កម្ពុជានាំបន្លែចូលពីបរទេសចំណាយជាង២០០លានដុល្លារក្នុង១ឆ្នាំ​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧​ | ម៉ោង 12:10 PM
http://vodhotnews.com

សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានបង្ហាញរបាយការណ៍នៅថ្ងៃនេះថា កម្ពុជា​បច្ចុប្បន្នបានចំណាយថវិកាអស់ជាង ២០០លានដុល្លារអាមេរិក​ក្នុង១ឆ្នាំៗ ក្នុងការនាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ។​

ក្នុងពិធីសម្ពោធគម្រោងកសិកម្មជាមួយ អង្គការ​ USAID​ នៅថ្ងៃនេះ ក្រសួងកសិកម្មបានបង្ហាញរបាយការណ៍ថា បន្លែដែលនាំចូលមកបំពេញតម្រូវនៅកម្ពុជាភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម និង ប្រទេសចិន​។​

អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម លោកស្រី ចាន់ ផលលឿន​ មានប្រសាសន៍ក្នុងពិធីនោះ​ថា បន្លែដែលកសិករកម្ពុជា​ដាំមិនបានគ្រប់គ្រាន់តាមតម្រូវ​ការ​ ហើយនាំចូលពីប្រទេសវៀតណាម និង ចិននោះរួមមាន ខ្ទឹមបារាំង ការ៉ុត ស្ពៃបូកគោ និង​ ស្ពៃក្តោបជាដើម។ លោកស្រី​​បញ្ជាក់ពីមូលហេតុដែលកសិករខ្មែរដាំមិនបាន ចំពោះ​ដំណាំទាំងនេះ ដោយសារ បញ្ហាអាកាសធាតុ និង ខ្វះចំណេះដឹងបច្ចេកទេស។​​

នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ធ សុផល មានប្រសាសន៍ថា ដើម្បីឲ្យកសិករខ្មែរដាំបន្លែ គ្រប់គ្រាន់តាម តម្រូវការទីផ្សារ ត្រូវមានការចងក្រងសហគមន៍ ក្នុងការផ្តល់ព័ត៌មាន​ពីតម្រូវការទីផ្សារ និង ក្រុមអ្នកដាំដុះ​។​ លោក​បន្តថា កន្លងមក កសិករ ដាំដំណាំមិនត្រូវតាម​តម្រូវការ ឬ ជួនមានជួនអត់ ទើបទីផ្សារកម្ពុជាត្រូវការយកបន្លែពីប្រទេសផ្សេង មកបំពេញ។

ក្នុងពិធីនោះ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុងប្រកបរបរកសិកម្ម ប៉ុន្តែកសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ។ អង្គការនេះ កំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និង ជំនាញដល់កសិករឲ្យដាំដំណាំអាចផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។​

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា​ក្រៅពីបាត់បង់ចំណូលដោយសារការនាំបន្លែចូលពីបរទេសក៏បារម្ភពីបញ្ហាសុខភាពដែរដោយសារបន្លែនាំចូលពីបរទេសពិសេសវៀតណាម​មានសារធាតុគីមីច្រើន​។ របាយការណ៍ផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋចិនស៊ីនហួរបានឲ្យដឹងថា នៅក្នុងប្រទេសវៀតណាម​ចាប់ពីខែមករាដល់ខែសីហាឆ្នាំ២០១៧ មានការពុលចំណីអាហារចំនួន​៧៧ករណី ដែលបានបណ្តាលឲ្យមនុស្សចំនួន​២ ២១៤នាក់ ធ្លាក់ខ្លួនឈឺ ហើយក្នុងចំណោមនោះ១៧នាក់បានស្លាប់។

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles