ដោយ ម៉ៅ សុធានី
2016-04-13
RFA

លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងក្នុងសន្និបាតបញ្ញវន្តពិភពលោក នារាជធានីភ្នំពេញ នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៦។ RFA/Chuop Sereyroth
![]()
ភរិយាលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្ដឹងលោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការសហព័ន្ធអាមេរិក នៅក្រុងឡូស អែនជឺឡេស (Los Angeles) ពីបទធ្វើទារុណកម្ម និងអំពើភេរវកម្ម។
មេធាវីលោក មាជ សុវណ្ណារ៉ា បានដាក់បណ្ដឹងនេះ ស្របពេលដែល លោក ហ៊ុន ម៉ាណែតកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក។
មេធាវីអាមេរិកាំង២រូប បានសុខចិត្តទទួលការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា គឺក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់ថា ការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ចំនួន២០ឆ្នាំនៅប្រទេសកម្ពុជានេះ គឺជារឿងអយុត្តិធម៌។ ភរិយាលោក មាជ សុវណ្ណារ៉ា គឺអ្នកស្រី មាជ ជេមី សង្ឃឹមថា ករណីនេះអាចឈ្នះ៖ «គាត់បានជូនដំណឹងកាលពីថ្ងៃសុក្រថា គេបានដាក់ពាក្យបណ្តឹងរួចហើយ។ មេធាវីទាំងពីរថា បើមិនឈ្នះ គាត់អត់កាន់ក្ដីនោះទេ។ ដើមដំបូងមក លោក ម័រតុន សក្លា (Morton Sklar) ពឹងគាត់ច្រើនដងហើយតែគាត់មិនព្រម ប៉ុន្តែក្រោយគាត់សិក្សាទៅឃើញថា គ្រួសារខ្ញុំ មាជ សុវណ្ណារ៉ា មានប្រពន្ធនិងកូនបីនាក់នៅតូចៗនិងមានផលវិបាកខ្លាំង»។
ក្នុងពាក្យបណ្តឹងទៅតុលាការសហព័ន្ធអាមេរិក មេធាវីតំណាងឲ្យភរិយាលោក មាជ សុវណ្ណារ៉ា ចោទរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត អនុមេបញ្ជាការរងនៃកងទ័ពថ្មើរជើង និងជាប្រធាននាយកដ្ឋានភេរវកម្មថា ជាអ្នកទទួលខុសត្រូវ ពីបទធ្វើទារុណកម្ម តាមរយៈការឃុំឃាំងខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់ ឃុំខ្លួនរយៈពេលយូរ និងអំពើភេរវកម្មអន្តរជាតិ។ ក្នុងបណ្ដឹងនោះ ក៏បានទាមទារការខូចខាត ដែលបង្កឲ្យប៉ះពាល់ដោយចេតនាលើផ្លូវចិត្ត ការវាយដំ ការចាប់ដាក់ពន្ធនាគារ និងបាត់បង់សិទ្ធិរស់នៅជួបជុំក្រុមគ្រួសារ។
លោក មាជ សុវណ្ណរ៉ា គឺជាមន្ត្រីម្នាក់ក្នុងចំណោម ១១នាក់របស់គណបក្សសង្គ្រោះជាតិ ដែលតុលាការបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ កាលពីឆ្នាំ ២០១៥ ក្រោមបទចោទដឹកនាំកុប្បកម្មនាំឲ្យមានអំពើហិង្សា នៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។ កាលពីថ្ងៃទី ១១ មេសា លោកមេធាវី ជូង ជូងី ដែលការពារក្ដីឲ្យលោក មាជ សុវណ្ណរ៉ា បានប្ដឹងសារទុក្ខទៅតុលាការកំពូល ប្រឆាំងសាលក្រមនៃតុលាការក្រុងភ្នំពេញ ដែលមិនអនុញ្ញាតឲ្យ លោកបានចេញទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកសិក្សាសង្គមថា លោក ហ៊ុន ម៉ាណែត ពុំសមទទួលបានរង្វាន់កិត្តិយសភាពជាអ្នកដឹកនាំ
- ពលរដ្ឋខ្មែរ-អាមេរិកាំងមួយចំនួននៅតែប្ដេជ្ញាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
- អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត
- លោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមព្យុហយាត្រាចូលឆ្នាំនៅអាមេរិក