ប្រជានេសាទថាបទល្មើសនេសាទនៅបឹងទន្លេសាបដោយសារ​មន្រ្តីមិនទប់ស្កាត់​

ដោយ៖​ បូ សាវី​ | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជានេសាទខ្មែរនៅខេត្ដសៀមរាបអះអាងថាក្រុមជនជាតិវៀតណាម​មួយក្រុម​បានប្រើ​ឧបករណ៍​​នេ​សាទ​ខុស​ច្បាប់នៅផ្ទៃបឹងទន្លេសាបដោយ​ពួក​គេចោទថាមន្ដ្រីជំនាញ​ពាក់ព័ន្ធ​មិនចាត់វិធានការ។

ប្រជាសហគមន៍នេសាទនៅភូមិ២សង្កាត់ចុងឃ្នៀសលោក ព្រាប ស៊ីវ ប្រាប់VOD​នៅ​ថ្ងៃនេះថាជនជាតិវៀតណាមបានប្រើ​ឧបករណ៍​ខុស​ច្បាប់​ធ្វើ​នេសាទ​ធ្វើឲ្យបាត់បង់ធនធានមច្ឆាជាតិនិងបំផ្លាញដល់​ឧបករណ៍នេសាទខ្មែរ​ជាលក្ខណៈគ្រួសារ។ លោក​​ថាបទល្មើស​ទាំង​នោះរួមមានការ​អូស​យាំងកាវ រុញស៊ីប អូសដោយម៉ាស៊ីនធំៗជាដើម។ លោកបន្ដថាអ្នក​ប្រព្រឹត​​នោះ​ឈ្មោះ ស៊ិន កៅ និង វង់ ចាន់ ដែលជា​មេកញ្ច្រែងធំព្រម​ទាំង​បក្ស​​ពួកជាច្រើនទៀតទាំង​ជនជាតិខ្មែរ​និងវៀតណាម។ លោកបន្តថា៖ “គេធ្វើចាប់ពីអាមុខវា​ក្រឡា៤ហ៊ុនទៅបន្ទាប់មក៣ហ៊ុនទៅបន្ទាប់មក១ហ៊ុនកន្លះបន្ទាប់មក១ហ៊ុនគត់គូតវាហ្នឹងដែលសំរាប់ចាប់ត្រី​នោះណាញឹក​មែន​ទេសូមឲ្យលោកខេត្ដជួយទប់ស្កាត់បទល្មើសនេះផងព្រោះអានេះបំផ្លាញពួជត្រីបំផ្លាញ​បំផ្លាញប្រជាជនទៀតដែលរាយមងដែលធ្វើអាជីកម្មអត់កើតទេវាអូសបំផ្លាញអស់ម្នាក់ៗចង់ងាប់ហើយសូមបងជួយផងបង”។

ប្រជានេសាទមួយទៀតនៅសង្កាត់ចុងឃ្នៀសលោក ការ នួន ឲ្យដឹងថាពួកគាត់បានប្តូរទៅរាយមង​នៅទឹកដីខេត្ដពោធិ៍សាត់ដោយសារ​នៅតំបន់​ដែល​ពួកគេរស់នៅ​មានក្រុមជនល្មើស​ប្រើឧបករណ៍ខុស​ច្បាប់​អូសបំផ្លាញ​ឧបករណ៍​នេ​សាទជាគ្រួសាររបស់ពួកគាត់។ លោកបញ្ជាក់ថាក្រុម​អ្នក​ប្រើ​ឧបករណ៍នេសាទ​ខុសច្បាប់បាន​បើកទូកដេញ​បុកសម្លាប់​ពួក​គាត់ដោយ​សាររូបលោកនិងប្រជាសហគមន៍ផ្សេងទៀតចាប់​ឧបករណ៍ល្មើ​ស​ទាំង​នោះផ្ដល់ឲ្យអាជ្ញាធរ​។ លោក​ថាបទល្មើស​ដែលកើតឡើងនេះ​ដោយសារ​មន្ដ្រី​ជំនាញយកលុយប្រចាំខែពីជនល្មើសនេសាទ។ លោកបន្ត​ថា៖ “បាទមួយខែគេយកក្បាលទូកមួយពីរលានគេ​និយាយ​ប្រាប់ខ្ញុំ​ បើកាណូតធំគេយកមួយខែ១ពាន់ដុល្លារមានអីបងដល់ច្បាប់បើកចំហឲ្យរកចេះបទល្មើសកើនឡើង​តាម​អំពើចិត្ដដល់ពេលមើល​យប់​ម៉ិញមិនផែនការមិចមិនដឹងអ្នកណាចេញអីទេវាមានដង្កូវក្នុងសាច់សហ​ការ​ដល់មន្ដ្រីណាចង់ចេញចាប់ដែលអ្នកអត់ពុករលួយវាអត់ហ៊ានចេញមកទេ”។

VODមិនអាចទាក់នាយខណ្ឌរដ្ឋបាលជលផលខេត្ដសៀមរាបលោក ព្រិន សាវិន ដើម្បីអត្ថាធិ​ប្បាយ​លើករណីនេះ​បានទេដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដងគ្មានអ្នកទទួល។ អភិបាលខេត្ដលោក ឃឹម ប៊ុន​សុង ប្រាប់ថាជាប់រវល់។

ករណីនេះអ្នកនេសាទម្នាក់ដែលរងការចោទថាប្រើឧបករណ៍នេសាទខុសច្បាប់លោក សិន កៅ បដិ​សេធ។ ​លោក​ថាការចោទ​ប្រកាន់​នេះគ្មាន​ភស្ដុតាង​នោះទេដោយលោកទម្លាក់ទៅលើពល​រដ្ឋ​ខ្មែរថា​ក៍នេ​សា​​ទខុស​ច្បាប់​ដែរ។ លោកបន្តថា៖ “អត់មានទេអត់មានបង់លុយបង់កាក់ដល់សមត្ថកិច្ចសេដ្ឋកិច្ចអីទាំងអស់​វា​​ចោទប្រកាន់​វា​អត់​មានភស្ដុតាងមានភស្ដុតាងថាខ្ញុំនេះជាបទល្មើសនេសាទដឹងអ្ហាវាអត់មាន​ម៉ាហ៊ីហ្នឹង​វាប្ដឹងឡើងដោយសារខ្ញុំមេខ្លោងខ្ញុំចង់សួរវាមេខ្លោងខ្ញុំកន្លែងយកលុយយកកាក់ណារកចិញ្ចឹមប្រពន្ធកូនចិញ្ចឹម​​មិនរស់ផងយកលុយឲ្យអ្នក​ណាកើតពួកវាក៍លួចដែរដល់ពេលលួចទៅខុសៗលើពួកខ្ញុំដាច់មង់គេទៅខុស​លើ​ពួកខ្ញុំ

ទោះជាយ៉ាងណាប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជាលោក ឡុង សុចែត មានប្រសាសន៍ថាបទ​ល្មើស​នេសាទ​នេះកើត​ឡើងគ្រប់រូបភាព​ ជាពិសេសអូសណ រ៉ាវ និងដាក់ឆ្នុក។ លោកបារម្ភថាត្រី​ប្រហុក​នៅ​រដូវកាលខាងមុខនេះមិនសូវសំបូរដោយការប្រើនេសាទ​ដោយ​ឧបករណ៍​ខុស​ច្បាប់​នេះ។ លោកថាសហគមន៍​របស់លោកពិបាក​ទប់ស្កាត់​ដោយសារ​សមត្ថកិច្ច​ជំនាញមិនសហការ៕

សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles