ដោយ ឡេង ម៉ាលី
2015-12-01
RFA

អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ធ្វើសវនាការសួរដេញដោលសាក្សី (2TCW 918) អំពីការធ្វើការដោយបង្ខំនៅការដ្ឋានទំនប់ត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ Photo courtesy of ECCC
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១ ធ្នូ បន្តធ្វើសវនាការសួរដេញដោលសាក្សីលាក់ឈ្មោះពាក់ព័ន្ធនឹងអង្គហេតុធ្វើការងារដោយបង្ខំនៅការដ្ឋានទំនប់ត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ។ សាក្សីដែលមានតួនាទីជាមេបញ្ជាការកងចល័តតំបន់ បដិសេធនឹងពាក្យសាក្សីផ្សេងទៀតដែលថា ពលករនៅទីនោះធ្វើការងារដូចសត្វ។
ការបដិសេធរបស់សាក្សីដែលមានឈ្មោះជាលេខកូដជំនួសថា 2TCW918 គឺធ្វើឡើងនៅរសៀលថ្ងៃទី១ ធ្នូ ពេលដែលចៅក្រមជំនុំជម្រះសាលាដំបូងសួរដេញដោលជុំវិញស្ថានភាពធ្វើការងារ និងការចាប់ខ្លួនមនុស្ស នៅការដ្ឋានអាងត្រពាំងថ្ម៖ «ខ្ញុំនៅ គឺមិនដូចពាក្យគាត់និយាយហ្នឹងទេ តែពេលដែលខ្ញុំទៅនេសាទមានដូចពាក្យនោះគាត់និយាយក៏មិនដឹង។ ខ្ញុំមិនបានដឹង ព្រោះខ្ញុំចេញទៅនេសាទហើយ។ កាលដែលខ្ញុំនៅអត់មានទេ។ ជំងឺមាន មានឈឺដោយរាកមួយ ហើយក៏គ្រុន។ តែរឿងអត់អាហារមិនអត់ទេ គឺបញ្ហាមកពីទឹកមិនស្អាត តែងចុកពោះតែងអីនៅតាមមន្ទីរពេទ្យធ្លាប់ឃើញ»។
សាក្សីរូបនេះថ្លែងថា លោកមិនបានដឹងថា កម្មករទាំងនោះរស់នៅដោយការភ័យខ្លាច ឬបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងពេលដែលលោកនៅជាមេបញ្ជាការកងចល័តតំបន់ នៅសមរភូមិលើកទំនប់អាងត្រពាំងថ្មនោះ ថ្វីបើសាក្សីខ្លះទៀតអះអាងថា មានកម្មករមួយចំនួនត្រូវបានគេបញ្ជូនទៅដឹកទំនិញ ហើយបាត់ខ្លួនរហូត។
ស្របពេលដែលអង្គជំនុំជម្រះកំពុងស្ដាប់សក្ខីកម្មរបស់សាក្សីរូបនេះ សហព្រះរាជអាជ្ញាក៏ស្នើសុំដាក់បន្ថែមឯកសារភស្តុតាង និងសាក្សីទាក់ទងនឹងអង្គហេតុស្ដីពីការសម្លាប់ជនជាតិចាម និងវៀតណាម ដែលអង្គជំនុំជម្រះនឹងស្ដាប់នៅពេលបន្តបន្ទាប់ខាងមុខនេះ។ សក្ខីកម្មទាំងនេះ គឺជាចម្លើយសាក្សីយកពីក្នុងសំណុំរឿងលេខ ០០៣។
សហព្រះរាជអាជ្ញាអន្តរជាតិថ្លែងថា សាក្សីថ្មីនេះ គឺជាសាក្សីផ្ទាល់ទាក់ទងនឹងការបញ្ជាឱ្យសម្លាប់ជនជាតិវៀតណាម ២ករណី នៅលើកោះមួយ បន្ទាប់ពីមេបញ្ជាការត្រឡប់ពីរៀនវគ្គនយោបាយ។ មេបញ្ជាការរូបនោះ បញ្ជាឱ្យទាហានរបស់គាត់ចាត់ទុកជនជាតិវៀតណាមថា ជាខ្មាំងទី ១៖ «បន្ទាប់មក គឺគាត់បញ្ជាឱ្យបាញ់សម្លាប់ គឺមិនត្រឹមតែទាហានវៀតណាមទេ សូម្បីតែជនស៊ីវិលវៀតណាម ក៏គាត់បញ្ជាឱ្យបាញ់សម្លាប់ដែរ។ ដោយសារតែផ្អែកលើព័ត៌មានទាំងអស់នេះហើយ យើងជឿជាក់ថាសាក្សីរូបនេះអាចផ្ដល់ព័ត៌មាន ក៏ដូចជាភស្តុតាងសំខាន់ៗ ទាក់ទងនឹងគោលនយោបាយរបស់របបហ្នឹង ក្នុងការកំណត់មុខសញ្ញាទៅលើជនជាតិវៀតណាម។ មិនត្រឹមតែទាហានវៀតណាមទេ សូម្បីតែជនស៊ីវិលវៀតណាមក៏ជាគោលដៅរបស់ពួកគេ។ ហេតុដូច្នេះហើយ ទើបខ្ញុំស្នើសុំឱ្យកោះហៅសាក្សីនេះ មកចូលរួមក្នុងសវនាការ»។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ (Victor Koppe) ជំទាស់នឹងសំណើសុំដាក់ចម្លើយសាក្សីរូបនេះជាភស្តុតាង ព្រោះមានមនុស្សតែម្នាក់ក្នុងកងពលមួយ៖ «សាក្សីនោះជាទាហានតែម្នាក់គត់មកពីកងពល១៦៤ ដែលមកពីសំណុំរឿង ០០៣។ ដូច្នេះខ្ញុំគិតថា យើងមិនគួរស្ដាប់គាត់ក្នុងនាមជាសាក្សីតែនៅលើមួយផ្នែកនោះទេ គឺរង់ចាំរហូតទៅដល់ពេលការស៊ើបអង្កេតសំណុំរឿង ០០៣ បានបញ្ចប់ ទើបយើងអាចដឹងអំពីភាពដែលអាចជឿជាក់បានលើសក្ខីកម្មរបស់គាត់»។
ស្របគ្នានឹងការជំទាស់របស់មេធាវីការពារក្ដីជនជាប់ចោទ នួន ជា នេះដែរ មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ជំទាស់ថា ខាងភាគីខ្លួនមិនមានព័ត៌មានគ្រប់គ្រាន់ពីសាក្សីនេះទេ។ ទាក់ទងនឹងការស្នើសុំដាក់ឯកសារចម្លើយសាក្សីក្នុងរឿងសម្លាប់ជនជាតិចាមវិញ ក៏ភាគីជនជាប់ចោទ ខៀវ សំផន ជំទាស់ថា ជាភស្តុតាងមានតម្លៃតិចតួចបំផុត ព្រោះសាក្សីមិនបានចូលខ្លួនមកឱ្យភាគីការពារក្ដីសួរដេញដោលក្នុងសវនាការ។
ទោះជាមានហេតុផលទាំងការស្នើសុំ និងការជំទាស់យ៉ាងនេះក្ដី ក៏អង្គជំនុំជម្រះសាលាដំបូងនៅមិនទាន់សម្រេចថា យ៉ាងម៉េចនៅឡើយទេ។ ប្រធានអង្គជំនុំជម្រះសាលាដំបូងលោកចៅក្រម និល ណុន ថ្លែងថា អង្គជំនុំជម្រះនឹងពិចារណាបញ្ហានេះ ហើយនឹងចេញសេចក្ដីសម្រេចនៅពេលដ៏ខ្លីខាងមុខ។
អង្គជំនុំជម្រះសាលាដំបូង គ្រោងបញ្ចប់ការស្ដាប់សក្ខីកម្មរបស់សាក្សី 2TCW 918 អំពីការដ្ឋានទំនប់ត្រពាំងថ្ម នៅថ្ងៃពុធ ទី២ ធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាក្សី៖ ការធ្វើការនៅការដ្ឋានទំនប់ត្រពាំងថ្មមិនមែនជាការងារដោយបង្ខំទេ
- សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមគ្រោងបញ្ចប់សំណុំរឿង០០២វគ្គ២នៅចុងឆ្នាំ២០១៦
- សាលាក្ដីខ្មែរក្រហមនឹងបន្តសវនាការសំណុំរឿង០០២វគ្គ២នៅថ្ងៃ៣០ វិច្ឆិកា
- ជនជាប់ចោទ នួន ជា ចោទតុលាការថាលំអៀងដោយមិនកោះហៅលោក ហេង សំរិន
- តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមនឹងធ្វើសវនាការលើបណ្ដឹងសាទុក្ខនៅថ្ងៃ១៧ វិច្ឆិកា
- សាក្សីជម្រាបអង្គជំនុំជម្រះថាឃើញពួកខ្មែរក្រហមវះស្ត្រីជនជាតិវៀតណាមយកប្រមាត់
- សាក្សីឃើញពួកខ្មែរក្រហមជ្រើសរើសជនជាតិវៀតណាមយកទៅសម្លាប់
- អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបន្តសវនាការជាអសាធារណៈ
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការពីរសប្ដាហ៍ក្រោយបុណ្យភ្ជុំបិណ្ឌ