
ដើមឫស្សីដែលអ្នកភូមិនៅតំបន់ទំនប់សេសានក្រោម ២ កាប់ទុកបណ្ដែតផ្ទះពេលទឹកលិច។ រូប មាតាធម្មជាតិ
Tue, 18 July 2017
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ស្ទឹងត្រែងៈ សហគមន៍ក្បាលរមាសកំពុងនាំគ្នាកាប់ឫស្សីឲ្យបាន ៣ ម៉ឺនដើម ដើម្បីធ្វើផ្ទះអណ្តែតក្នុងពេលទ្វារទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោម ២ កំពុងបិទធ្វើឲ្យទឹកឡើងហួសកម្រិតប្រកាសអាសន្នកាលពីម្សិលមិញ ខណៈជនជាតិដើមភាគតិចចំនួន ២៤ អម្បូរមកពី ១៥ ខេត្តសុំឲ្យបញ្ឈប់ការបណ្ដេញចេញ។
សកម្មភាពកាប់ឫស្សីរបស់ពលរដ្ឋជនជាតិភាគតិចព្នងនៅភូមិក្បាលរមាស ៥៨ គ្រួសារនោះគឺបានចាប់ផ្តើមពីថ្ងៃម្សិលមិញ។
លោក ហ្វឿម សាណៃ អាយុ ៤៣ ឆ្នាំបានឲ្យដឹងថាពួកគាត់ជាបុរសៗជាង ១០ នាក់កំពុងប្រឹងប្រែងកាប់ដើមឫស្សីដើម្បីយកទៅចងផ្អោបនឹងផ្ទះជាង ៣០ ខ្នងឲ្យអណ្តែតពេលមានទឹកជំនន់។
លោកថា ផ្ទះមួយត្រូវការឫស្សីប្រហែល ១ ពាន់ដើមដើម្បីអណ្តែត ប៉ុន្តែក្នុងពេល ១ ថ្ងៃម្សិលមិញ ពួកគាត់កាប់បានមិនដល់ ១០០ ដើមផង។ ហេតុនេះពួកគាត់បារម្ភថាទឹកជំនន់នឹងកើតមានឡើងមុនពេលកាប់ឫស្សីគ្រប់ចំនួន។
លោក សាណៃ បានបញ្ជាក់ថា៖ «ខ្ញុំបារម្ភណាស់។ យើងនឹងធ្វើផ្ទះអណ្តែតទឹក ហើយនៅក្នុងផ្ទះនោះតែម្តង តែកាប់មិនទាន់ទេទឹកមកដល់មុនលិចហើយ។ យើងកាប់នឹងកាំបិត ពូថៅ ពិបាកណាស់។ ខ្លះទៅស្ទូងស្រូវសិន»។
លោកបានឲ្យដឹងថាពួកគាត់បានប្រមូលទ្រព្យសម្បត្តិសំខាន់ៗយកទៅទួលសុវត្ថិភាពហើយ។
សកម្មជនបរិស្ថានមាតាធម្មជាតិលោក ថុន រដ្ឋា ដែលកំពុងនៅក្នុងភូមិនោះសង្កេតឃើញថាអ្នកភូមិខំប្រឹងជម្នះឧបសគ្គដើម្បីបង្ហាញសាធារណជន និងរដ្ឋាភិបាលថាពួកគាត់មិនព្រមចាកចេញពីភូមិចាស់ដាច់ខាត ហើយសុខចិត្តរស់នៅក្នុងផ្ទះអណ្តែតទឹក។
ពលរដ្ឋភូមិក្បាលរមាស ៨២ គ្រួសារបានយល់ព្រមចាកចេញទៅទីតាំងថ្មីជាប់ផ្លូវជាតិលេខ ៧៨ ថ្មី តែ ៥៨ គ្រួសារបានបដិសេធដែលដូចគ្នានឹងសហគមន៍ស្រែគ ១២៤ គ្រួសារផងដែរ។
ស្របពេលជាមួយគ្នានេះជនជាតិដើមភាគតិចចំនួន ២៤ អម្បូរមកពី ១៥ ខេត្តនៅទូទាំងប្រទេសបានចេញលិខិតរួមគ្នាមួយកាលពីម្សិលមិញដោយអំពាវនាវដល់រដ្ឋសភា រដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ ឲ្យបញ្ឈប់ការបណ្តេញចេញដោយ «បង្ខំ និងហិង្សា» ទៅលើសហគមន៍ភូមិក្បាលរមាសទាំងនោះ។
សហគមន៍ទាំងនោះបានលើកឡើងថាពួកគេបានសម្រេចចិត្តមិនចាកចេញពីលំនៅឋានចាស់ឡើយ ប៉ុន្តែបានសម្រុះសម្រួលគ្នាជ្រើសរើសយកទីទួលសុវត្ថិភាពមួយហៅស្រែវែងចម្ងាយពីភូមិប្រមាណជា ៤ គីឡូម៉ែត្រដើម្បីរស់នៅវិញ ព្រោះថាតំបន់នោះដីសម្បូរជីវជាតិអំណោយផលដល់ការដាំដុះអាចចិញ្ចឹមសត្វគោក្របីបានមានអនុផលព្រៃឈើ អូរ ស្ទឹង និងទន្លេដែលអាចរស់នៅដោយ «សុភមង្គលបំផុត» តាមលក្ខណៈប្រពៃណីជនជាតិដើម។
ពួកគេមិនព្រមចេញទៅទីតាំងថ្មីនោះទេដោយសារវាធ្វើឲ្យបាត់បង់អត្តសញ្ញាណជនជាតិដើមនៅពេលដែលរស់នៅលើផ្ទៃដីតែ ៥ ហិកតា តែគ្រួសារខ្លះមិនទទួលបានគ្រប់ចំនួនកំណត់ ខណៈមានសមាជិកគ្រួសារច្រើន។ លើសពីនោះដីគ្មានជីជាតិ គ្មានព្រៃសម្រាប់រកអនុផលព្រៃឈើ ខ្វះទឹកនៅរដូវប្រាំងដែលធ្វើឲ្យអ្នកព្រមចាកចេញចំណាយយ៉ាងតិច ៣ ម៉ឺនរៀលក្នុង ១ សប្តាហ៍។ ពួកគាត់ខ្លះបានបាត់បង់មុខរបរ ហើយងាកទៅធ្វើកម្មករឲ្យក្រុមហ៊ុនចិន និងវៀតណាមជាដើម។

ពលរដ្ឋសម្រុកកាប់ឫស្សី ទុកបណ្ដែតផ្ទះនៅភូមិក្បាលរមាស។ រូបថត Mother Nature
លិខិតនោះបានសរសេរថា៖ «ជនជាតិដើមភាគតិចភូមិក្បាលរមាសមិនប្រឆាំងនឹងការអភិវឌ្ឍទេ តែសូមរដ្ឋាភិបាលទទួលយក និងគោរពតាមការសម្រេចចិត្តជាសមូហភាពរបស់សហគមន៍ដោយមិនបណ្តេញចេញ និងត្រូវអភិវឌ្ឍមូលដ្ឋានដោយមិនរើសអើងដូចសព្វថ្ងៃចុះបញ្ជីដីសមូហភាព និងផ្តល់សេវាសាធារណៈជូនពួកគាត់»។
ក្រុមជនជាតិដើមបានស្នើឲ្យរដ្ឋសភាចុះសិក្សា និងអន្តរាគមន៍ជាបន្ទាន់ ដើម្បីចៀសវាងការបណ្តេញចេញ និងប្រើហិង្សាកើតឡើង ហើយសុំកុំឲ្យប្រើហិង្សា និងគំរាមកំហែងពួកគេ ប៉ុន្តែត្រូវត្រៀមឧបករណ៍ជួយសង្គ្រោះពួកគាត់ និងសត្វពេលទឹកលិចដោយសារទំនប់។
ពួកគេក៏បានទាមទារឲ្យក្រុមហ៊ុនផ្តល់សំណងដល់ការខូចខាតទ្រព្យសម្បត្តិ ដែលបណ្តាលមកពីសកម្មភាពរបស់ក្រុមហ៊ុនផងដែរ។
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់កាលពីម្សិលមិញ អាជ្ញាធរមិនធ្លាប់បណ្តេញចេញ ឬប្រើអំពីហិង្សាលើពលរដ្ឋដែលមិនព្រមចាកចេញទេ។ ផ្ទុយទៅវិញបានត្រៀមកម្លាំងរាប់រយនាក់ដើម្បីជួយសង្គ្រោះ បើទោះបីជាពលរដ្ឋសហការដោះស្រាយបញ្ហាជាមួយឬយ៉ាងណាក៏ដោយ។
លោកបានបន្តថា៖ «យើងអត់ដែលបង្ខំគាត់សោះតែម្តង។ ចេញមិនចេញជារឿងរបស់គាត់។ គ្រាន់តែយើងទៅក្បែរផ្ទះ ស្រង់ទិន្នន័យ គាត់មិនព្រមក៏យើងចេញដែរ។ ជួនកាលគាត់ដៀមដាមឲ្យទៀត តែយើងទន់ភ្លន់អត់ធ្មត់។ រដ្ឋាភិបាលបានគិតគូរអស់ហើយ»។ លោកទទួលស្គាល់ថាទីតាំងថ្មីមានការខ្វះខាតខ្លះ ដូចជា ទឹកប្រើប្រាស់ក្នុងដំណាក់កាលដំបូង តែអាជ្ញាធរព្យាយាមធ្វើការដោះស្រាយជាបន្តបន្ទាប់។
ដោយឡែកចំពោះការធ្វើផ្ទះអណ្តែតទឹកវិញ លោកយល់ថាវាគ្រាន់តែជាមធ្យោបាយបណ្តោះអាសន្នដែលគ្មានស្ថិរភាព និងមានហានិភ័យខ្លាំង។
លោកក៏បានឲ្យដឹងផងដែរថាទឹកទន្លេសេសានបានឡើង ២ ម៉ែត្រត្រឹមថ្ងៃម្សិលមិញគឺដល់ ៦៦ ម៉ែត្រ បន្ទាប់ពីបិទទំនប់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលនេះវាលើសពីកម្រិតប្រកាសអាសន្នត្រឹម ៦៥ ម៉ែត្រ។
ទោះយ៉ាងណាទឹកគ្រាន់តែជិតប្រៀបច្រាំងប៉ុណ្ណោះ ហើយកម្រិតដែលអាចលិចភូមិឋានខ្លាំងពី ៣ ទៅ ៥ ម៉ែត្រគឺពេលទឹកស្ទឹងនេះឡើងចន្លោះពី ៦៨ ទៅ ៧២ ម៉ែត្រ។ ប៉ុន្តែលោក ហ្វុត ឃឿន តំណាងសហគមន៍ស្រែគមិនបានសម្ដែងក្តីបារម្ភចំពោះកម្រិតទឹកឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃនោះទេ។
ទំនប់វារីអគ្គិសនីសេសានក្រោម ២ កម្លាំង ៤០០ មេហ្គាវ៉ាត់ដែលធំជាងគេនៅកម្ពុជាគ្រោងនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ២៥ ខែកញ្ញាខាងមុខ បន្ទាប់ពីបិទសាកល្បងរយៈពេលមួយខែរហូតដល់ថ្ងៃទី ១៥ សីហា៕