ដោយ អ៊ុំ រង្សី
2016-04-14
RFA
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤ ខែមេសា នេះ នៅតាមទីវត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ មានប្រជាពលរដ្ឋច្រើនកុករ នាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ចំណែកនៅទីរមណីយដ្ឋានសំខាន់ៗមួយចំនួន ដូចជាវត្តភ្នំជាដើម ក៏ត្រូវបានរៀបចំកម្មវិធីកម្សាន្តសម្រាប់ស្វាគមន៍ និងអបអរពិធីបុណ្យចូលឆ្នាំនេះដែរ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ អះអាងថា ទោះបីជានៅតាមទីវត្តអារាមមួយចំនួននៅរាជធានីភ្នំពេញ មិនសូវឃើញមានរៀបចំតុបតែងភ្លើងពណ៌ និងបង្កើតកម្មវិធីកម្សាន្តដូចជាសិល្បៈ និងល្បែងប្រជាប្រិយ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្តី ក៏នៅតាមទីវត្តអារាមទាំងនោះមិនមានភាពស្ងប់ស្ងាត់ដូចឆ្នាំមុននោះទេ។
ប្រជាពលរដ្ឋម្នាក់ដែលបាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តទួលសន្តិវ័ន ហៅ វត្តទួលអស់លោក លោកស្រី ពេជ្រ ថាវី បានសង្កេតឃើញថា ឆ្នាំនេះពលរដ្ឋរស់នៅទីក្រុងភ្នំពេញ មកវត្តច្រើនជាងឆ្នាំមុន។ កត្តានេះ លោកស្រីយល់ថា មកពីពលរដ្ឋនៅភ្នំពេញ នៅតែគិតថា ការទៅវត្តពេលបុណ្យចូលឆ្នាំជាទំនៀមទម្លាប់ប្រពៃណីខ្មែរមួយ ដែលត្រូវបានអនុវត្តតាមលំអានតាំងពីដូនតាមក។ លោកស្រីក៏សង្កេតឃើញដែរថា ឆ្នាំនេះ ទោះជាតាមវត្តមិនសូវឃើញមានរៀបចំតុបតែងភ្លើងពណ៌ និងបង្កើតកម្មវិធីកម្សាន្ត ដូចជាសិល្បៈ និងល្បែងប្រជាប្រិយ ប៉ុន្តែលោកស្រី ឃើញមានការរៀបចំសណ្ដាប់ធ្នាប់បានល្អជាងឆ្នាំមុន៖ «ឆ្នាំនេះ ខ្ញុំមើលឃើញសណ្ដាប់ធ្នាប់វាប្រសើរជាងមុន មើលទៅគណៈកម្មការវត្តគេរៀបចំបានល្អ មិនឲ្យមានក្មេងចូលរញ៉េរញ៉ៃ។ បើឆ្នាំមុនវិញ ខ្ញុំទៅវត្តខ្លះមានក្មេងរត់លេងពេញ អ៊ីចឹងហើយអ្នកនៅភ្នំពេញ បើគេឃើញវត្តដែលមានសណ្ដាប់ធ្នាប់ល្អគេចង់ទៅណាស់ ហេតុនេះសូមឲ្យតាមវត្តនីមួយៗត្រូវយកចិត្តដាក់ចំណុចនេះឲ្យខ្លាំង»។
ទន្ទឹមគ្នានេះដែរ ជាពុទ្ធសាសនិកម្នាក់ទៀត លោក ច្រែង សឿន វ័យជាង ៧០ឆ្នាំ ដែលបានមកវត្តទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ បានឲ្យដឹងថា អ្វីដែលលោកសង្កេតឃើញនៅក្នុងពិធីបុណ្យចូលឆ្នាំនេះ មិនត្រឹមតែមនុស្សចាស់មកធ្វើបុណ្យច្រើនប៉ុណ្ណោះទេ ក្នុងនោះវត្តមានយុវជនមកធ្វើបុណ្យនៅទីវត្តអារាមច្រើនជាងមុនផងដែរ៖ «ខ្ញុំសង្កេតឃើញ បើធៀបនឹងឆ្នាំមុន គឺឆ្នាំនេះ ទាំងក្មេងស្រី ក្មេងប្រុស ចេះមកធ្វើបុណ្យជាងមុន គេយល់ដឹងបានច្រើន»។
ចំណែកឯយុវជន លី ពិសិទ្ធ ដែលដៃម្ខាងកាន់ផ្កាឈូក និងដៃម្ខាងកាន់ធូប ដើម្បីយកទៅថ្វាយព្រះក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ក្នុងខណ្ឌដូនពេញ បាននិយាយដែរថា ទោះជាឆ្នាំនេះមានពលរដ្ឋមកកាន់ទីវត្តអារាមច្រើនក្ដី ប៉ុន្តែលោកសោកស្ដាយដែលវត្តមួយចំនួនមិនបានរៀបចំកម្មវិធីកម្សាន្តដើម្បីទាក់ទាញយុវជន។ លោកចង់ឃើញអាជ្ញាធររៀបចំល្បែងប្រជាប្រិយ ដូចជាបោះអង្គញ់ ទាញព្រ័ត្រ ដណ្ដើមស្លឹកឈើ និងរាំកម្សាន្ត ដើម្បីលើកស្ទួយវប្បធម៌ខ្មែរកុំឲ្យបាត់បង់។
ស្របពេលដែលយើងឃើញនៅតាមវត្តមួយចំនួននៅរាជធានីភ្នំពេញ មានពលរដ្ឋមកធ្វើបុណ្យច្រើនកុះករ ដោយឡែកនៅតាមទីរមណីយដ្ឋានមួយចំនួននៅរាជធានីភ្នំពេញ ក៏មានពលរដ្ឋមកលេងច្រើន និងអាជ្ញាធរបង្កើតឲ្យមានល្បែងកម្សាន្តនានា។
ទាក់ទិននឹងរឿងនេះដែរ ជាអាចារ្យធំប្រចាំវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក លោក អ៊ុក សន្ធឹក មានប្រសាសន៍ថា ប្រជាពលរដ្ឋមកធ្វើបុណ្យច្រើនជាងឆ្នាំមុននេះ មកពីតាមវត្តនីមួយៗ ទាំងព្រះចៅអធិការវត្ត ព្រមទាំងព្រះអង្គ និងគណៈកម្មការវត្តទាំងអស់ បានត្រៀមរៀបចំសម្អាតទីធ្លា ត្រៀមបម្រុងកន្លែងសម្រាប់ពុទ្ធបរិស័ទប្រារព្ធពិធីផ្សេងៗ តាមផ្លូវព្រះពុទ្ធសាសនា។ លោកបន្ថែមទៀតថា ប្រការសំខាន់ជាងនេះ គឺការរៀបចំនៅទីវត្តឱ្យមានសណ្ដាប់ធ្នាប់ និងវិន័យល្អដើម្បីសម្រួលដល់ការធ្វើបុណ្យ និងបង្កើតការទុកចិត្តរបស់ពុទ្ធបរិស័ទ៖ «សន្តិសុខ ខណ្ឌបានបញ្ជាមកសង្កាត់ ហើយសង្កាត់បានបញ្ជូនប្រជាការពារមករក្សាសណ្ដាប់ធ្នាប់ ការពារសន្តិសុខសុវត្ថិភាពបងប្អូនអ្នកធ្វើបុណ្យមិនឲ្យបងប្អូន ព្រួយបារម្ភ និងបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ ដោយឡាន ម៉ូតូ។ ឡានវិញ ខាងវត្តក៏មានរៀបចំឲ្យមានកន្លែងទុកដាក់ និងផ្ងើត្រឹមត្រូវ ហើយវត្តមិនឲ្យយកលុយពីបងប្អូនអ្នកធ្វើបុណ្យដាច់ខាត គឺគោលបំណងដើម្បីឲ្យបងប្អូននាំគ្នាមកធ្វើបុណ្យឲ្យបានច្រើន»។
ពលរដ្ឋរស់នៅទីក្រុងភ្នំពេញ អះអាងដែរថា ទោះបីជាមានពលរដ្ឋមកធ្វើបុណ្យច្រើនកុះករមកកាន់ទីវត្តអារាមក្នុងឱកាសពិធីបុណ្យចូលឆ្នាំច្រើនក្ដី ក៏មានវត្តមួយចំនួននៅទីក្រុងភ្នំពេញ ខ្លះនៅមិនទាន់មានការរៀបចំ និងចាត់ចែងបានត្រឹមត្រូវនៅឡើយ ជាក់ស្ដែងការទុកដាក់ចំណីអាហារនៅតែមានការខ្ជះខ្ជាយ។ បញ្ហានេះ ប្រជាពលរដ្ឋបានស្នើឲ្យគណៈកម្មការវត្តនីមួយៗ គួរតែយកចំណីអាហារទាំងនោះចែកចាយជូនជនក្រីក្រ និងតាមមន្ទីរពេទ្យជាដើម។ មិនតែប៉ុណ្ណោះ ពលរដ្ឋរាជធានីភ្នំពេញ ក៏ចង់ឃើញអាជ្ញាធររៀបចំបង្កើតកម្មវិធីសិល្បៈកម្សាន្តនៅតាមវត្ត និងទីកន្លែងសំខាន់ឲ្យបានផុលផុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
ទិដ្ឋភាពនៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។
អត្ថបទដែលទាក់ទង
- ទិដ្ឋភាពកម្មវិធីអង្គរសង្ក្រាន្តនៅថ្ងៃទី១៤ មេសា
- ពលរដ្ឋខេត្តបាត់ដំបងស្នើឲ្យសមត្ថកិច្ចទប់ស្កាត់ល្បែងគប់ទឹក
- អាជ្ញាធរខេត្តសៀមរាបពង្រាយកម្លាំងសន្តិសុខជាង៣ពាន់នាក់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
- អាជ្ញាធរខេត្តបាត់ដំបងរៀបចំកម្មវិធីប្រគំតន្ត្រី៤យប់អបអរសាទរបុណ្យចូលឆ្នាំថ្មី
- អាជ្ញាធរខេត្តកំពង់ចាមប្ដេជ្ញារក្សាសន្តិសុខឲ្យបានល្អជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
- អាជ្ញាធរខេត្តព្រះសីហនុព្រមានចាត់វិធានការក្រុមយុវជនជិះម៉ូតូជះទឹកនិងប៉ាតម្សៅ
- ជំនឿរបស់ពលរដ្ឋចំពោះឆ្នាំវក ឬឆ្នាំស្វា
- រណ្ដាប់ទទួលទេវតាឆ្នាំថ្មី
- អាជ្ញាធរខ្មែរ-ថៃត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៅតាមព្រំដែនដើម្បីរឹតចំណងមិត្តភាព