ដោយ លោក ពេជ្រ ចំរុង | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧
http://vodhotnews.com

អគ្គនាយកដ្ឋានពន្ធដារ ព្រមានថា នឹងប្ដឹងក្រុមហ៊ុនចំនួន៣ ឲ្យសងបំណុលពន្ធជូនរដ្ឋាភិបាល ប្រសិនបើម្ចាស់ក្រុមហ៊ុនទាំងនោះ មិនចូលខ្លួនមកដោះស្រាយ តាមការកោះអញ្ជើញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី១២ខែកញ្ញាកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា ក្រុមហ៊ុនមិនទាន់បានបង់ពន្ធនោះ គឺលក់ដូរផ្នែកគ្រឿងសង្ហារឹម និងសំណង់ រួមមាន ក្រុមហ៊ុន ដា ម៉ា ខេមបូឌា ប៊ីលឌីង ក្រុមហ៊ុន ទីប អឹមខេ និងក្រុមហ៊ុន អេស ឌី សឺលូសិន។ ប៉ុន្ដែសេចក្ដីប្រកាសនេះ មិនបានបញ្ជាក់ទំហំប្រាក់បំណុលពន្ធ ដែលជំពាក់នោះទេ។
អគ្គនាយកដ្ឋានពន្ធដារ អះអាងថា កន្លងមក រដ្ឋាភិបាលបានផ្ញើលិខិតកោះអញ្ជើញនាយកក្រុមហ៊ុនខាងលើនេះជាច្រើនដងមកហើយ ប៉ុន្ដែពួកគេនៅតែមិនទាន់ចូលខ្លួន មកដោះស្រាយបញ្ហាបំណុល ដែលជំពាក់នៅឡើយ។
បើតាមសេចក្ដីប្រកាស អគ្គនាយកដ្ឋានពន្ធដារ ព្រមានថា «ក្នុងករណី មិនបានអញ្ជើញមក តាមកាលកំណត់ខាងលើនេះទេ លោកនាយកត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ […] ហើយអគ្គនាយដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ក្រុមហ៊ុន ដែលជាអ្នកជាប់ពន្ធ»។
យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសទុកពេលចំនួន១៥ថ្ងៃ ដើម្បីឲ្យម្ចាស់ក្រុមហ៊ុនខាងលើចូលខ្លួនមកដោះស្រាយជាមួយគ្នា គិតចាប់ពីថ្ងៃចេញសេចក្ដីប្រកាសនេះ៕