សមត្ថកិច្ច​ថា​ជនដៃដល់​សម្លាប់សមាជិកគ្រួសារ​៤នាក់នៅខេត្តកំពង់ចាម​ធ្វើអត្តឃាតរត់ចូលឲ្យឡានបុក​

ដោយ៖​ ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី2 ធ្នូ 2015
http://vodhotnews.com

រូបថតពីហ្វេសប៊ុករបស់​ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​បុរសម្នាក់ ឈ្មោះ អេង ធី ដែលជាប់ពាក់ព័ន្ធ​នឹង​ការ​​សម្លាប់​ប្រពន្ធ កូនពីរនាក់​និង​ម្តាយ​ក្មេក​ខ្លួ​ន​ឯង​ បានធ្វើអត្តឃាត​ ដោយ​រត់ចូល​រថយន្ត​សម្លាប់ខ្លួនឯង​ កាលពី​ថ្ងៃ​អង្គារម្សិលមិញនេះ។​

កាលពីថ្ងៃចន្ទ វេលាម៉ោងប្រមាណ​១១យប់​ មានឃាតកម្មមួយ​កើតឡើ​ង​នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ស្វាយ សាខន ដែលជា​ឪក្មេក​រ​បស់​ជន​ដៃដល់។ ផ្ទះជនរងគ្រោះមានទីតាំងនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម។ បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យលើករណីឃាតកម្មនេះ ត្រូវ​ជា​កូនប្រសារបស់លោក ស្វាយ សុខន ដែលរងរបួស​ធ្ងន់ក្នុងឃាតកម្មនោះ។ សមត្ថកិច្ចអះអាង​ថាជន​​សង្ស័នេះបា​ន​យកកាំបិតកាប់ទៅលើឪពុកម្ដាយក្មេក ប្រពន្ធនិង​កូនទាំង២របស់​ខ្លួន(កូនស្រីអា​យុ៦​ឆ្នាំ​​​និងប្រុស​អាយុ​៤ឆ្នាំ)។

បើតាមគេហទំព័រហ្វេសបុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជនសង្ស័យ​បានជួបគ្រោះថ្នាក់​ចរា​ចរណ៍​ដោយ​​រថ​យន្ត​​កិន​បែ​ក​ក្បាលស្លាប់​ នៅតាមបណ្តាយផ្លូវលំមួយ ​ក្នុងភូមិវាលធំ ឃុំគគីធំ ស្រុក​បារាយ​ណ៍​ ខេត្តកំពង់ធំ។​

ស្នងការ​នគរបាលខេត្តកំពង់ចាម លោក បែន រ័ត្ន ប្រាប់វីអូឌី(VOD)ថាអេង ធី ​ត្រូវរថយន្តបុកនៅ​ម៉ោងប្រ​មា​ណ​៩និង១៥នាទីយប់​ ថ្ងៃទី០១ខែ​ធ្នូ ហើយ​ម្ចាស់រថយន្ត​បើករត់​ចេញពីកន្លែងកើតហេតុ។ លោក​បន្ត​ថា​ ​សមត្ថកិច្ចកំពុងតែសហការស្រាវជ្រាវ​តាម​រករថយន្តនោះ។ ​លោកមានប្រសាសន៍ថា៖ “ព្រោះ​ប្រជាពលរដ្ឋ យើងបានសួរ​ទៅ គាត់ថាឡានទៅមកទៅមក មិនដឹងជា​ឡា​ន​ណាជា​ឡានណី ហើយផ្លូវលំផង វាមិនមែន ជាផ្លូវកៅស៊ូ។​ ខាងកំពង់ធំគេធ្វើ​ព្រោះបុកនៅ​លើទឹក​ដីខេត្តកំពង់ធំ វាជាប់ព្រំដែនខេត្តកំពង់ចាមក៏ពិតមែន ក៏ប៉ុន្តែវាក្នុងទឹកដីខេត្តកំពង់ធំ យើង​ក៏​សហការ​ធ្វើដែ​រ​ព្រោះ​តាម​ប្រមាញ់​នេះ​គឺ​គេក៏សហការធ្វើដែរ”។​

ស្នងការនគរបាល​ខេត្តកំពង់ធំ លោកជូ សំអាន ប្រាប់វីអូឌី​(VOD)នៅព្រឹកថ្ងៃពុធនេះ​ថាបើតាមកា​រសន្និ​ដ្ឋាន​គឺជនដៃដល់​បានរត់ចូលឡាន។ លោក​មានប្រសាសន៍ថា៖ …ពេលដែលយើងទៅឃើញហ្នឹងគឺម​នុស្សស្លា​ប់រួច​ទៅហើយ ហើយមើលទៅ​គឺមុខសញ្ញា​ដែលយើងតាម​ប្រផាប់​​ប្រភីង​ហ្នឹងហើយ ដោយសា​រកម្លាំ​​ងយើងរុករកពេញតែព្រៃទៅ ស្រាប់​តែវាលេចចេញគ្រោះ​ថ្នាក់ចរាចរណ៍ហ្នឹ​ងហ្មងទៅ។ យើងសន្និដ្ឋាន អានេះគឺរត់ចូលឡាន”

មេឃុំស្ពឺ លោក ម៉ែន ហ៊ុន មានប្រសាសន៍ថា​លោក​ឭតៗគ្នាមកថាលោក អេង ធី រត់​ចូល​ឡាន​ដោយ​ខ្លួនឯង។ លោក​បន្ត​ថាជនដៃដល់គឺជាមនុស្ស​ដែលឧស្សាហ៍​ប្រើ​ប្រាស់អំពើហិង្សាលើ​គ្រួសាររហូតមាន​ការប្តឹងទៅប៉ូលិសយកជនដៃដល់ទៅអប់រំ។ លោកបន្ថែម​ថា​ជនសង្ស័​យ​ក៏ជា​មនុស្ស​ដែលគ្រួសារ​ឪពុកម្តាយក្មេកបានកាត់កាលចោល។ មេឃុំឲ្យដឹងថាឃាតកម្មនោះបានកើតឡើងនៅវេលាម៉ោង១១យប់ ហើយប្រជាជនរស់នៅក្បែរនោះ​បាន​ដឹង​​នៅកន្លះ​ម៉ោ​ងក្រោយ។​

បន្ទាប់ពីឃាតកម្មកើតឡើង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ចាម លោក ឡុង រី បានចេញសេចក្តីអំពាវនាវមួយ ដោយចូលរួមរំលែកទុក្ខនិងអំពាវនាវដល់​ជនរួមជាតិទាំងក្នុងនិងក្រៅ​ប្រទេស​​​ចូលរួម​បរិច្ចាគថវិកា និងចូលបច័្ចយ ដើម្បីរៀបចំពិធីបុណ្យសពក្រុម​គ្រួសារនិងសម្រាប់ជួ​យព្យាបា​ល​​របួស​ជនរងគ្រោះ ឈ្មោះ ស្វាយ សាខន ដែលជាសមាជិកក្រុមប្រឹក្សា​ឃុំគណបក្សសង្គ្រោះជាតិផ​ងដែរ​។ គណបក្ស​បាន​ចាត់ទុក​ករណីឃាតកម្មនេះ​ប្រព្រឹត្ត​ដោយ​កូនប្រសារបស់ជន​រងគ្រោះដែលរងរបួសធ្ងន់៕

សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈhunsirivadh@gmail.com

What Next?

Recent Articles