ក្រុមប្រឹក្សា​សង្កាត់​ថ្មី​​នៅ​ក្រុង​ប៉ោយប៉ែត​​សហការ​គ្នា​​ធ្វើ​ការ​បម្រើ​ពលរដ្ឋ

ដោយ ហ៊ុំ ចំរើន
2017-07-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជាពលរដ្ឋ​តម្រង់​ជួរ​ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​វត្ត​ថ្មី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
ប្រជាពលរដ្ឋ​តម្រង់​ជួរ​ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​វត្ត​ថ្មី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided


ក្រុមប្រឹក្សា​សង្កាត់​ជាប់​ឆ្នោត​ថ្មី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ប្ដេជ្ញា​សហការ​គ្នា​បំពេញ​ការងារ​របស់​​សង្កាត់ ដើម្បី​បម្រើ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​​និន្នាការ​នយោបាយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​ការ​ប្ដេជ្ញា​នេះ។

​​​ចៅសង្កាត់​ស្ដីទី​សង្កាត់​ប៉ោយប៉ែត​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក កង សុខឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា ចាប់​ពី​អភិបាល​ក្រុង​ប៉ោយប៉ែត ប្រកាស​តែងតាំង​ឲ្យ​លោក​បំពេញ​ការងារ​ជា​ចៅសង្កាត់​ស្ដីទី​ជំនួស​ឲ្យ​លោក ចៅ វាសនា ចៅសង្កាត់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មក ការងារ​នៅ​ក្នុង​សង្កាត់​មួយ​នេះ​ដំណើរ​ការ​ដោយ​រលូន​ ដ្បិត​អី​​​ទាំង​ក្រុមប្រឹក្សា​សង្កាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ សហការ​ធ្វើ​ការងារ​រួម​គ្នា​បាន​ល្អ​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ៖ «ខ្ញុំ​បាន​ប្ដេជ្ញា​ចំពោះ​ប្រជាពលរដ្ឋ​ហើយ​ថា ខ្ញុំ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​រើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​​នោះ​ទេ​ សំខាន់​គឺ​ជា​តម្រូវការ​របស់​ពលរដ្ឋ​ដែល​ច្បាប់​កំណត់។ ខ្ញុំ​នឹង​បំពេញ​ជូន​ពួកគាត់»

លោក​បន្ថែម​ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា មាន​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចំនួន ៩​នាក់ ​ដែល​បាន​ចូល​រួម​ប្រជុំ​ទាំង​២​គណបក្ស​នយោបាយ​មាន​មតិ​​ព្រម​គ្នា សម្រេច​អនុម័ត​​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សង្កាត់​ដើម្បី​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ពុំ​មាន​ក្រុមប្រឹក្សា​សង្កាត់​​គណបក្ស​បក្ស​ណា​ជំទាស់​ឡើយ។​​​​​​​

​​​​​​​​​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ យ៉ុត ម៉ៃយ៉ាន​ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​លោក​​សហការ​ជាមួយ​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​គឺ​ដើម្បី​ផល​ប្រយោជន៍​របស់​ពលរដ្ឋ៖ «ខ្ញុំ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដោយ​ពុំ​​មិន​គិត​រឿង​​បុគ្គល​ ខ្ញុំ​ធ្វើ​ការ​ទៅ​តាម​នីតិវិធី​ដែល​យើង​បាន​ចែក​ ហើយ​យើង​នឹង​បន្ត​ការងារ​នេះ​ទៅ​មុខ​ទៀត»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ​ លោក ភុន ឈិន សាទរ​ទៅ​នឹង​ទង្វើ​របស់​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ដែល​សហការ​គ្នា​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ធំ​នេះ​ថា ជា​គំរូ​ល្អ​មួយ​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​រីកចម្រើន​បាន​ឆាប់រហ័ស។

លោក​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជាប់​ឆ្នោត​ថ្មី​ទូទាំង​ប្រទេស​មក​ពី​គ្រប់​​គណបក្ស​នយោបាយ​គួរ​យក​គំរូ​នេះ​ទៅ​អនុវត្ត​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ៖ «ព្រោះ​ក្នុង​នាម​ជា​មន្ត្រី​ដែល​ទទួល​ភារៈ​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ បើ​ទោះ​ជា​ពួកគាត់​មក​ពី​គណបក្ស​នយោបាយ​ផ្សេង​គ្នា​ក៏​ដោយ ប៉ុន្តែ​តាម​ច្បាប់​នៅ​ពេល​ពួកគាត់​ជាប់​ឆ្នោត​នៅ​ក្នុង​ឃុំ-សង្កាត់ គឺ​ជា​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​តែ​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​រើសអើង»

ចៅសង្កាត់​ប៉ោយប៉ែត ស្ដីទី លោក កង សុខឿន នឹង​បន្ត​តំណែង​ជា​ចៅសង្កាត់​​មួយ​នេះ​ រហូត​លោក ចៅ វាសនា ចេញ​ពី​ពន្ធនាគារ។

សង្កាត់​ប៉ោយប៉ែត មាន​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចំនួន ១១​នាក់ គឺ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ៨​នាក់ និង​គណបក្ស​ប្រជាជន​កម្ពុជា ៣​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles