ដោយ អ៊ុំ រង្សី
2016-08-04
RFA

ចម្ការពោតរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
តំណាងក្រសួងអប់រំ សាស្ត្រាចារ្យ និងសិស្សានុសិស្សវិទ្យាល័យជម្ពូវ័ន ព្រួយបារម្ភថា ការហូរចូលនូវផលិតផលកសិកម្ម និងចំណីអាហារពីប្រទេសផ្សេងៗ ជាការគំរាមកំហែងថ្មីសម្រាប់វិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ដំណើរទស្សនកិច្ចសិក្សានៅចម្ការបន្លែធម្មជាតិសរីរាង្គកាលពីពេលថ្មីៗនេះ តំណាងក្រសួងអប់រំ និងសាស្ត្រាចារ្យវិទ្យាល័យជម្ពូវ័ន មានបំណងជំរុញវិទ្យាល័យនេះឲ្យក្លាយជាសាលាគំរូដាំបន្លែសរីរាង្គដំបូងគេនៅទីក្រុងភ្នំពេញ។
តើហេតុអ្វីបានជាក្រសួងអប់រំ ចង់ជំរុញវិទ្យាល័យជម្ពូវ័ន ឲ្យក្លាយជាសាលាគំរូដាំបន្លែសរីរាង្គ?
តំណាងក្រសួងអប់រំ យុវជន និងកីឡា សាស្ត្រាចារ្យវិទ្យាល័យជម្ពូវ័ន មានមហិច្ឆតាចង់ប្រែក្លាយវិទ្យាល័យមួយចំនួននៅភ្នំពេញ ពិសេសវិទ្យាល័យជម្ពូវ័ន ឲ្យក្លាយជាសាលាគំរូមួយដែលគ្មានការប្រើប្រាស់ថង់ប្លាស្ទិក ប៉ុន្តែជំនួសមកវិញដោយទេសភាពបៃតងដែលបានមកពីចម្ការបន្លែនៅជុំវិញសាលារៀន។
ការលើកឡើងនេះនាឱកាសធ្វើដំណើរទស្សនកិច្ចសិក្សានៅចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង និងរមណីយដ្ឋានពិកនិក (Picnic Resort) នៅក្នុងស្រុកកំពង់សីលា ក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ ដំណើរទស្សនកិច្ចសិក្សានេះ ក្នុងបំណងជំរុញឲ្យយុវជនស្វែងយល់ពីការដាំដុះបន្លែដោយប្រើជី និងថ្នាំពុលធម្មជាតិសរីរាង្គ ដោយទទួលបានទិន្នផលខ្ពស់ និងមិនប៉ះពាល់ដល់សុខភាព។
ដំណើរទស្សនកិច្ចនេះ តំណាងក្រសួងអប់រំ សាស្ត្រាចារ្យ និងសិស្សានុសិស្សវិទ្យាល័យជម្ពូវ័ន ជាង ១០០នាក់ បានទៅកាន់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) ដែលមានផ្ទៃដីសរុបចំនួន ៨៦ហិកតារ ហើយផ្ទៃដីដាំដំណាំរួចហើយមានចំនួន ២០ហិកតារ។
នាយកវិទ្យាល័យជម្ពូវ័ន លោក លឹម ចន្ថា មានប្រសាសន៍ថា មូលហេតុដែលលោកដឹកនាំសាស្ត្រាចារ្យ និងសិស្សានុសិស្សវិទ្យាល័យជម្ពូវ័ន ទៅកាន់ចម្ការបន្លែធម្មជាតិសរីរាង្គ ព្រោះលោកចង់ជំរុញវិទ្យាល័យជម្ពូវ័ន ឲ្យក្លាយជាសាលាគំរូមុនគេបង្អស់នៅក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្ដើមដាំដំណាំ និងបន្លែដោយមិនប្រើប្រាស់សារធាតុគីមី ដើម្បីលើកកម្ពស់វិស័យកសិកម្មកម្ពុជា។ ជាងនេះទៀត លោកចង់ឲ្យសិស្សអាចផ្សារភ្ជាប់រវាងទ្រឹស្ដីក្នុងសាលារៀន ទៅនឹងការអនុវត្តជាក់ស្តែងដោយផ្ទាល់៖ «ខ្ញុំគិតថា នៅក្នុងសាលារៀន បើយើងមិនឲ្យសិស្សយល់ ស្គាល់ពីកសិកម្ម វាមិនស្គាល់ពីបំនិនជីវិតផង ហើយបច្ចុប្បន្នសិស្សខ្លះមិនទាំងស្គាល់ដើមស្លឹកគ្រៃផង ព្រោះបើយើងរៀនតែទ្រឹស្ដី យើងក៏មិនអនុវត្តបានដែរ។ ចឹងគម្រោងដាំបន្លែក្នុងសាលាគឺសំខាន់ណាស់»។
ជាសិស្សម្នាក់ក្នុងចំណោមសិស្សជាង ១០០នាក់ដែលបានទៅទស្សនកិច្ចសិក្សានៅចម្ការបន្លែធម្មជាតិសរីរាង្គ យុវតី ប៉ាង ស្រីណុច គាំទ្រឲ្យមានការដាំបន្លែសរីរាង្គនៅក្នុងសាលារៀន ព្រោះវាការជំរុញឲ្យសិស្សានុសិស្សមានសុខភាពល្អ និងកាត់បន្ថយការបរិភោគបន្លែដែលមានសារធាតុគីមី។ យុវតីរូបនេះ នឹងយកចំណេះដឹងដែលទទួលបានពីរបៀបដាំបន្លែសរីរាង្គតាមរយៈទស្សនកិច្ចសិក្សា ទៅចែករំលែកដល់មិត្តរួមថ្នាក់ ព្រមទាំងជំរុញការដាំដុះបន្លែសរីរាង្គនៅក្នុងសាលារបស់ខ្លួនឲ្យទទួលបានជោគជ័យ៖ «បើសិនជាដាំនៅក្នុងសាលាចឹងក៏ល្អដែរ ដើម្បីជួយឲ្យមានការដាំដុះចឹង ធ្វើឲ្យក្មេងនៅក្នុងសាលាយល់ដឹងពីបន្លែសរីរាង្គបានច្រើន ពិសេសបច្ចេកទេសដាំថែមទៀត»។
ជាសិស្សម្នាក់ទៀតដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សានេះដែរនោះ លោក ឡាក់ ស្រ៊ាង យល់ថា ទោះបីជាកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យមួយដែលមានអាទិភាពខ្ពស់ ឬជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែការយកចិត្តទុកដាក់នៅតិចតួចនៅឡើយ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បម្រើការក្នុងវិស័យនេះឲ្យជឿនលឿនទៅមុខ។ ក្រៅពីគាំទ្រឲ្យមានការដាំដុះបន្លែសរីរាង្គនៅក្នុងសាលារៀនក្នុងរាជធានីភ្នំពេញ លោកក៏យល់ថា ការបន្តទម្លាប់ប្រើប្រាស់ផលិតផលនាំចូល ឬឲ្យតម្លៃលើផលិតផលក្រៅប្រទេស វាមិនត្រឹមតែបន្តគំរាមកំហែងដល់ការរីកលូតលាស់វិស័យកសិកម្មប៉ុណ្ណោះទេ វាក៏គំរាមកំហែងដល់សុខភាព និងសេដ្ឋកិច្ចជាតិខ្លាំងផងដែរ។
ទន្ទឹមគ្នានេះ លោកក៏ជំរុញឲ្យរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់បន្ថែមក្នុងការអប់រំយុវជនឲ្យចេះធ្វើកសិកម្មចាប់ពីដីតូចជាមុនសិន ទើបឈានទៅទប់ស្កាត់លំហូរផលិតផលពីក្រៅប្រទេស៖ «គឺយើងទាំងអស់គ្នាត្រូវដឹងថា បន្លែគឺយើងអាចដាំដោយខ្លួនឯងបាន ហើយបើយើងដាំ យើងកុំប្រើសារធាតុគីមី គឺយើងដាំសម្រាប់តែខ្លួនយើង គ្រួសារយើងទៅ។ ចឹងអាបន្លែដែលមានសារធាតុគីមីវាកាត់បន្ថយ ហើយក្រសួង និងរដ្ឋាភិបាលត្រូវតែអប់រំពលរដ្ឋ និងជំរុញបន្ថែមពីការដាំបន្លែសរីរាង្គដើម្បីសេដ្ឋកិច្ច និងការចំណាយរបស់ប្រជាជន»។
បន្ទាប់ពីដំណើរទស្សនកិច្ចនេះចប់ ខាងចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) ក៏បានផ្តល់ជាបច្ចេកទេសក្នុងការដាំដុះ ផ្តល់ជី ថ្នាំពុលធម្មជាតិ និងគ្រាប់ពូជ ដើម្បីឲ្យសាស្ត្រាចារ្យ និងសិស្សានុសិស្សវិទ្យាល័យជម្ពូវ័ន អាចចាប់ផ្ដើមអនុវត្តការដាំដុះបន្លែសរីរាង្គនៅសាលាបាន។
ប្រធានមជ្ឈមណ្ឌលកសិកម្មធម្មជាតិ (EAC) និងជាស្ថាបនិកចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) លោក អៀង សុធារ៉ា យល់ថា ការងារកសិកម្ម គឺជាការងារសម្រាប់ទាំងអស់គ្នា ព្រោះទាំងអស់គ្នាសុទ្ធតែមានតម្រូវការលើផលិតផលកសិកម្មទាំងអស់។ លោកបន្តថា កម្ពុជា នៅសល់ដីទំនេរជាច្រើនទាំងនៅជនបទ និងទីក្រុង ប៉ុន្តែអ្វីដែលកម្ពុជា នៅខ្វះ គឺខ្វះព័ត៌មាន និងធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីដឹកនាំជំរុញការផលិតផលិតផលកសិកម្មឲ្យបានផុសផុលប៉ុណ្ណោះ។ ហេតុនេះ លោកយល់ថា ការបណ្តុះបណ្តាលយុវជននៅតាមសាលារៀន គឺជាកត្តាសំខាន់ នឹងអាចកែទម្លាប់ពលរដ្ឋទាំងនៅទីក្រុង និងជនបទ ឲ្យចេះធ្វើកសិកម្មឡើងវិញ។
ប្រធានមជ្ឈមណ្ឌលកសិកម្មធម្មជាតិរូបនេះយល់ថា ដើម្បីឲ្យគម្រោងដាំដុះបន្លែសរីរាង្គរបស់វិទ្យាល័យជម្ពូវ័ន បានជោគជ័យ លោកក៏ប្ដេជ្ញាជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះដល់សាស្ត្រាចារ្យ និងសិស្សានុសិស្សផងដែរ៖ «ដីតូចនៅជុំវិញផ្ទះក៏យើងនៅសល់ច្រើន ហើយបើអ្នកនៅទីក្រុងក៏មានដីទំនេរខ្លះ មានផើង ក៏យើងអាចដាំបានខ្លះដែរ។ ចឹងយើងនៅសល់ដីទំនេរច្រើន។ ចឹងកម្ពុជា ខ្វះតែព័ត៌មាន ខ្វះទីផ្សារ ខ្វះបច្ចេកទេស និងអ្នកដឹកនាំប៉ុណ្ណោះ។ ខ្ញុំសូមឲ្យក្រសួងអប់រំ យកចិត្តទុកដាក់សាលា ដើម្បីលុបបំបាត់ថង់ប្លាស្ទិកនៅតាមសាលា»។
ទាក់ទិននឹងការប្រែក្លាយវិទ្យាល័យជម្ពូវ័ន ឲ្យទៅជាសាលាគំរូខាងដាំបន្លែសរីរាង្គដំបូងគេនៅភ្នំពេញ ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជន និងកីឡា លោក ច័ន្ទ រ័ត្ន មានប្រសាសន៍ថា នេះជាគោលនយោបាយរបស់ក្រសួងអប់រំ ដែលចង់ពង្រីកវិទ្យាល័យជាច្រើននៅកម្ពុជា ឲ្យក្លាយជាវិទ្យាល័យបច្ចេកទេសដោយផ្សារភ្ជាប់ទៅនឹងចំណេះដឹងទូទៅ។ លោកថា តាមរយៈសកម្មភាពដាំដុះនេះ ក្រសួងរំពឹងថា ពលរដ្ឋកម្ពុជា នឹងអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ផងដែរ៖ «នេះគឺជាគោលបំណងរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺការអប់រំចំណេះដឹងទូទៅ និងការងារបច្ចេកទេសដល់សាស្ត្រាចារ្យ និងសិស្សានុសិស្ស ព្រមទាំងកាត់បន្ថយតម្រូវការពីបរទេសផងដែរ»។
តំណាងក្រសួងអប់រំ និងសាស្ត្រាចារ្យវិទ្យាល័យជម្ពូវ័ន អះអាងថា ដំណើរការដាំបន្លែសរីរាង្គនៅជុំវិញទីធ្លាវិទ្យាល័យជម្ពូវ័ន នឹងចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ២០១៦ ខាងមុខនេះ។ តំណាងក្រសួងអប់រំ និងសាស្ត្រាចារ្យ រំពឹងថា ការប្រែក្លាយវិទ្យាល័យជម្ពូវ័ន ក៏ដូចជាសាលារៀនដទៃទៀតនៅកម្ពុជា ឲ្យទៅជាសាលាគំរូមួយដែលគ្មានការប្រើប្រាស់ថង់ប្លាស្ទិក ប៉ុន្តែជំនួសមកវិញដោយទេសភាពបៃតងដែលបានមកពីចម្ការបន្លែនៅជុំវិញសាលារៀន គឺជាជំហានថ្មីដែលអាចជួយពង្រឹងធនធានមនុស្សក្នុងវិស័យកសិកម្មឲ្យបានខ្លាំងជាងមុន ដើម្បីឲ្យវិស័យនេះមានសក្ដានុពលពិតប្រាកដជួយឲ្យពលរដ្ឋកម្ពុជា អាចទទួលផលពីឱកាសទីផ្សារសេរី ដើម្បីសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋគេចផុតពីភាពក្រីក្របាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សិស្សានុសិស្សវិទ្យាល័យជម្ពូវ័ន ធ្វើដំណើរទស្សនកិច្ចសិក្សានៅចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Um Rainseyធ្វើដំណើរទស្សនកិច្ចសិក្សានៅចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង និងរមណីយដ្ឋានពិកនិក (Picnic) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
តំណាងក្រសួងអប់រំ សាស្ត្រាចារ្យ និងសិស្សានុសិស្សវិទ្យាល័យជម្ពូវ័ន ធ្វើដំណើរទស្សនកិច្ចសិក្សានៅចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
កម្មករភ្ជួរដីចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការក្រូចឆ្មាររបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការស្រកានាគរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការក្រូចទ្រើង (Passion Fruit) របស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការពោតរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការត្រសក់របស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការបន្លាចម្រុះរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការត្រប់របស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការចេករបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការល្ហុងរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការពោតរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការម្នាស់របស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការននោងរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការក្រូចទ្រើង (Passion Fruit) របស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ចម្ការក្រូចទ្រើង (Passion Fruit) របស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
កន្លែងបណ្ដុំប៉េងប៉ោះរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
កន្លែងផលិតជីធម្មជាតិរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
កន្លែងបណ្ដុំផ្សិតធម្មជាតិរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
កន្លែងផលិតជីធម្មជាតិរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
កន្លែងផលិតជីធម្មជាតិរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
កន្លែងផលិតជីធម្មជាតិរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
កន្លែងផលិតជីធម្មជាតិរបស់ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
អត្ថបទដែលទាក់ទង
- យុវជនជាង១០០នាក់ធ្វើទស្សនកិច្ចស្វែងយល់ពីការដាំបន្លែសរីរាង្គនៅខេត្តព្រះសីហនុ
- កសិករខេត្តស្ទឹងត្រែងបារម្ភអំពីហ្វូងដង្កូវបំផ្លាញដំណាំ
- ក្រុមនិស្សិតផលិតវីដេអូស្តីពីផលប៉ះពាល់នៃគ្រោះរាំងស្ងួត
- ដង្កូវហ្វូងនៅតែបន្តបំផ្លាញស្រូវនិងដំណាំកសិករនៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ
- ក្រសួងកសិកម្មបង្កើតក្រុមការងារផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក
- ក្រសួងកសិកម្មប្រកាសឲ្យស្ថាប័នពាក់ព័ន្ធសហការកម្ចាត់ដង្កូវដែលបំផ្លាញស្រូវពលរដ្ឋ
- ហ្វូងដង្កូវបំផ្លាញស្រូវជាច្រើនហិកតាររបស់ពលរដ្ឋខេត្តព្រះវិហារនិងសៀមរាប
- ក្រសួងកសិកម្មណែនាំឲ្យមន្ត្រីក្រោមឱវាទពង្រឹងតាមដានបណ្ដឹងពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី
- កសិករខេត្តបាត់ដំបងស្នើឲ្យអាជ្ញាធរបើកទំនប់អាងកំពីងពួយយកទឹកបញ្ចូលស្រែរាប់ពាន់ហិកតារ
- កង្វះទឹកនិងបច្ចេកទេសប៉ះពាល់ដល់អនាគតកសិករដាំថ្នាំជក់នៅខេត្តត្បូងឃ្មុំ
សូមកោតសរសើរដល់ប្អូន និង សាស្ត្រចារ្យ ដែលបានបំពេញនិងបន្ត អោយតំលៃលើ បន្លែនិងដំណាំសរីរាង្គ ដែលជាប្រភពពិត នៃការរស់នៅ ប្រកបដោយសុខភាពប្រសើរ និង ជាពិសេស គឺ បំរើ ឆន្ទៈពិត នៃការអប់រំ!!!។
បង្ហាញអោយឃើញថា ខ្មែរមិនមែនជាមនុស្សល្ងង់!!!!!
សំនៀង