ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃពុធ ទី2 ធ្នូ 2015, 10:05 PM
http://vodhotnews.com
ក្រោយការប្រកាសពីមន្ត្រីទូរទស្សន៍ហង្សមាសថាបានដាក់ពាក្យបណ្ដឹងតាមរយៈមេធាវីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បេក្ខជនវគ្គផ្ដាច់ព្រ័ត្រកម្មវិធីCambodian Idol លោក ម៉ៅ ហាជី បានចេញមុខប្រកាសភ្លាមៗថា អ្វីដែលហង្សមាសបង្កឡើងគឺជាការបង្ខូចកិត្តិយស និងរំលោភលើខ្លួនទាំងស្រុង។ ជាមួយគ្នានោះ លោកក៏ប្រកាសថាមិនខ្លាចចំពោះចំណាត់ការណាមួយរបស់ហង្សមាស និងមិនមានលក្ខខណ្ឌណាមួយដែលតម្រូវឲ្យលោកត្រូវចូលខ្លួនដោះស្រាយនោះឡើយ។
ឆ្លើយឆ្លងជាមួយភ្នាក់ងារVOD រយៈពេលជាង៨នាទី លោក ម៉ៅ ហាជី បានអះអាងថា អ្វីដែលហង្សមាសធ្វើឲ្យមានការភ្ញាក់ផ្អើលគឺលោកមិនបានដឹងខ្លួនណាមួយនោះទេ។ លោកថ្លែងប្រាប់ថា៖ “ប៉ុន្មានថ្ងៃហ្នឹងខ្ញុំរវល់នៅតាមខេត្តរហូតគឺអត់មានដឹងរឿងអីទេ។ ប្រហែលកន្លះខែមុន ខ្ញុំឃើញពូរិទ្ធីគាត់ប្រកាសឲ្យខ្ញុំចូលខ្លួនទៅដោះស្រាយ ហើយថាដោះស្រាយរឿងអីទេ បើខ្ញុំអត់មានបានធ្វើអីខុសផង ដល់មុននេះទៀតឮថាខាងហង្សមាសប្ដឹងខ្ញុំ ខ្ញុំថាប្ដឹងរឿងអី បើខ្ញុំអត់មានដឹងអីផងហ្នឹង”។
ពាក់ព័ន្ធនឹងការបង្ហោះសារថាលោកបានចុះកុងត្រាជាមួយផលិតកម្មថោន លោកថា មិនមែនជាការពិតនោះទេគឺលោកគ្រាន់តែបានជជែកលែងជាមួយអ្នកភ្លេង និងបុគ្គលិករបស់ក្លិបថោន ក្នុងពេលផឹកស៊ីបានម្ដងពីរដងធ្វើឲ្យការទំនាក់ទំនងមានភាពល្អប្រសើរ បន្ទាប់ពីខ្លួនប្រលងធ្លាក់ពីកម្មវិធីCambodia Idol ប៉ុណ្ណោះ។
យ៉ាងណាមិញ លោក ម៉ៅ ហាជី បានសង្កត់ធ្ងន់ថា បើទោះជាលោកបានចុះកុងត្រាជាមួយថោនពិតមែន ក៏មិនមានអ្វីត្រូវនាំឲ្យកើតការប្ដឹងផ្ដល់នោះដែរ ដោយសារតែកិច្ចកុងត្រាជាមួយ Cambodian Idol គឺគ្រាន់តែចងបេក្ខជនបេក្ខនារីកុំឲ្យរត់ចោលការប្រឡងមុនពេលកម្មវិធីត្រូវបានពន្យារពេល។ លោកនិយាយថា៖ “ក្នុងពេលប្រឡងហ្នឹង គេមានកិច្ចសន្យាដល់ឆ្នាំ២០១៦មែន ប៉ុន្តែបើតាមអ្វីដែលខ្ញុំចាំគឺគេខ្លាចកម្មវិធីហ្នឹងត្រូវពន្យារដល់ពាក់កណ្ដាលឆ្នាំ២០១៦នៅតែមិនទាន់ចប់ ហើយតម្រូវបេក្ខជនកុំជាប់ពាក់ព័ន្ធជាមួយកម្មវិធីណា ឬជាមួយផលិតកម្មណា ដែលនាំឲ្យគេបិទសិទ្ធិមិនឲ្យមកប្រឡងនៅក្នុងកម្មវិធីធ្វើឲ្យខូចដល់កម្មវិធី Cambodian Idol ប៉ុណ្ណោះ តែឥឡូវកម្មវិធីហ្នឹងចប់ហើយ ម៉េចថាខ្ញុំរំលោភកុងត្រា”។
លោកថា ជារឿងចម្លែកដែលកម្មវិធី Cambodian Idol ត្រូវបានបញ្ចប់ទៅហើយ តែបែរជាខាងហង្សមាសកំណត់ឲ្យលោកសងថ្លៃខូចខាតចំពោះកម្មវិធី បើហ៊ានលួចចុះកុងត្រាជាមួយផលិតកម្មណាមួយ មុនចប់កាលបរិច្ឆេទនៃកិច្ចសន្យា។ លោកទទូចឲ្យហង្សមាសស្វែងរកភស្តុតាងពិតប្រាកដណាមួយ ដែលបានបញ្ជាក់ថាលោកចុះកុងត្រា៥ឆ្នាំជាមួយផលិតកម្មថោន ដូចអ្វីដែលបានប្រកាសឡើង។ លោកបន្តថា៖ “រឿងទាំងអស់ហ្នឹងគាត់គ្រាន់តែឃើញហ្វេសប៊ុកក៏មកនិយាយតាមទូរទស្សន៍បង្ខូចឈ្មោះខ្ញុំ។ មួយរយៈមុនហ្នឹងខ្ញុំមានដែលនៅផ្ទះណា នៅតែតាមខេត្តហ្នឹង! ឲ្យខ្ញុំឡើងបកស្រាយម៉េច បើគាត់បង្ខូចឈ្មោះខ្ញុំឡើងផ្អើលហើយហ្នឹង…ខ្ញុំនៅតែអត់យល់ដែលគាត់ថាខ្ញុំរំលោភកុងត្រាកម្មវិធី! រំលោភយ៉ាងម៉េច បើក្នុងពេលប្រឡងហ្នឹងគឺគេប្រាប់ច្បាស់ហ្នឹងថា គេកុងត្រាឲ្យដល់ឆ្នាំ២០១៦ហ្នឹង គឺខ្លាចកម្មវិធីពន្យារពេលប្រឡងដល់ពេលហ្នឹង ហើយម្នាក់ៗរត់ទៅកុងត្រាជាមួយអ្នកនេះជាមួយអ្នកនោះ ធ្វើឲ្យខូចកម្មវិធីគេតើ ហើយប្រាប់ថាតែចប់គឺចប់ហើយ"។

លោក មាស រិទ្ធី និងលោក ម៉ៅ ហាជី កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក)
បេក្ខជនកម្មវិធី Cambodian Idol រូបនេះបន្តទៀតថា លោកថាអត់មានហេតុផលណាមួយដែលលោកត្រូវចូលខ្លួនសម្របសម្រួលឬបកស្រាយជាមួយប្រតិកម្មរបស់ហង្សមាសនោះទេ ដោយលោកបានទាំងចោទដោយសម្ដីមុតថា ការរំលេចការប្ដឹងផ្ដល់របស់ហង្សមាស និងចោទថាលោករំលោភកិច្ចកុងត្រាគឺជាបំផ្លាញកិត្តិសរបស់លោកទាំងស្រុង។ លោកបានឆ្លើយតបនឹងការបញ្ជាក់របស់លោក មាស រិទ្ធី ដែលចោទថាលោកគេចចេញពីទទួលខុសត្រូវនោះថា៖ “ឲ្យខ្ញុំចូលខ្លួនដោះស្រាយម៉េច បើគាត់ជាអ្នកផ្សព្វផ្សាយតែខ្លួនឯងហ្នឹង ហើយអារឿងថាខ្ញុំបិទទូរស័ព្ទគឺអត់មានទេ ទូរស័ព្ទខ្ញុំមាន២ប្រព័ន្ធគឺប្រព័ន្ធបងឯងខលមក និងប្រព័ន្ធមួយទៀត ហើយខ្ញុំអត់ដែលឃើញគាត់ខលមកអាប្រព័ន្ធខ្ញុំកំពុងនិយាយហ្នឹងទេ ចំណែកអាមួយទៀតខ្ញុំបាត់ទូរស័ព្ទហើយហ្នឹង ម្យ៉ាងខ្ញុំចុះខេត្តមានសេវាមកពីណាអាប្រព័ន្ធបងឯងខលមកហ្នឹង”។
ពាក់ព័ន្ធនឹងករណីដែលលោក មាស រិទ្ធី បានអះអាងថាលោកមិនមកក្នុងថ្ងៃណាត់ជួបក្រោយពេលបែកដំណឹងថាបានលួចចុះកុងត្រាជាមួយផលិតកម្មថោននោះ ម៉ៅ ហាជី អះអាងថា៖ “ថ្ងៃហ្នឹងគាត់ហៅខ្ញុំ ខ្ញុំជាប់រវល់ ហើយដោយសារខ្ញុំអត់ចង់ធ្វើការជាមួយហង្សមាសទៀត ទើបខ្ញុំផ្ញើសារទៅបងទីតូ(អ្នករៀបចំកម្មវិធីCambodian Idol) ថាខ្ញុំអត់បានទៅទេ ព្រោះខ្ញុំប្រឡងចប់ហើយ ខ្ញុំសូមដកខ្លួន ខ្ញុំអត់ចង់ធ្វើការនៅហ្នឹងទៀតទេ”។ លោកបានថ្លែងអំណរគុណចំពោះហង្សមាស ដែលជួយឲ្យលោកល្បីឈ្មោះនៅក្នុងកម្មវិធី Cambodian Idol ប៉ុន្តែក៏បង្ហាញអារម្មណ៍តូចចិត្តដែលលោកថាស្ថាប័នមួយនេះបានធ្វើឲ្យលោកខូចបង់កិត្តិយស ព្រោះតែការចោទប្រកាន់ថាលោកល្មើសកុងត្រាដោយមិនមានមូលដ្ឋានច្បាស់លាស់នោះផងដែរ។
ជាការឆ្លើយតប លោក មាស រិទ្ធី បានថ្លែងប្រាប់ថា ហង្សមាសមិនដែលចោទប្រកាន់ថាលោក ម៉ៅ ហាជី លួចចុះកុងត្រាជាមួយផលិតកម្មថោននោះទេ ដោយគ្រាន់តែសុំឲ្យលោកចូលខ្លួនបកស្រាយពាក់ព័ន្ធនឹងការលេចឮដែលបានបង្ហោះនោះតែប៉ុណ្ណោះ។ ប៉ុន្តែមកពីលោក ម៉ៅ ហាជី ខ្លួនឯងបាត់មុខបាត់ស្រមោលទើបធ្វើឲ្យរឿងវាក្លាយទៅជារឿងវែងឆ្ងាយ។ លោកទទូចឲ្យ ម៉ៅ ហាជី មើលឲ្យច្បាស់ពីខ្លឹមសាររបស់កុងត្រាឡើងវិញ ដើម្បីឲ្យបានច្បាស់ថា រាល់បេក្ខជនដែលឈានដល់វគ្គLive Show ទាំងអស់ពិតជាជាប់កុងត្រារយៈពេលមួយឆ្នាំទៀត បើទោះជាកម្មវិធីបានបញ្ចប់។
លោក មាស រិទ្ធី បញ្ជាក់ថា៖ “សុំឲ្យហាជីមើលឡើងវិញ ឲ្យគាត់យល់ថាគេធ្វើ Business មិនមែនគេខំចំណាយលុយឲ្យឯងល្បីចង់ងាប់ ហើយបណ្ដោយឲ្យឯងទៅច្រៀងនៅកន្លែងផ្សេង មុនចប់កុងត្រាបានទេ ហើយខ្ញុំជឿថាកន្លែងផ្សេងដែលចង់ទទួលហាជីក៏ត្រូវតែយល់ដែរ”។ លោកបន្ថែមថា ហង្សមាស នៅតែឲ្យមេធាវីបន្តកិច្ចការមួយនេះជាធម្មតាដរាបណា ហាជី មិនព្រមចូលខ្លួនបញ្ជាក់ឲ្យច្បាស់លាស់ជាងនេះ ដើម្បីកុំឲ្យបេក្ខជនក្នុងកម្មវិធីប្រលងក្រោយៗ ហ៊ានធ្វើបែបនេះបណ្ដាលឲ្យខូចឈ្មោះកម្មវិធីលំដាប់ថ្នាក់ពិភពលោកដែលហង្សមាសទិញសិទ្ធិរៀបចំ៕
សរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
