បុរស​ច្រៀង​​​ជេរ​ប្រមាថ​លោក ហ៊ុន សែន ត្រូវ​បាន​ដោះ​លែង

រូបថតពី​វិដេអូ​ចម្រៀង ដែល​ច្រៀង​ដោយ​លោក ហ៊ុយ ឧត្តម​ កាល​ពី​ឆ្នាំ ២០១៣។




ភ្នំពេញប៉ុស្តិ៍

ក្រចេះ៖ ចៅក្រម​ស៊ើប សួរ​សាលា​ដំបូង​ខេត្ត​ ក្រចេះ ​បាន​សម្រេច​ដោះ​លែង​បុរស​អ្នក​ខេត្ត​ កំពង់ស្ពឺ​ម្នាក់​ដែល​បាន​ច្រៀង​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​បុរស​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ «ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ដោយ​តុលាការ​សាលា​ដំបូង​ខេត្ដ ​ក្រចេះ ទាក់ទង​ទៅ​នឹង​វីដេអូ​មួយ​ដែល​បុរស​ជាប់​ចោទ​បាន​ច្រៀង​ កាល​ពី​ឆ្នាំ ២០១៣ ​ដែល​បាន​ច្រៀង​រៀប​រាប់ ​រិះគន់​ដល់​គោល​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ក្រោយ​មក​គាត់​ក៏​បាន​ច្រៀង​សុំទោស​វិញ។

លោក​ ថាន់ ឃុង ​ចៅ​ក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ក្រចេះ បាន​បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ក្រចេះ​ដោះ​លែង​ជន​ត្រូវ​ចោទ​ បន្ទាប់​ពី​គាត់​បាន​សុំទោស​ចំពោះ​សកម្មភាព​ជា​យុវវ័យ​របស់​គាត់ ​ដោយ​សំដៅ​ដល់​គណបក្ស​ប្រឆាំង​ផង​ដែរ​។

គាត់​បាន​ច្រៀង​ថា៖ «ខ្ញុំ​ពិត​ជា​អៀន​ខ្មាស​​ណាស់​ដែល​បាន​ខ្ញុំ​ជេរ​ប្រមាថ​ពូ [ហ៊ុន សែន] ហើយ​គណបក្ស​ប្រឆាំង​តែង​តែ​ញុះ​ញង់ [ប្រជាជន] ឱ្យជេរ​ប្រមាថ​ពូ»។

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​នោះបាន​បញ្ជាក់​ថា៖ «យើង​ ថាន់​ ឃុង ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​ក្រចេះ ​បង្គាប់​ឲ្យ​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​ក្រចេះ ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ ហ៊ុយ ឧត្តម អាយុ​ ២៩ ឆ្នាំ….ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ប្រព្រឹត្តិ​នៅ​ក្នុង​បណ្តាញ​សង្គម​ ហ្វេសប៊ុក ​កាលពី​ខែ កញ្ញា ​ឆ្នាំ ២០១៣»។

លោក​ ហ៊ុយ ឧត្តម ​បា​នឱ្យ​ដឹង​ថា ក្នុង​ឡុង​ឆ្នាំ ២០១៣ ​កាល​ណោះ​គាត់​ដើរ​តែ​មួយ​ច្រក​តួច ​​មិន​បាន​បើក​ចិត្ត​ឲ្យ​ទូលំ​ទូលាយ​ទេ​កាល​នោះ គាត់​នៅ​ក្មេង ​ជា​យុវវ័យ​ ឈាម​រាវ គិត​ថា​សម្តេច​ ហ៊ុន​ សែន ​បញ្ជា​ពី​លើ​មក​ធ្វើ​បាប​រាស្ត្រ ​រឹប​អូស​ដី​រាស្ត្រ ​និង​បាន​ឃើញ​រូប​ភាព​តាម បណ្តាញ​ហ្វេស​ប៊ុក​ខ្លះៗ ​ពេល​នោះ​គាត់ក៏​កើត​ចិត្ត​អាណិត​ប្រជាពលរដ្ឋ ដូច្នេះ​ក៏​បាន​តែង​ជា​បទ​ចម្រៀង​មួយ​ដើម្បី ​បញ្ចេញ​កំហឹង​ថា​ឈឺ​ចាប់ ចំពោះ​ការ​​បាត់​បង់​ដីធ្លី​ទាំង​នោះ។

លោក​ ឧត្តម ​បន្ត​ថា៖ «ខ្ញុំ​មិន​មាន​គម្រោង​អ្វី​ផ្សេង​ ឬ​បង្កើត​ជា​សមាគម​ឬ​សមាជិក​ណា​​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​អីគឺ​អត់​ទេ … ពីព្រោះ​កាល​ហ្នឹង​ខ្ញុំ​ជា​យុវវ័យ​នៅ​​ក្មេង ​អត់​ចេះ​ដឹង ​អត់​គិត​ច្រើន គឺ​ដើរ​ផ្លូវ​ណា​ដើរ​ផ្លូវ​ហ្នឹង​។ ​បើ​និយាយ​ពី​បទ​ចម្រៀង​ហ្នឹង​ថា​និ​យាយ​ពី​អត្ថ​ន័យ​គឺ​មិន​ត្រឹមត្រូវ​​ហើយ​​ខ្ញុំ​ក៏​មាន​ការ​សោក​ស្តាយ​មួយ​ដែរ ​ដែល​ពី​មុន​ខ្ញុំ​បាន​ធ្វើ​អញ្ចឹង ខ្ញុំ​បាន​ប្រព្រឹត្ត​នូវ​កំហុស ​ឆ្គង​មួយ​ដោយ​បាន​ជេរ​ប្រមាថ​ វាយ​ប្រហារ ខ្ញុំ​ក៏​បាន​លើក​ដៃ​សុំទោស​ទៅ​កាន់​សម្តេច​តេ​ជោ​ ហ៊ុន សែន ​ពីព្រោះ​ពេល​ហ្នឹង​ខ្ញុំ​នៅ​ឆោត​ល្ងង់»។

«ប្រសិន​បើ​បង​ប្អូន​​ជេរ​ប្រមាថ​ទៅ​អញ្ចឹង​វាទៅ​ជា​ចលាចល​ វា​កើ​តទៅ​ជា​កំហឹង ​ខ្មែរ​យើង​ឈ្លោះ​ជា​មួយ​ខ្មែរ​គ្នា​ឯង នោះ​វា​មិនល្អ​ទេ»។

នៅក្នុង​វីដេអូ​នោះ​ លោក​ ហ៊ុយ ឧត្តម ​អាយុ​ ២៩ ឆ្នាំ​ បាន​ច្រៀង​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​ថា​ បាន​ផ្តល់​ដី​ឲ្យ​យួន​ពាក្យ​ថា «យួន» ជា​ពាក្យ​ដែល​គេ​ប្រើ​ដើម្បី​ប្រមាថ​លើ​ជន​ជាតិ​វៀត​ណាម។​ ហើយ​លោក​ក៏បាន​ច្រៀង​បន្តថា​កាប់​ឈើ​គ្មាន​សល់​ឈប់​ខ្វល់​អស់​រ៉ែ​ត្បួ​ង​បំផ្លាញ​មច្ឆា​តិណ​ជាតិ និង​បាន​ច្រៀង​ថា៖ «ល្មោភ​អំណាច​តែ​ម្នាក់​ឯង​មិន​ដែល​កោត​ក្រែង​ចិត្ត​ប្រជាជន….ជ្រុល​ហួស​ហេតុ​ពេក​ហើយ…..គួរ​ណា​ឡើយ​ឯង​កុំ​ម​ន្តើ​យ​ធ្វើ​ដូចនេះ​ទៀត ឯង​កើត​ជា​ខ្មែរ​ចរិត​ជា​ឆ្កែ​ដ៏​ចោល​ម្សៀត…»។

ស្នងការរង​ខេត្ត​ក្រចេះ​ លោក​ អ៊ុំ ភី ​បាន​ថ្លែង​ថា តុលាការ​បាន​ដោះ​លែង​គាត់​ពី​ព្រោះ​អ្នក​ដឹក​នាំ​លោក​បាន​លើក​លែង​ទោស​ឲ្យ​គាត់​ហើយ​ បន្ទាប់​ពី​គាត់​បាន​សុំទោស​ចំពោះ​កំហុស​របស់​គាត់។

លោក​ថ្លែង​ថា៖ «នេះ​គឺជា​ការ​សម្រេច​ចិត្ត​របស់​តុលាការ … នេះ​គឺជា​ការ​លើក​លែង​ទោស​ពី​មេដឹកនាំ​ដូច្នេះ​គាត់​ត្រូវ​បាន​ដោះ​លែង»៕NS


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles