ដោយ សុ ជីវី
2016-04-15
RFA

រូបតំណាងឆ្នាំទាំង១២ ដាក់តាំងនៅវត្តទួលទំពូង។ រូបថតថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ (RFA/Sek Bandith)
ឆ្នាំថ្មីដែលចូលមកដល់ក្នុងពេលនេះគឺត្រូវនឹងឆ្នាំវក ដែលគេដឹងជាទូទៅថាសត្វ ស្វាជាសត្វតំណាងនៃឆ្នាំនេះ។ ឆ្នាំស្វាឋិតក្នុងចំណោមឆ្នាំ ទាំង១២ ដែលពលរដ្ឋខ្មែរស្ទើរគ្រប់រូបចេះចាំ និងរាប់បានយ៉ាងស្ទាត់។
តើរបៀបរាប់ឆ្នាំសត្វរបស់ខ្មែរនេះមានប្រវត្តិដើមទងយ៉ាងណា? តើការរាប់ឆ្នាំនេះជាកេរដំណែលវប្បធម៌ខ្មែរសុទ្ធសាធ ឬមានប្រភពដើមពីខាងណា?
អ្នកស្រាវជ្រាវជឿថាការរាប់ឆ្នាំសត្វអាចមានប្រភពពីប្រទេសចិន។ បើទោះជាយ៉ាងណាក៏គេនៅមិនទាន់ដឹងអោយបានច្បាស់លាស់ឡើយថាតើខ្មែរចាប់ផ្ដើមរាប់ឆ្នាំបែបនេះពីពេលណាឡើយ។
អ្នកស្រាវជ្រាវផ្នែកប្រព័ន្ធជំនឿរបស់មនុស្ស លោកសាស្រ្តាចារ្យ អាំង ជូលាន មានប្រសាន៍ថា មានប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍នេះបានប្រើប្រាស់វដ្ដឆ្នាំសត្វចំនួន១២បែបនេះដែរ។ លោកថានៅខ្មែរមានការប្រើទូទៅជាងប្រទេសមួយចំនួនទៀត។ «សំឡេង»
វដ្ដឆ្នាំមានចំនួន១២នោះចាប់ផ្តើមពីឆ្នាំជូតជាឆ្នាំទី១បញ្ចប់ទៅវិញដោយឆ្នាំកុរ ឬហៅថាឆ្នាំកោរ ដែលជាឆ្នាំទី១២។ ក្នុងនោះគេរាប់តាមលំដាប់លំដោយដូចតទៅ៖ ឆ្នាំជូតត្រូវនឹងសត្វកណ្តុរ ឆ្នាំឆ្លូវត្រូវនឹងសត្វគោ ឆ្នាំខាលគឺសត្វខ្លា ឆ្នាំថោះគឺសត្វទន្សាយ ឆ្នាំរោងគឺត្រូវនឹងសត្វនាគ រីឯឆ្នាំម្សាញ់ជាឆ្នាំសត្វពស់ ឆ្នាំមមីគឺសត្វសេះ ចំណែកមមែ គឺសត្វពពែ ឆ្នាំវកសត្វស្វា រការ សត្វមាន់ ឆ្នាំចរ សត្វឆ្កែ និងឆ្នាំកុរ ឬកោរត្រូវនឹងសត្វជ្រូក។
លោកសាស្រ្តាចារ្យ អាំង ជូលាន ពន្យល់ថា ពិតមែនថារបៀបយកឆ្នាំទៅភ្ជាប់នឹងសត្វជាការចម្លងពីវប្បធម៌ចិនក៏ការប្រើប្រាស់ពាក្យពេជន៍គឺជាពាក្យក្នុងអំបូរភាសាខ្មែរមន។ «សំឡេង»
អគ្គលេខាធិការរងនៃគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ លោក អ៊ឹម បុរិន្ទ បានបញ្ជាក់ថា ការកកើតនៃឆ្នាំទាំង ១២ ដែលមានឈ្មោះសត្វនៅក្នុងនោះ គឺទំនងមកពីការចម្លងវប្បធម៌ចិនលាយឡំខ្លះជាមួយ និងវប្បធម៌ខ្មែរ ដែរនោះ។ ប៉ុន្ដែ លោកថា ឈ្មោះសត្វទាំង ១២ របស់ចិន ដែលគេយកមករាប់សម្រាប់ឆ្នាំទាំង ១២ នោះមានការខុសគ្នាមួយចំនួន និងការរាប់ឈ្មោះសត្វ នៅក្នុងឆ្នាំទាំង ១២ របស់ខ្មែរ។
ការខុសគ្នានោះគឺត្រង់ថា ឆ្នាំខាលរបស់ខ្មែរ គឺតំណាងឆ្នាំជាសត្វខ្លា។ ប៉ុន្តែ ចិនតំណាងដោយសត្វឆ្មា ហើយត្រង់កន្លែងឆ្នាំឆ្លូវរបស់ខ្មែរ គឺតំណាងដោយសត្វគោ ប៉ុន្តែចិនវិញគេយកសត្វក្របីមកតំណាងឲ្យឆ្នាំឆ្លូវ។
នៅពេលដែលការរាប់ខែឆ្នាំតាមរបៀបលោកខាងលិចក្លាយជារបៀបបរបបផ្លូវការ ការរាប់ឆ្នាំសត្វនៅមានឥទ្ធិពលខ្លាំងក្នុងក្បួនហោរាសាស្រ្ត។
ទាក់ទិននឹងការទស្សន៍ទាយលក្ខណៈមនុស្សតាមឆ្នាំសត្វនេះ អ្នកចម្រៀងល្បីល្បាញ លោក ស៊ីន ស៊ីសាមុត បានបន្សល់ទុកចម្រៀងឆ្លើយឆ្លងគ្នានឹងអ្នកស្រី រស់ សេរីសុទ្ធាដូច្នេះ៖ «ចម្រៀងអូនកើតឆ្នាំកុរ»
លោកសាស្ត្រាចារ្យអាំង ជូលាន មានប្រសាសន៍បន្តថា ក្នុងការទស្សន៍ទាយឆ្នាំសត្វទាំងនោះគឺជួយអោយគេដឹងពីជោគជាតារាសីរបស់មនុស្សម្នាក់ៗ។ «សំឡេង»
ក្នុងនោះអ្នកតាក់តែងក្បួនបានដាក់បន្ថែមអោយឆ្នាំនីមួយៗមានធាតុថែមទៀត។ ធាតុធំៗមានបួន មានធាតុមាស ធាតុដី ធាតុឈើ ធាតុភ្លើង និងធាតុទឹក។ ចម្រៀងលោក ស៊ីន ស៊ីសាមុត ក៏បានច្រៀងរៀបរាប់ការចែចង់ស្នេហាដោយប្រៀបធៀបធាតុនៃឆ្នាំទាំងនេះផង។ ចម្រៀងស៊ីន ស៊ីសាមុត៖ អូនអ្ហើយតើអូនកើតឆ្នាំអី?….
ក្នុងឯកសារជាភាសាបារាំងដែលសរសេរដោយអ្នកប្រាជ្ញបារាំងលោក ហ្ស៊ក សឺដេស(Geoge Cedes) ដែលបានស្រាវជ្រាវ និងបោះពុម្ពផ្សាយក្នុងទសវត្ស១៩៣០ ដែលអះអាងថា ការរាប់ឆ្នាំសត្វមានប្រភពពីប្រទេសចិននោះលើកឡើងថា ទំនាក់ទំនងខែ្មរ-ចិន មានបានបន្តជាប់រាប់សតវត្សមកហើយនោះគឺមធ្យោបាយនៃការចម្លងវប្បធម៌បែបនេះ ពោលគឺពុំមានអ្វីប្លែកឡើយ។
ការស្រាវជ្រាវរបស់អ្នកប្រាជ្ញបារាំងរូបនេះបានផ្គូផ្គងពាក្យពេចន៍ ដែលខ្មែរប្រើប្រាស់ជាមួយពាក្យពេចន៍ដែលប្រទេសមួយចំនួន ប្រើប្រាស់សម្រាប់ដាក់ឈ្មោះឆ្នាំទាំងនេះដែរ រួមមានក្នុងប្រទេសថៃ និងភាសារបស់ជនជាតិដើមក្នុងប្រទេសវៀតណាម។ អ្នកស្រាវជ្រាវរូបនេះរកឃើញថា មានពាក្យពេចន៍ស្រដៀងគ្នាច្រើន និងបង្ហាញថាពាក្យដែលខ្មែរប្រើប្រាស់គឺជិតស្និទនឹងភាសាដែលឋិតក្នុងអំបូរភាសាចិននោះជាងអ្វីដែលគេប្រើប្រាស់ក្នុងប្រទេសថៃបច្ចុប្បន្ន។
បើទោះជាយ៉ាងនេះក្ដីក៏ពុំទាន់រកឃើញកាលបរិច្ឆេទជាក់លាក់ ដែលខ្មែរចាប់ផ្ដើមប្រើប្រាស់ឆ្នាំសត្វឡើយ។
លោកសាស្ត្រាចារ្យ អាំង ជូលាន បញ្ជាក់ទៀតថា តឹកតាងដំបូងនៃការប្រើប្រាស់ឆ្នាំសត្វមាននៅក្នុងសិលាចារឹកក្នុងសម័យខ្មែរបុរាណ។ «សំឡេង»
ឯកសារដែលចងក្រងដោយអ្នកប្រាជ្ញបារាំងបន្តថា សិលាចារឹកនៅក្នុងសតវត្សក្រោយៗមកទៀតក៏មានភស្តុតាងនៃការប្រើឆ្នាំសត្វនេះដែរ។ ប្រៀបធៀបការប្រើពាក្យ និងអ្វីដែលបានចារឹកទុកលោក សឺដេស សន្និដ្ឋានថា ខ្មែរពុំបានខ្ចីរបៀបរាប់ឆ្នាំនេះពីឥណ្ឌា ឬប្រទេសជិតខាងមានថៃ លាវ និងវៀតណាមដែលជាប្រទេសចំណូលថ្មីនាសតវត្សរ៍ទី ១៣នោះឡើយ ប៉ុន្តែទំនងថាខ្មែរបានទទួលឥទ្ធិពលចិននេះដោយឆ្លងតាមរយៈកុលសម្ព័ន្ធមានទំនាក់ទំនងស្និទ្ធនឹងប្រទេសចិន ហើយមួយចំនួននៅមានសេសសល់ខ្លះក្នុងប្រទេសវៀតណាម។
ចំពោះសាស្ត្រាចារ្យ អាំង ជូលាន បញ្ជាក់ថា មកដល់ពេលនេះនៅមិនមានការស្រាវជ្រាវអោយបានយល់ដឹងពីស៊ីជម្រៅពីជំនឿខ្មែរទាក់ទងនឹងឆ្នាំសត្វទាំងនេះនៅឡើយ។ «សំឡេង«
លោករំពឹងថា នឹងមានការសិក្សាបន្ថែមទៀតពីជំនឿខ្មែរទាក់ទងនឹងឆ្នាំសត្វទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អត្ថន័យបទចម្រៀងភិសវង់នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
- និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំពិធីពិព័រណ៍បង្ហាញស្នាដៃរយៈពេល៣ថ្ងៃ
- ព្រះសិរ្សព្រះព្រហ្មដែលមានតម្លៃលានដុល្លារត្រូវបានប្រគល់ជូនសារមន្ទីរជាតិ
- សារមន្ទីរនៅសហរដ្ឋអាមេរិកប្រគល់បដិមាដងខ្លួនព្រះរាមឲ្យកម្ពុជាវិញ
- ពិព័រណ៍ស្នាដៃនិងអនាគតបង្ហាញអំពីទម្រង់សិល្បៈខ្មែរ
- យូណេស្កូនៃប្រទេសចិនចង់ជួយជួសជុលខ្លោងទ្វារគោបុរៈចំនួន៣នៃប្រាសាទព្រះវិហារ
- ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រារព្ធទិវាវប្បធម៌២០១៦
- អ្នកជំនាញជំរុញឲ្យយុវជនងាកមកគាំទ្រស្នាដៃនិងគិតពីអនាគតសិល្បៈបុរាណខ្មែរ
- ក្រុមហ៊ុនជប៉ុនផ្ដល់ជំនួយជួសជុលសារមន្ទីរព្រះនរោត្ដមសីហនុអង្គរនៅខេត្តសៀមរាប