ដោយ វ៉ា សំណព្វ
27/09/2017
RFI

បដាទាមទារឲ្យដោះលែងលោក កឹម សុខា នៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ (REUTERS)
អាជ្ញាធរកម្ពុជា កាលពីថ្ងៃអង្គារ ទី២៦ កញ្ញា បានណែនាំឲ្យគណបក្សសង្រ្គោះជាតិ ទម្លាក់បដាដែលមានរូបលោក កឹម សុខា ចេញពីមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិនៅទូទាំងប្រទេស ដោយលើកហេតុផលថា បានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ មិនបានធ្វើឡើងជាលាយល័ក្ខអក្សរទេ ខណៈដែលគណបក្សសង្រ្គោះជាតិអះអាងថា នឹងបន្តដាក់បដានេះរហូតដល់មានការសម្រេចចិត្តជាថ្មី។ គិតត្រឹមថ្ងៃអង្គារម្សិលមិញ យ៉ាងហោចណាស់ មានបដាចំនួន៣ នៅរាជធានីភ្នំពេញនិងខេត្តចំនួន២ ត្រូវបានអាជ្ញាធរទម្លាក់ចេញ។
បទបញ្ជារបស់អាជ្ញាធរកម្ពុជា មិនបានធ្វើឡើងជាលាយល័ក្ខអក្សរអ្វីទេ ប៉ុន្តែបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ក្រសួងបានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ចុះណែនាំ ដល់សមាជិកសមាជិកា និងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ឲ្យរុះរើចេញជាបន្ទាន់ នូវបដាទាមទារឲ្យដោះលែង លោក កឹម សុខា នោះ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុក យុទ្ធនាការលើកបដារបស់គណបក្សសង្រ្គោះជាតិនេះ គឺជាការអនុវត្តផ្ទុយពីច្បាប់ ខណៈដែលករណីរបស់ លោក កឹម សុខា កំពុងស្ថិតនៅក្នុងដៃរបស់តុលាការនៅឡើយ។ ហើយថា ការយកគណបក្សសង្រ្គោះជាតិទៅភ្ជាប់ជាមួយនឹងករណីរបស់លោក កឹម សុខា គឺជាការធ្វើឲ្យខាតបង់ប្រយោជន៍របស់គណបក្សសង្រ្គោះជាតិទៅវិញទេ។ នេះបើតាមលោក ខៀវ សុភ័គ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារ ទី ២៦ កញ្ញា បដាដែលមានរូបលោក កឹម សុខា ចំនួន៣ហើយ ត្រូវបានទម្លាក់ចេញពីមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិ។ មួយនៅរាជធានីភ្នំពេញ មួយនៅខេត្តមណ្ឌលគីរី និងមួយទៀតនៅក្នុងខេត្តកំពត។ លោក ម៉ៅ មុនីវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានចាត់ទុកទង្វើរបស់អាជ្ញាធរកម្ពុជាថា គឺជាការរំលោភសិទ្ធិរបស់គណបក្សនយោបាយ ក្នុងការតស៊ូមតិក្នុងរបបលទ្ធិប្រជាធិបតេយ្យ។ បើតាមលោក ម៉ៅ មុនីវណ្ណ ដដែល គណបក្សសង្រ្គោះជាតិ មិនទាន់មានផែនការដកបដាទាំងនោះចេញវិញនៅឡើយទេ ល្គឹកណាមិនទាន់មានសេចក្តីណែនាំជាផ្លូវការពីក្រសួងមហាផ្ទៃ។
គួររំលឹកជូនថា ចាប់តាំងពីថ្ងៃចន្ទទី២៥កញ្ញាមក គណៈកម្មការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិបានសម្រេចលើកបដានៅតាមទីស្នាក់ការគណបក្សនៅទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ។ សម្រាប់គណបក្សសង្រ្គោះជាតិ នេះគឺជាយុទ្ធនាការថ្មី បន្ទាប់ពីការតវ៉ាសុំឲ្យដោះលែងលោក កឹម សុខា នៅមុខពន្ធនាគារត្រពាំងផ្លុង នៅ២សប្តាហ៍កន្លងមក មិនទទួលបានលទ្ធផល។ គិតត្រឹមថ្ងៃទី ២៧ កញ្ញានេះ មានរយៈ២៥ថ្ងៃហើយ ដែលលោក កឹម សុខា ត្រូវបានស្ថិតនៅក្រោមការឃុំខ្លួន ពីបទក្បត់ជាតិ ខណៈដែលតុលាការសាលាឧទ្ធរណ៍កាលពីថ្ងៃទី ២៦ កញ្ញា បានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា នៅក្នុងពន្ធនាគារដដែល៕