ៊ានទិញ ហើយរង់ចាំ Observe (អង្កេត) មើលទាំងអស់គ្នា»។
បញ្ហានយោបាយនេះក៏មិនទាន់ប៉ះពាល់ដល់វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅឡើយដែរ ដែលវិស័យនេះ រួមចំណែកប្រមាណ ៧០% នៃការនាំចេញសរុប និងផ្ដល់ការងារដល់ប្រជាជនជាង ៦០ម៉ឺននាក់។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) លោក ខេន លូ (Ken Loo) លើកឡើងថា សកម្មភាពនាំចេញសំលៀកបំពាក់ និងស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិប្រព្រឹត្តទៅដោយប្រក្រតី។ យ៉ាងណាក៏ដោយ លោក ខេន លូ ព្រួយបារម្ភពីផលប៉ះពាល់ដែលអាចកើតមាន ប្រសិនបើបញ្ហានយោបាយកាន់តែតានតឹង៖ «រឿងព្រួយបារម្ភត្រូវតែមានព្រួយបារម្ភហើយ ខ្លាចវាឈ្លោះគ្នាកាន់តែខ្លាំង តែដល់ថ្ងៃហ្នឹង យើងអត់ទាន់ឃើញមានអីប៉ះពាល់ទេ»។
ងាកទៅរកវិស័យស្រូវអង្ករដែលផ្ដល់ប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនជាង ៨០% នៃចំនួនប្រជាជនសរុបវិញ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ អេមរុ រ៉ាយ ខេមបូឌា (Amru Rice Cambodia) លោក សុង សារ៉ន ឲ្យដឹងថា បរិមាណនាំចេញអង្ករសរុបនៅឆ្នាំ២០១៥នេះ អាចនឹងកើនឡើងដល់ប្រមាណ ៥០ម៉ឺនតោន ច្រើនជាងឆ្នាំ២០១៤ ដែលនាំចេញបានប្រមាណជាង ៤០ម៉ឺនតោន។ លោកថា វិស័យនាំចេញអង្ករកម្ពុជា លូតលាស់ដោយទទួលបានទីផ្សារថ្មីដូចជាប្រទេសចិន ជាដើម ប៉ុន្តែការនាំចេញទៅកាន់ទីផ្សារចាស់ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មិនមានការកើនឡើងទេ។
ទោះបីជាមិនឃើញមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើវិស័យនេះក្ដី អ្នករកស៊ីនាំចេញអង្កររូបនេះ មានប្រសាសន៍ថា រូបលោកកំពុងតាមដានស្ថានការណ៍នយោបាយក្នុងស្រុកដោយក្ដីព្រួយបារម្ភ៖ «ផលប៉ះពាល់វិស័យកសិកម្មមកដល់ពេលហ្នឹងខាងខ្ញុំអត់ទាន់មានអីគួរឲ្យកត់សម្គាល់ទេ។ ការវិនិយោគ ឬក៏ទីផ្សារជាធម្មតានៅតែដំណើរការធម្មតា ប៉ុន្តែយើងមានការព្រួយបារម្ភនូវស្ថានភាពនយោបាយក្នុងករណីមានការផ្លាស់ប្ដូរដោយសារតែទីផ្សារកសិកម្មយើងភាគច្រើន យើងកែច្នៃនិងនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក។ ខ្ញុំរកស៊ីហ្នឹងតែងតែធ្វើការតាមដាន និងពិនិត្យមើលស្ថានភាពនយោបាយយើងផងដែរ»។
ភ្លាមៗបន្ទាប់ពីសេរីភាពនយោបាយនៅកម្ពុជា រងការគំរាមកំហែងជាបន្តបន្ទាប់ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលមានអំណាចសេដ្ឋកិច្ចលើកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗលើរដ្ឋាភិបាលកម្ពុជា ដោយអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពគំរាមកំហែងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ។
ពាក់ព័ន្ធនឹងក្ដីព្រួយបារម្ភពីផលប៉ះពាល់លើបរិយាកាសធ្វើពាណិជ្ជកម្មនេះ អ្នកជំនាញខាងសេដ្ឋកិច្ចលោក ស្រី ចន្ធី យល់ឃើញថា ក្នុងរយៈពេលខ្លី ភាពតានតឹងនេះមិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទេ តែប្រសិនបើកម្ដៅនយោបាយនេះនៅតែបន្តអូសបន្លាយក្នុងរយៈពេលយូរ ហានិភ័យចំពោះសេដ្ឋកិច្ចជាតិនឹងកើតមាន៖ «បើសិនជាស្ថានភាពនៅតែអូសបន្លាយអ៊ីចឹង អាចក្រែងសហគមន៍អឺរ៉ុប អាម៉េរិកាំងអីគាត់រឹតបន្តឹង។ អ៊ីចឹងទៅវាពិបាក អាចថា ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច អ៊ីចឹងហើយក៏អាចប៉ះពាល់ដល់ការងាររបស់កម្មករ ប្រជាកសិករយើងដែរ ឆ្នាំក្រោយហ្នឹង»។
ដើម្បីបញ្ចៀសផលប៉ះពាល់ពីអស្ថិរភាពនយោបាយនេះ លោក ស្រី ចន្ធី អំពាវនាវឲ្យគណបក្សនយោបាយទាំងពីរបញ្ចប់ជម្លោះនេះឲ្យបានឆាប់៖ «ទាំងរដ្ឋាភិបាល ទាំងគណបក្សជំទាស់ហ្នឹងគួរតែ ឬក៏ត្រូវតែធ្វើការជាមួយគ្នាដើម្បីស្ដារស្ថានភាពឡើងវិញ ប្រសិនបើជារដ្ឋាភិបាល និងគណបក្សជំទាស់ហ្នឹងប្រាកដជាយកចិត្តទុកដាក់ផលប្រយោជន៍របស់ជាតិ យកចិត្តទុកដាក់អនាគតរបស់យុវជនយើងសម្រាប់បច្ចុប្បន្ន ក៏ដូចទៅអនាគត។ បើមិនអ៊ីចឹងទេ គឺថាយើងមានការលំបាក ពិសេសពិបាកនឹងប្រកួតប្រជែងជាមួយនឹងប្រទេសដទៃទៀតដែលងើបឡើងមក និងសេដ្ឋកិច្ចថ្មីៗទៀត ហើយមួយទៀត បើកាលណាស្ថានភាពអ៊ីចឹង យើងក៏ពិបាកទាក់ទាញវិនិយោគិនដែរ។ អ្នកវិនិយោគគាត់នឹងបារម្ភ គាត់នឹងមិនហ៊ានមករកស៊ីទេ»។
ថ្វីបើភាពតានតឹងនៃបញ្ហានយោបាយបង្កក្ដីបារម្ភដល់បរិយាកាសធ្វើពាណិជ្ជកម្មក្នុងប្រទេសក៏ដោយ ក៏ពាណិជ្ជករក្នុងវិស័យចម្បងៗទាំងនោះហាក់ដូចជាមានសង្ឃឹមថា ស្ថានការណ៍នយោបាយនឹងវិលទៅរកសភាពធម្មតាវិញ ដោយផ្អែកលើទម្លាប់នយោបាយរបស់បក្សទាំងពីរដែលតែងតែកើតមានកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋសភាសម្រេចតែងតាំងអ្នកនាំពាក្យថ្មី៣រូប
- ពលរដ្ឋនៅតំបន់ដាក់ដាំដាក់ហ៊ូតខេត្តមណ្ឌលគិរីបារម្ភខ្លាចបាត់ដីបន្តទៀតទៅវៀតណាម
- លោក កឹម សុខា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី២ធ្នូ
- បទសម្ភាសន៍៖ ឧបសគ្គចំពោះការចូលរួមរបស់យុវជនក្នុងឆាកនយោបាយ
- ក្រុមការងារចំពោះកិច្ចនៃគណបក្សសង្គ្រោះជាតិចុះពិនិត្យតំបន់ព្រំដែននៅខេត្តរតនគិរី
- សមាជិកសភាអាស៊ានអំពាវនាវរដ្ឋាភិបាលកម្ពុជាបញ្ឈប់ធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង
- បក្សប្រឆាំងនិងសង្គមស៊ីវិលរិះគន់គម្រោងចំណាយថវិការបស់រដ្ឋាភិបាលឆ្នាំ២០១៦
- គណបក្សទាំងពីរពន្យារពេលជួបគ្នាចរចាអំពីស្ថានការណ៍នយោបាយមួយរយៈ
- មន្ត្រីគណបក្សសង្គ្រោះជាតិប្រកាសធ្វើពហិការមិនចូលប្រជុំសភានៅថ្ងៃទី៣០វិច្ឆិកា