Thu, 3 December 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ភាពយន្ដខ្នាតខ្លីពីរបស់ផលិតករខ្មែរវ័យក្មេង បានជាប់នៅក្នុងចំណោមភាពយន្ដជាប់ជម្រើសត្រៀមប្រជែងយកពានចំនួន ១៤៦ រឿងនៃ ៥១ ប្រទេសនៅក្នុងកម្មវិធីមហោស្រពភាពយន្ដអន្ដរជាតិសិង្ហបុរី (SGIF) លើកទី ២៦ នៅប្រទេសសិង្ហបុរី ដែលប្រារព្ធធ្វើតាំងពីថ្ងៃទី ២៦ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៥ នេះ។
SGIF បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំស្នាដៃភាពយន្ដរបស់ផលិតករនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីបង្ហាញឲ្យទស្សនិកជន បានស្គាល់អំពីទេពកោសល្យរបស់ពួកគេ និងប្រកួតយកពាន Silver Screen Awards។
ខូវ ស៊ូពីង បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈនៃកម្មវិធីមហោស្រពភាពយន្ដអន្ដរជាតិសិង្ហបុរីបានឲ្យដឹងថា៖ « SGIF ឆ្នាំ ២០១៥ នេះ បានសម្រាំងយកភាពយន្ដចំនួន ១៤៦ រឿងពី ៥១ ប្រទេស សម្រាប់ប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ភាពយន្ដនៃតំបន់អាស៊ីអាគ្នេយ៍ ដែលមានរយៈវែងជាងគេ។ តាមពិតទៅការប្រកួតដណ្តើមយកពាន Silver Screen Awards បានចាប់ផ្តើមតាំងពីឆ្នាំ ១៩៩១ មក ខណៈការប្រកួតប្រជែងត្រូវបែងចែកភាពយន្ដជាពីរប្រភេទគឺ៖ Asian Feature Film Competition និង Southeast Asian Short Film Competition»។
គួរជាទីមោទនភាពណាស់ដែលមានភាពយន្ដខ្នាតខ្លីខ្មែរចំនួនពីរគឺរឿង«អ្នករើសអេត ចាយ ឬ The Scavenger» ដែលជាវណ្ណកម្មរបស់ផលិតករ ឈិន សុធា និងរឿង «កង់បី ឬ Three Wheels ជាវណ្ណកម្ម របស់ផលិតករ នាង កាវិច។
ខូវ ស៊ូពីង បន្ដថា៖ «ភាពយន្ដខ្មែរThe Scavenger ដែលនិយាយពីជីវិតអ្នករើស អេត ចាយនៅតំបន់គំនរសំរាមក្នុងរាជធានីភ្នំពេញ ត្រូវបានទទួលសាទរពីទស្សនិកជនខ្លាំងនាពេលចាក់បញ្ចាំងនៅ TropFest Southeast Asia ទទួលបានពាន Audience Choice Award។ រឿងនេះនឹងត្រូវយកទៅបញ្ចាំងក្នុងការប្រកួត Southeast Asian Short Film Competition។ ចំណែករឿង Three Wheels ដែលនិយាយពីអាពាហ៍ពិពាហ៍ និងការណាត់ជួបរបស់ប្រជាជនខ្មែរក្នុងសម័យខ្មែរក្រហម ក៏បានជាប់ជម្រើសដែរនាពេលបញ្ចាំងក្នុងកម្មវិធី 20th Busan International Film Festival ខណៈផលិតករខ្មែរ នាង កាវិច រូបនេះគឺជាជនទី ១ ដែលជាសិស្សធ្លាប់រៀននៅសាលាបណ្តុះបណ្តាលភាពយន្ត Asian Film Academy»។
ចំពោះការប្រារព្ធកម្មវិធីមហោស្រពភាពយន្តអន្តរជាតិសិង្ហបុរីលើកទី ២៦ នេះ នឹងនាំយកខ្សែភាពយន្តទាំង ១៤៦ ទៅចាក់បញ្ចាំងនៅតាមមហោស្រពនានានៅឯតំបន់ Marina Bay Sands,National Museum of Singapore,Shaw Theatres Lido, National Gallery Singapore, The Arts House , The Projector និង The Substation៕

