ដោយ៖ កាន់ វិច្ឆិកា និងស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015
http://vodhotnews.com
សហជីពស្នើជួបគណៈកម្មការជំនាញនៃរដ្ឋសភា ក្រោយរកឃើញផលប៉ះពាល់ពីសេចក្តីព្រាងច្បាប់សហជីព
សហជីពធំៗមួយចំនួន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដាក់សំណើមួយទៅប្រធានរដ្ឋសភាលោក ហេង សំរិន ដើម្បីសុំជួបពិភាក្សាជាមួយគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា បង្ហាញពីការព្រួយបារម្ភលើសេចក្តីព្រាងច្បាប់សហជីព។
សហជីពទាំងនោះរួមមានសម្ព័ន្ធសហជីពស៊ីខៅឌូ សមាគមIDEA សមាគមការងារកម្ពុជា(CLC) សហព័ន្ធសហជីពកម្មករសំណង់ សម្ព័ន្ធសហជីពជាតិ សម្ព័ន្ធសហជីពមិត្តភាពកម្មករ និងសហព័ន្ធសហជីពដើម្បីកម្មករ។
គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៥ បានសម្រេចឆ្លងសេចក្តីព្រាងច្បាប់សហជីព ហើយរដ្ឋសភាបានបញ្ជូនសេចក្តីព្រាងនេះឲ្យគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដើម្បីត្រួតពិនិត្យកាលពីពេលថ្មីៗនេះ។
បើតាមសំណើនោះ សហជីពសុំជួបជាមួយគណៈកម្មការជំនាញនៅថ្ងៃទី៧ ខែធ្នូ វេលាម៉ោង៩និង៣០នាទីព្រឹក។ សំណើនោះឲ្យដឹងថាខ្លឹមសារក្នុងមាត្រាខ្លះចែងមិនច្បាស់លាស់និងបង្កប់ន័យអាចនាំឲ្យមានការបកស្រាយរៀងៗខ្លួនបង្កជាជម្លោះនៅពេលច្បាប់នេះត្រូវបានអនុម័តឲ្យប្រើប្រាស់។ សំណើលើកឡើងថា៖ “តាមការពិនិត្យជាទូទៅ ច្បាប់នេះមានគោលបំណងរឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករនិយោជិតក្នុងការអនុវត្តសិទ្ធិសហជីព ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារសមរម្យនិងជីវភាពរស់នៅបានល្អប្រសើរជូនបងប្អូនកម្មករនិយោជិតនៅក្នុងព្រះរាជាណាចកម្រកម្ពុជា”។ រហូតមកដល់ពេលនេះ សហជីពក៏មិនទាន់ទទួលបានសេចក្តីព្រាងច្បាប់ផ្លូវការចុងក្រោយនោះទេ។ នេះបើតាមសំណើរបស់សហជីព។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថារហូតមកដល់ពេលនេះ លោកមិនទាន់ឃើញសំណើនោះទេ។ លោកបន្តថាគណៈកម្មការជំនាញជាអ្នកសម្រេចថាតើនឹងជួបពិភាក្សាឬយ៉ាងណា។
គួរបញ្ជាក់ថា កន្លងទៅសហជីពទាមទារឲ្យកែប្រែមាត្រាមួយចំនួន ដែលមានខ្លឹមសារដូចជា សហជីពមូលដ្ឋានមួយត្រូវបង្កើតដោយមានកម្មករយ៉ាងតិច២០%នៃចំនួនកម្មករសរុប។ រីឯសហព័ន្ធសហជីពមួយត្រូវបង្កើតដោយសហជីពមូលដ្ឋានយ៉ាងតិច១៥និងសហភាពឬសម្ព័ន្ធសហព័ន្ធសហជីពមួយ ត្រូវបង្កើតដោយមានសហព័ន្ធសហជីពចំនួន១០។ ចំណែកការតម្រូវឲ្យសហជីពត្រូវរាយការណ៍ពីហិរញ្ញវត្ថុទៅក្រសួងការងារនិងចំណុចមួយទៀត គឺការកំណត់សមាជិកចាប់ពី៥០%បូក១ឡើងទៅ បានអាចធ្វើកូដកម្មនិងមហាសន្និបាតសហជីពបាន រួមទាំងការពិន័យជាប្រាក់៥លានករណីធ្វើខុសនោះ ក៏សហជីពស្នើឲ្យកែសម្រួលដែរ។
សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះបានតាក់តែងឡើងតាំងពីឆ្នាំ២០០៨។ ច្បាប់នោះមាន១៧ជំពូក និង៩១មាត្រា ក្នុងនោះយ៉ាងតិច៣០មាត្រា ត្រូវបានសហជីពជំរុញឲ្យកែស្របតាមបទដ្ឋានអន្តរជាតិដែលមានស្រាប់ទើបអាចធានាសិទ្ធិសហជីពនិងកម្មករបាន៕
សរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈvicheika@vodhotnews.comនិងលោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
សហជីពស្នើជួបគណៈកម្មការជំនាញនៃរដ្ឋសភា ក្រោយរកឃើញផលប៉ះពាល់ពីសេចក្តីព្រាងច្បាប់សហជីព (វីដេអូ)
ដោយ៖ វិចិត្រ | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015, 06:32 PM
http://vodhotnews.com
សហជីពស្នើជួបគណៈកម្មការជំនាញនៃរដ្ឋសភា ក្រោយរកឃើញផលប៉ះពាល់ពីសេចក្តីព្រាងច្បាប់សហជីព