អ្នក​និពន្ធ​ន័រវែសប្រើ​ពេល ៤ ឆ្នាំ​ផលិត​អាល់ប៊ុមចម្រៀង​​ខ្មែរ​ផ្សំ​ភ្លេង​អារ៉ាប់

អាល់ប៊ុម Live in Concert ដែល​ប្រើ​ចម្រៀង​ខ្មែរ​លាយ​ភ្លេង​បែបអារ៉ាប់​ ត្រូវបាន​ចំណាយពេល​ផលិត ៤ ឆ្នាំ។ រូប សហការី

អាល់ប៊ុម Live in Concert ដែល​ប្រើ​ចម្រៀង​ខ្មែរ​លាយ​ភ្លេង​បែបអារ៉ាប់​ ត្រូវបាន​ចំណាយពេល​ផលិត ៤ ឆ្នាំ។ រូប សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ជា​អ្នកនិពន្ធ​ជនជាតិ​ន័រវែស លោក អ៊ីនហ្គូល​ ហាលែន បាន​ចំណាយ​ពេល ៤ ឆ្នាំ​តាក់​តែងចម្រៀង ៩ បទ​ដែល​នឹងរំលេច​ក្នុង​អាល់ប៊ុមរបស់​លោក​នៅខែ​នេះ។ អាល់ប៊ុម​ថ្មី​នេះជា​ការ​បញ្ចូលគ្នា​រវាងឧបករណ៍​ភ្លេងអារ៉ាប់ ការ​រៀបចំ​បែប​បស្ចិម​ប្រទេស និង​អ្នក​ចម្រៀង​ខ្មែរ។

តន្ដ្រី​ករ​សក់​ពណ៌​ទង់​ដែង ដែល​ជា​ជំនួយ​ការ​សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ​អេហ្គ​ឌ័រ​ នៃ​ប្រទេស​ន័រវែស​ បាន​និយាយ​តាម​ Skype កាល​ពីពីរ​សប្ដាហ៍​មុន​ថា​៖ «​វា​ទាមទារ​ពេល​វេលាច្រើន​ទើប​សម្រេច​លទ្ធផល​ថ្ងៃ​នេះ។ ប្រាកដ​ណាស់ ពេលយើង​ធ្វើ​ការជាង ២០ ម៉ោង​ក្នុង​មួយ​ថ្ងៃ​មួយ​រយៈ​វែង​ វាមិនល្អ​ចំពោះ​សុខភាព​ឡើយ​។ ប៉ុន្ដែ​​យើង​​ត្រូវ​បង្ហាញ​ថា យើងអាច​ធ្វើ​វាបាន​»។

លោក ហាលែន បាន​ផលិត​អាល់ប៊ុម​ថ្មី​ «Live in Concert» កាល​ពី​ចុង​ខែ​មីនា ជាមួយនឹង​តារា​ចម្រៀងកម្ពុជា អ៊ុច សាវី និងវង់ភ្លេង​តន្ដ្រី​ស៊ីមហ្វូនី​មក​ពីក្រុង​គ្រីស្ទៀនសេន​នៅ​មជ្ឈមណ្ឌល​សម្ដែង​សិល្បៈ​ឃីលដេន ក្នុង​ប្រទេស​ន័រ​វែស​។

តន្ដ្រី​ចម្រៀង​ប្រើ​ដោយ​សំឡេង​ព្យ៉ាណូ​ស្រាលរបស់​លោក ហាលែន ផ្សំ​ជាមួយ​សូរ​សៀង​ក្រុម​តន្ដ្រីករចម្រុះ​ជាតិ​សាសន៍​បង្កើត​បាន​ជា​បទភ្លេង​សប្បាយ ​លន្លង់លន្លោច និង​ព្រឺព្រួច​។ វា​គីជា​កិច្ចសហការ​ដ៏​តាន​តឹង​បំផុតសម្រាប់​តន្ដ្រីករ​ជនជាតិ​ន័រវែស​រូប​នេះ។


តារា ចម្រៀង អ៊ុច សាវី​។  Victoria Morck Madsen

តារា ចម្រៀង អ៊ុច សាវី​។ Victoria Morck Madsen

លោក ហាលែន បាន​បន្ដថា​៖ «​ការ​ច្របាច់​បញ្ចូល​តន្ដ្រី​ប្រើ​ខ្សែជាមួយ​ឧបករណ៍​ភ្លេង​អារ៉ាប់ គ្មាន​នរណា​អាច​ធ្វើបាន​ឡើយ​ ពីព្រោះ​ពួក​គេ​និយាយ​ថា វា​ទៅ​មិន​រួច​ទេ​»។

បទនិពន្ធ​សម្រាប់​បេក្ខភាព​បណ្ឌិត ក្រោម​ចំណង​ជើង​ថា «តើ​មាន​វិធីអ្វី​អាច​អភិវឌ្ឍសំឡេង​តន្ត្រី​ប្លែកពីគេ? គំនិត​ទស្សនៈ​របស់​អ្នក​សម្ដែង​ម្នាក់ បទចម្រៀង​ទាំង​នោះ​គឺជា​ផ្នែក​មួយ​នៃ​អត្ដសញ្ញាណ​តន្ដ្រី​កម្មសិទ្ធិ​របស់​លោក​ និង​ជា​ឱកាស​ជំរុញ​សមត្ថភាព​សិល្បៈ​ឲ្យ​ឆ្ពោះ​ទៅ​មុខ​»។

តន្ដ្រីករ​ន័រវែស​បាន​ជួប​តារា​ចម្រៀង​ខ្មែរ សាវី ក្នុង​ប្រទេស​កម្ពុជានា​ឆ្នាំ ២០០៩​។ ដោយ​បាន​ចំណាយ​ពេល​ក្នុង​ប្រទេសលីបង់​ និង​ប៉ាឡេស្ទីន​ លោក​បាន​ពាំ​នាំ​នូវ​បទភ្លេង​បែបអារ៉ាប់​មក​បញ្ចូល​ជាមួយ​ចម្រៀង​ខ្មែរ​។ ជាមួយ​នឹង​ការ​ខិតខំរិះ​រក​វិធី​ផ្សែ​ផ្សំ​គ្រឿង​ទាំង​ពីរ លោក​​បាន​ពិគ្រោះ​ជាមួយមិត្ដភក្ដិ​ម្នាក់​​បម្រើ​នៅ​សិល្បៈ​ខ្មែរ​អមតៈ​ ដែល​ណែនាំ​លោក​ឲ្យ​ស្គាល់​តារា​វ័យ ២៨ ឆ្នាំ​នោះ​។

សាវី ជា​សិស្ស​របស់​គ្រូ​ចាប៉ី​ដងវែង​​ពិការ​ភ្នែក លោកតា គង់​ ណៃ បាន​និយាយ​ថា​៖ «​នៅពេល​ខ្ញុំ​សម្ដែង​ខនសឺត មនុស្ស​នៅ​ជុំវិញខ្លួន​ខ្ញុំ​គឺ​ជា​បរទេស​។ ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានតំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្ដរជាតិ​»។

ថ្វីដ្បិតតែ សាវី គ្រោង​ទៅ​ប្រទេស​ន័រវែស​តែ​ប៉ុន្មាន​ថ្ងៃ​ ប៉ុន្ដែ​នាង​ពិតជា​រីករាយ​ក្នុង​ការពន្យា​រពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​ពេល​ត្រូវបាន​ស្នើ​សម្ដែង​ឲ្យសមាគម​ខ្មែរ​មួយ​។ អ្នកនាង​បាន​រំឭក​ថា​៖ «​ពួកគេ​បាន​ប្រាប់​ខ្ញុំថា ពួកគេ​មិន​បាន​ឮ​សំឡេង​ចាប៉ី​ ឬ​ចម្រៀង​បុរាណ​ខ្មែរ​អស់ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​។ ខ្ញុំ​រីករាយ​ក្នុង​ការ​សម្ដែង​ជូន​ពួកគេ»។

អ្នកនាងក៏​បាន​​ទៅ​វិទ្យាស្ថាន​តន្ដ្រី​នៅ​ប្រទេស​ស៊ុយ​អែត​ដើម្បី​រៀបចំ​សិក្ខាសាលា​ចម្រៀង​ប្រពៃណី​ខ្មែរ​ផង​ដែរ​។

ក្រោយ​ពី​បញ្ចប់​ខនសឺត​ដែលជា «​​ព្រឹត្ដិការណ៍​សំខាន់​ក្នុង​ឆាកជីវិត​» របស់លោក ហាលែន អ្នក​និពន្ធ​សក់​ទង់​ដែង​រូប​នេះ​បាន​និយាយ​ថា លោក​ធូរ​ទ្រូង​ខ្លាំង​ណាស់។

ចំពោះ​អាល់ប៊ុម «​Live in Concert» នឹងបង្ហាញ​វត្ដមាន​លើ​ទីផ្សារ​នៅថ្ងៃ​ទី ១៥ ខែ​ធ្នូ នៅ​​ហាង​លក់​សៀវភៅ Monument Books ព្រមទាំង​អាច​រកជាវ​បាន​នៅ iTunes និង Amazon ផង​ដែរ៕


What Next?

Recent Articles