រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​រៀប​ចំផ្ទេរ​ការ​គ្រប់​គ្រង​ការលក់​សំបុត្រ​ចូលទស្សនា​​អង្គរវត្ត​

ដោយ៖​ ទូច សុខា​​ | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015
http://vodhotnews.com


រដ្ឋា​ភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​រៀប​ចំការ​ផ្ទេរការ​គ្រប់​គ្រង​ការ​លក់​ប័ណ្ណ​ចូល​​ទស្សនា​អង្គរ ក្រោយ​ពី​រដ្ឋា​ភិបាល​បានសម្រេច​ដក​សិទ្ធិ​គ្រប់​គ្រង​អង្គរពី​ក្រុម​ហ៊ុន​សុខា​អូតែល​របស់​លោក សុខ គង់កាលពី​ដើម​ខែ​វិច្ឆិកា។​

រដ្ឋា​ភិបាល​កាល​ពី​ថ្ងៃទី៦​ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​សម្រេច​​បញ្ឈប់ការ​ផ្តល់សិទ្ធិ​ទៅឲ្យ​ក្រុមហ៊ុន សុខ គង់ ក្នុង​ការប្រមូល​​ថវិកា​ពី​ការលក់សំបុ​ត្រ​អង្គរ ដោយ​អះអាង​ថា​ការ​ដកយកមកគ្រប់គ្រងវិញនេះ ជា​កំណែទម្រង់មួយរបស់​រដ្ឋា​ភិបាល។

ដប់​ថ្ងៃ​ក្រោយ​ការ​សម្រេច​នេះ រដ្ឋា​ភិបាល​បាន​ចេញ​សេចក្តី​សម្រេច​មួយចុះ​​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​ទៀត​ឲ្យ​បង្កើត​គណៈកម្មការចំពោះ​កិច្ចដើម្បី​រៀប​ចំនីតិ​វិធីសម្រាប់​ផ្ទេរ​ការ​គ្រប់​គ្រង​ការ​លក់​ប័ណ្ណចូលអង្គរ។ គណៈកម្មការនោះ​មាន​សភាព​១១​រូប​ ដែល​មក​ពី​ក្រ​សួង​សេដ្ឋ​កិច្ច ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ក្រ​សួង​ទេស​ចរណ៍ ក្រ​សួង​វប្បធម៌ និង​អាជ្ញាធរជាតិ​អប្សរាជា​ដើម។ គណៈកម្មការនេះ​មាន​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក ជូ វិជិត្ត ជា​ប្រធាន និង​រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោក តឹករ៉េត សំរេចនិង​រដ្ឋលេខាធិការក្រសួងទេសចរណ៍​ លោក ជា បូរ៉ា ជា​អនុប្រធាន។​

បើតាមសេចក្តីសម្រេចនេះ គណៈកម្មការ​នឹង​ពិនិត្យ​ វាយតម្លៃ​និង​ចរចាជាមួយក្រុមហ៊ុន​ក្នុងការទូទាត់​គ្នានូវ​កាតព្វកិច្ចហិរញ្ញវត្ថុដែលពាក់​ព័ន្ធ​និង​រៀបចំ​នូវ​លិខិតបទដ្ឋានចាំបាច់​នានាជូនរដ្ឋាភិបាល​ ដើម្បី​បង្កើតគ្រឹះស្ថាន​រដ្ឋបាល​សម្រាប់ការគ្រប់គ្រង​ចំណូល​ដែល​បានមកពីការលក់​ប័ណ្ណចូលទស្សនាប្រាសាទ។​

​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ចៅស៊ុន កិរិយា ឲ្យ​ដឹង​ថាលោក​ស្រី​មិនមាន​ព័ត៌មាន​ទាក់​ទង​នឹង​កិច្ច​ការ​របស់​គណៈកម្មការ​នេះ​នោះ​ទេ។ លោក​ស្រី​ឲ្យ​ដឹង​ដែរថាកិច្ច​សន្យា​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​សុខា​អូតែល​លក់​​សំបុត្រ​ចូលទស្សនា​អង្គរ​គឺ​ធ្វើ​ឡើង​ក្នុង​មួយ​ឆ្នាំ​ម្តង។ ដោយ​ឡែក​លោកស្រី​ថា​សម្រាប់​ឆ្នាំ​២០១៦ រដ្ឋា​ភិបាល​សម្រេចមិន​បន្ត​កិច្ចសន្យាឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ទៀត​ឬ​យ៉ាង​ណា​នោះជា​សិទ្ធិ​សម្រេច​របស់​រដ្ឋា​ភិបាល។

គួររំឭក​ថា ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញ​ឫទ្ធិ ក៏​ធ្លាប់បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ដកសិទ្ធិ​ពី​ក្រុមហ៊ុន សុខ គង់ ក្នុងការ​លក់​សំបុត្រ​ឲ្យ​អ្នកទេសចរណ៍​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ។ ​លោក​ចាត់ទុក​​ថា​ការ​ដក​សិទ្ធិនេះនឹង​ជួយ​​ បង្កើ​ន​ចំណូល​រដ្ឋ ដោយ​សារ​មិន​ត្រូវចែក​ផលចំណេញទៅ​ឲ្យ​ក្រុមហ៊ុន។​

ទាក់ទង​នឹង​ករណី​នេះ​ដែរកន្លងទៅ អនុប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម​នៃ​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​អះអាង​ថាលោក​​រកឃើញ​ភាពមិនប្រក្រតី​ពី​ចំណូល​នៃ​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរនិង​បាន​ទាមទារ​ឲ្យ​អាជ្ញា​ធរអ​ប្ស​រា​បញ្ចេញ​ឯកសារ​ សម្ងាត់​ទាំងអស់ ដែល​ក្នុងនោះ​រួម​មាន​កុងត្រា​​លើ​ប្រាសាទ​អង្គរវត្ត​ផងដែរ។ តែ​អាជ្ញាធរ​បាន​បដិ​សេធ។ លោក​បន្ត​កម្ពុជា​​បាន​បាត់ចំណូលរាប់​រយ​លានដុល្លារ​ពី​ការ​លក់សំបុត្រចូលអង្គរនេះ។​ លោក​បន្ថែម​ថារដ្ឋា​ភិបាល​នឹង​អាច​ទទួល​ចំណូលពី​អង្គរបាន​ច្រើន​ជាងមុន​នៅពេល​ដែល​រដ្ឋគ្រប់​គ្រង​ការ​លក់​សំបុត្រ​ចូលទស្សនាអង្គរនេះ​ដោយ​ខ្លួន​ឯង។​​

សម្រាប់​ឆ្នាំ​២០១៤ ចំណូល​ដុល​បាន​គេ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន​ជាង​៥៩​លាន​ដុល្លារ​។ ដោយ​ឡែក​នៅ​១០ខែ​ដើមឆ្នាំ​២០១៥នេះចំណូល​ដុល​សរុប​បាន​ពីការ​លក់​សំបុត្រ​ចូល ទស្សនា​អង្គរមាន​ចំនួនជាង៤៧,៦លានដុល្លារ។ នេះ​បើតាម​សេចក្តី​ប្រ​កាសព័ត៌មាន​របស់អាជ្ញាធរអប្សរាចេញ​ផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥៕

សូម​សរសេរមក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles