ម.ស.ម.ក​ ស្នើ​រដ្ឋមន្ត្រី​បរិស្ថាន​បំភ្លឺ​ពី​ការ​ផ្ដល់​ដី​សម្បទាន​ដល់​ឧកញ៉ា​ល្បី​ឈ្មោះ​ពីរ​រូប

ដោយ អ៊ុង សេរីវុទ្ធ
2016-01-27
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទ្រី ភាព ៦២០
លោក​ឧកញ៉ា ទ្រី ភាព។ Photo/Global Witness


នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (...) ផ្ញើលិខិត​ចំហ​មួយ​ជូន​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យ​បំភ្លឺ​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លឹម ប៊ុនណ្ណា ហៅ​ខ្នា ដែល​កំពុង​រត់​គេច​ខ្លួន ខណៈ​ដី​នេះ​រដ្ឋាភិបាល​ទើប​ដក​ហូត​ពី​ក្រុមហ៊ុន​ចំនួន​២ ដែល​រំលោភ​លើ​លក្ខខណ្ឌ​នៃកិច្ចសន្យា។ ប៉ុន្តែ​មន្ត្រី​ក្រសួង​បរិស្ថាន​អះអាង​ថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ គ្រាន់​តែ​ទទួល​បាន​សិទ្ធិ​ប្រមូល​អនុផល​ព្រៃឈើ ដែល​សល់​ពី​ការ​ឈូសឆាយទេ។

លិខិត​ចំហ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៦ មករា ចាត់​ទុក​ការ​ផ្ដល់​ដី សម្បទាន​សេដ្ឋកិច្ច​២​កន្លែង នៅ​ខេត្ត​មណ្ឌលគិរី ដែល​រដ្ឋាភិបាល​ទើប​ដកហូត ពី​ក្រុមហ៊ុន​ដែល​រំលោភ​លើ​លក្ខខណ្ឌ​ធ្វើ​អាជីវកម្ម​នោះ ថា​បាន​បំពាន​លើ​បទបញ្ជា​លេខ​០១ របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១២ ដែល​​ផ្អាក​រាល់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​បណ្ដោះអាសន្ន និង​ដាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព លើក​ឡើង​ថា សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះផ្សាយ​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន​របស់​ឧកញ៉ា លឹម ប៊ុនណ្ណា ដែល​ទទួល​បាន​ដី​សម្បទាន​ថ្មី​លើ​ដី​ដែល​រដ្ឋាភិបាល​ទើប​ដកហូត​នោះ។

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​ វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA

អ្នកស្រី ចក់ សុភាព ចោទ​ជា​សំណួរ​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ ពី​ដី​សម្បទាន​ដែល​រដ្ឋាភិបាល​ទើប​បាន​ដក​ហូត​ពី​ក្រុមហ៊ុន​ចំនួន​២ គឺ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ និង​ក្រុមហ៊ុន​ដាយណាម នៅ​ខេត្ត​មណ្ឌលគិរី​នោះ ថា ពិត​ជា​ធ្វើ​ឡើង​ស្រប​តាម​បទបញ្ជា​លេខ​០១ ឬ​ជា​កិច្ច​ព្រមព្រៀង​ប្រើប្រាស់​ដី​ប្រភេទ​ផ្សេង ដែល​មិនមែន​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​ទេ៖ «រាល់​ដី​សម្បទាន​ដែល​រដ្ឋ​ដកហូត វា​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ប៉ុន្តែ​ហេតុអ្វី​ដី​ទាំងនេះ​ត្រូវ​ប្រគល់​ទៅ​ក្រុមហ៊ុន​របស់​ឧកញ៉ា​ទាំងពីរ​រូប​នេះ​អ៊ីចឹង​វិញ»។

ឆ្លើយ​តប​នឹង​លើកឡើង​នេះ នាយខុទ្ទកាល័យ​ក្រសួង​បរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៧ មករា ថា ដី​ដែល​រដ្ឋាភិបាល​ទើប​ដក​ហូត​នេះ មិន​ត្រូវ​បាន​ប្រគល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ណា​ឡើយ សូម្បី​១​ម៉ែត្រ​ក្ដី ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន​របស់​ឧកញ៉ា លឹម ប៊ុនណ្ណា គ្រាន់​តែ​បាន​សិទ្ធិ​ពី​ការ​ដេញ​ថ្លៃ ប្រមូល​អនុផល​ព្រៃឈើ ដែល​សល់​ពី​ការ​ឈូសឆាយ​ឈើ​នោះ​ប៉ុណ្ណោះ៖ «ខ្ញុំ​បាន​ទទួល​មក​ដែរ ប៉ុន្តែ​ស្រង់​សំដី(Quote) មក​ខុស គាត់ (អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហេង) ចង់​និយាយ​ថា ផ្ដល់​សិទ្ធិ​ឲ្យ​គាត់​ប្រមូល​ផល​អនុផល​ព្រៃឈើ ដែល​សេសសល់​ហ្នឹង។ ប៉ុន្តែ​ប្រហែល​ជា​អ្នក​ស្រង់​សំដី មិន​អស់​សេចក្ដី អ៊ីចឹង​វា​អាច​ច្រឡំ​ថា ការ​ឲ្យ​ផ្ដល់​ដី​សម្បទាន»។

យ៉ាង​ណា​ក៏​ដោយ​អ្នកស្រី ចក់ សុភាព ​ស្នើឲ្យក្រសួង​បរិស្ថាន ផ្ដល់​ព័ត៌មាន​អំពី​សិទ្ធិ​ដែល​ក្រុមហ៊ុន​ទាំង​នេះ​មាន និង​ធានា​ថា មិន​មាន​ការ​កាប់​ព្រៃឈើ​ថ្មី​ទៀត​ឡើយ បើ​មិនមែន​ជា​ដីសម្បទាន​​សេដ្ឋកិច្ច​ថ្មី​ទេ។ អ្នកស្រី​ក៏​បារម្ភ​ចំពោះ​ការ​ប្រើ​ប្រាស់​ដី​នេះ​ដោយ​ក្រុមហ៊ុន​ទាំងពីរ ព្រោះ​ក្រុមហ៊ុន​ទាំង​នេះ​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើប្រាស់​ដី ក្នុង​បំណង​កាប់​ឈើ​ខុស​ច្បាប់។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) កាល​ពី​ឆ្នាំ​២០១៥ រក​ឃើញ​ថា លោក​ឧកញ៉ា ទ្រី ភាព កំពុង​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច ​មាន​ទំហំ​ជិត ​៣​ម៉ឺន​ហិកតារ (២៩.៥៨៩) និង​ជា​អ្នកដឹកនាំ​នៃ​បណ្ដាញ​កាប់​ព្រៃឈើ​ខុសច្បាប់ ដែល​​ការពារដោយ​ក្រុម​មន្ត្រី​យោធា ប៉ូលិស និង​មន្ត្រី​គយ​ក្នុង​ការ​បោសសំអាត ឈើ​ក្រញូង​របស់​ខ្មែរ ដឹកទៅ​លក់​ក្នុង​ទីផ្សារ​ងងឹត​ប្រទេស​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles