ដោយ អេង គីមហុង
18/07/2017
RFI

រូបថតៈ ប្រាសាទសំបូរព្រៃគុក
កាលពីយប់មិញនេះ នៅក្នុងពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តបេតិកភណ្ឌពិភពលោកប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីបំណងនឹងដាក់បញ្ចូលប្រាសាទខ្មែរមួយចំនួនទៀត ជាសម្បត្តបេតិកភណ្ឌ។ ក្នុងនោះគឺ តំបន់ធម្មជាតិ និងប្រាងប្រាសាទជាដើម សរុបមានចំនួន៨កន្លែង។
រមណីយដ្ឋាន និងប្រាសាទទាំង៨កន្លែងនោះរួមមានៈប្រាសាទកោះកេរ ប្រាសាទព្រះខ័នកំពង់ស្វាយ ស្ថិតក្នុងខេត្តព្រះវិហារ ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយព្រៃនគរ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ប្រាសាទបឹងមាលា និងរមណីយដ្ឋានភ្នំគូលែនស្ថិតនៅខេត្តសៀម ប្រាសាទភ្នំដា ស្ថិតនៅខេត្តតាកែវ និងរមណីយដ្ឋានឧដ្ដុង្គស្ថិតនៅក្នុងខេត្តកណ្ដាល។
លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយកអាជ្ញាធរបេតិកភណ្ឌនៃក្រសួងវប្បធម៌អះអាងថា ប្រាសាទ និងមរណីយដ្ឋានទាំងនេះគឺក្រសួង បានរៀបចំឯកសារទាក់ទងនឹងប្រវត្តិប្រាសាទរួចហើយ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺអភិរក្ស និងជួសជុលចំណុចបាក់បែក ទើបពន្លឿនការងារចុះបញ្ចីឆាប់រហ័ស។
មន្ត្រីដដែលគូសបញ្ជាក់ថា លក្ខណៈពិសេសធ្វើឲ្យអង្គការយូណេស្កូ UNESCO ទទួលចុះបញ្ជីប្រាសាទខ្មែរជាសម្បត្តរួមរបស់មនុស្សជាតិដោយសារតែប្រាសាទខ្មែររក្សានូវស្ថានភាពដើមបានយ៉ាងល្អ ទោះរងប៉ះទង្គិចដោយសារសង្គ្រាម គ្រោះធម្មជាតិ ឬការបំផ្លាញរបស់មនុស្ស។ តួយ៉ាងប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារនេះតែម្ដង។ ប្រាសាទក្រោយៗទៀតដែលរដ្ឋាភិបាលស្នើឲ្យដាក់បញ្ចូលនាពេលខាងមុខក៏អង្គការយូណេស្កូពិនិត្យទៅលើលក្ខណៈពិសេសដូចគ្នាដែរ។
សូមបញ្ជាក់ថា ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌ មិនមែនជារឿងចៃដន្យនោះទេ ព្រោះថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភាគីពាក់ព័ន្ធ បានត្រៀមឯកសារជាច្រើន ដើម្បីដាក់ទៅអង្គការយូណេស្កូ រយៈពេលជាច្រើនឆ្នាំមកហើយ។
មកដល់ចំណុចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់មិញបានបង្ហាញពីមោទនភាពថា ប្រាសាទកម្ពុជាមានភាពលឿន ដែលប្រាសាទកម្ពុជាត្រូវបានចុះបញ្ចីជាសម្បត្តរួមរបស់មនុស្សជាតិ ដែលផ្ទុយពីប្រទេសមួយចំនួនបានស្នើចុះបញ្ចីកេរមរតកទៅអង្គការយូណេស្កូ២០-៣០ឆ្នាំ នៅតែមិនទាន់មានការឆ្លើយតប។
គួររម្លឹកថា ប្រាសាទកម្ពុជាចំនួនបី ត្រូវបានចុះបញ្ចីជាសម្បត្តបេតិកភណ្ឌពិភពលោករួមមានៈ ប្រាសាទអង្គរវត្ត ព្រះវិហារ និងថ្មីៗនេះសំបូរព្រៃគុក។ ទន្ទឹមនឹងនេះលោក ហ៊ុន សែន កំណត់យកថ្ងៃទី១០ ខែកក្កដា រៀងរាល់ឆ្នាំ ជាទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕