Thu, 3 December 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ខណៈសម្ដីពីបុគ្គលិកក្រុមហ៊ុនហង្សមាសកាន់តែបង្កើនសំឡេងខ្លាំង បញ្ជាក់ថា ក្រដាសអាជ្ញាសឹក ពាក្យបណ្តឹង ហង្សមាស ប្តឹងបេក្ខភាព Cambodian Idol លោក ម៉ៅ ហាជី មេធាវីក៏បានបញ្ជូនទៅតុលាការសាលាដំបូងរាជធានីភ្នំពេញហើយ ប្តឹងពីបទរំលោភកិច្ចសន្យា កម្មវិធីប្រឡងចម្រៀង Cambodian Idol និងបង្ហើបថា «បេក្ខភាព Cambodian Idol ម្នាក់នេះ ប្រឈមការផាកពិន័យច្រើនម៉ឺនដុល្លារនោះក្តី ប៉ុន្តែក្នុងសម្ដីបដិសេធអមដោយការបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបេក្ខភាព Cambodian Idol លោក ម៉ៅ ហាជី បែរជាពោលថា លោកមិនបានធ្វើអ្វីខុសនឹងក្រុមហ៊ុនហង្សមាស និងកម្មវិធី Cambodian Idol នោះទេ។
បញ្ចេញអានុភាពបន្ថែមពីព័ត៌មានទាំងលើសំណេរ និងបង្ហើរជាសំឡេងប្រកាសជាសាធារណៈតាមកញ្ចក់ទូរទស្សន៍ថា ម៉ៅ ហាជី Cambodian Idol អាចនឹងរងពាក្យបណ្តឹងប្តឹងពីក្រុមហ៊ុន ហង្សមាស ហើយហង្សមាសកំពុងពិចារណារឿងប្តឹងបេក្ខភាព Cambodian Idol រូបនេះ ពីករណីរំលោភកិច្ចសន្យា Cambodian Idol ទៅចុះកុងត្រាជាមួយផលិតកម្មផ្សេងនោះខណៈដែលហង្សមាសហៅមកជួបពិភាក្សាពីរបីដងហើយ បេក្ខជនរូបនេះមិនចូលខ្លួននោះ។
ថ្មីៗក៏មានបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយអះអាងសម្ដីពីលោក មាស រិទ្ធី ពិធីករអានព័ត៌មានទូរទស្សន៍ហង្សមាស ដែលបញ្ជាក់ថា៖ «ហង្សមាសបានសម្រេចដាក់ពាក្យប្តឹង ម៉ៅ ហាជី ទៅសាលាដំបូងរាជធានីភ្នំពេញហើយ»។
ការចេញផ្សាយនោះក៏បានដកស្រង់សម្ដី លោក មាស រិទ្ធី ថា៖ «ហាជី ប្រឈមនឹងបណ្តឹងហង្សមាស ប្តឹងទារជំងឺចិត្តលើសពីរម៉ឺនដុល្លារ ហើយបើមិនចូលខ្លួនតាមដីកាកោះហៅលើកទី ១ ទេនោះ បេក្ខភាព Cambodian Idol រូបនេះក៏ប្រឈមដីកាចាប់ខ្លួនពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញនេះដែរ»។
តបនឹងកម្ដៅភ្លើងភាយចេញពីភាពចម្រូងចម្រាស ដែលហាក់ញែកបំបែកមនោសញ្ចេតនាបេក្ខភាព Cambodian Idol និងអ្នកគ្រប់គ្រងកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះ បេក្ខភាព Cambodian Idol លោក ម៉ៅ ហាជី ដែលត្រូវបានព័ត៌មានរំលេចថា កំពុងរងបណ្តឹងនោះ ក៏បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាព្រឹកម្សិលមិញថា លោកមិនបានធ្វើអ្វីខុសជាមួយក្រុមហ៊ុនហង្សមាសទេ ហើយលោកក៏គ្មានអ្វីនឹងចូលខ្លួនទៅដោះស្រាយអីដែរ។
បេក្ខជនដែលទទួលបានសំឡេងហ៊ោគាំទ្រច្រើនពេញស្ទូឌីយោប្រកួតលោក ម៉ៅ ហាជី បានថ្លែងអះអាងថា៖ «ខ្ញុំបានគោរពលក្ខខណ្ឌ Cambodian Idol ហើយគឺគ្រប់បេក្ខភាពដែលឡើងដល់វគ្គ Live Show ទាំងអស់មិនត្រូវបោះបង់ការប្រឡងបានទេ ហើយខ្ញុំគឺនៅប្រឡងទាល់ចប់កម្មវិធី ហើយរឿងអីត្រូវប្តឹងខ្ញុំ»។
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់អន្ដរជាតិ Cambodian Idol បានបណ្តុះ និងបង្ហាញឲ្យឃើញពីរលកសិល្បៈជំនាន់ថ្មីជាច្រើនរូបប្រកបដោយសមត្ថភាពសិល្បៈខ្ពស់ បើទោះជាកម្មវិធីមួយនេះ ចម្រាញ់យកតែម្នាក់លើកពានក៏ដោយ ហើយបេក្ខភាពដែលមិនបានលើកពានក៏កំពុងទទួលបានប្រជាប្រិយភាពនៅលើវិថីសិល្បៈនេះដែរ។
ទោះកំពុងមានរឿងចម្រូងចម្រាសក្ដី ក៏ ម៉ៅ ហាជី ទទួលស្គាល់ថា៖ «បើកុំមានឱកាសប្រឡង Cambodian Idol នេះខ្ញុំក៏មិនមានគេស្គាល់ និងទទួលបានការគាំទ្រច្រើនដែរ។ តែខ្ញុំក៏រងការអាម៉ាស់ខ្លាំងដោយសារហង្សមាសដែរ ជាមួយការផ្សាយក្នុងទូរទស្សន៍ថា ខ្ញុំរំលោភកិច្ចសន្យាចូលទៅផលិតកម្មផ្សេង»។
បន្ដពីសម្ដីខាងលើបេក្ខជន Cambodian Idol រូបសង្ហាមុខមានប្រជាប្រិយភាពមកពីខេត្តបាត់ដំបងរូបនេះ ក៏បានប្រកែកថា៖ «ព័ត៌មានល្បីថា ខ្ញុំចូលច្រៀងផលិតកម្មថោននោះក៏មិនពិតទេ ហ្វេសប៊ុកគេបង្ហោះ ដែលធ្វើឲ្យទំនាក់ទំនងខ្ញុំជាមួយហង្សមាសមានភាពល្អក់កករ និងមានការយល់ច្រឡំចំពោះខ្ញុំនោះ»។
ជាមួយនឹងសម្ដីប្រកែកថា ទោះយ៉ាងណាលោកក៏មិនចូលច្រៀងនៅផលិតកម្មហង្សមាសដែរ បើទោះជាមិនមានភាពល្អក់កករនេះក្តី លោក ម៉ៅ ហាជី បេក្ខភាព Cambodian Idol របស់ទូរទស្សន៍ហង្សមាសដ៏មានប្រជាប្រិយភាពរូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖ «លោកមិនបានចុះកុងត្រាជាមួយផលិតកម្មណាទេ ហើយហង្សមាសក៏លោកមិនចូលដែរ គឺនៅធ្វើជាអ្នកចម្រៀងឯករាជ្យ។ ហេតុផលនេះហើយទើបខ្ញុំអះអាងថា ខ្ញុំមិនបានរំលោភកុងត្រានោះ អ៊ីចឹងរឿងអីត្រូវប្តឹងខ្ញុំ»៕
