៣៤នាក់ស្លាប់និង១៥៣នាក់របួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំ៣ថ្ងៃ

ដោយ លោក លី បេឡា​​ | ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦​
http://vodhotnews.com

សន្ដិសុខ

យ៉ាងហោចណាស់មនុស្សស្លាប់ចំនួន៣៤នាក់និង១៥៣នាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ខែមេសា។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃចេញផ្សាយសម្រាប់ថ្ងៃទី ១៥ បានឲ្យដឹងថាក្នុងរយៈពេល៣ថ្ងៃនេះមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន៧៣លើក ថយចុះចំនួនមួយលើកបើប្រៀបធៀបនឹងឆ្នាំ២០១៥ ហើយក្នុងនោះអ្នកស្លាប់កើនឡើងដល់ទៅ៩នាក់។ របាយការណ៍បន្តទៀតថាខេត្តដែលមានគ្រោះថ្នាក់និងស្លាប់ច្រើនជាងគេ គឺខេត្តព្រៃវែង ចំនួន៨លើក ស្លាប់៨នាក់ ខេត្តកណ្តាល ៦លើក មានអ្នកស្លាប់៥នាក់ ខេត្តកំពង់ចាម ៦លើក អ្នកស្លាប់៤នាក់ ខេត្តកំពង់ឆ្នាំង ២លើកស្លាប់៣នាក់ ខេត្តកំពង់ស្ពឺ ៥លើកនិងស្លាប់២នាក់។

របាយការណ៍ដដែលឲ្យដឹងថាមូលហេតុដែលនាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ដោយសារបើកបរក្នុងល្បឿនលឿន មានជាតិស្រវឹង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ បើកបរងងុយដេកនិងកត្តាយានយន្តផងដែរ។

គួរបញ្ជាក់ថាក្នុងថ្ងៃចូលឆ្នាំរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ កាលពីឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៤ លើកដែលបណ្ដាលឲ្យអ្នកស្លាប់ចំនួន២៥នាក់និងរងរបួសធ្ងន់និងស្រាលចំនួន ១៦៥នាក់៕

សរសេរមកកាន់ លោក លី បេឡា តាមរយៈ bela@vodhotnews.com

What Next?

Recent Articles