
បុរសម្នាក់អង្គុយស្តាប់វិទ្យុ Fresh News ដែលទើបបើកថ្មី។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: សារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលកាលពីម្សិលមិញបានសម្លឹងពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយចាប់ផ្តើមបើកសេវាវិទ្យុនៅលើគេហទំព័ររបស់ខ្លួន បន្ទាប់ពីវិទ្យុមួយចំនួនរួមទាំងវិទ្យុអាស៊ីសេរីដែលហ៊ានរិះគន់រដ្ឋាភិបាលបានបិទប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
សេវាវិទ្យុថ្មីនេះដែលហៅថា Fresh News Radio សំឡេងព័ត៌មានទាន់ហេតុការណ៍ត្រូវបានដំណើរការនៅលើគេហទំព័រសារព័ត៌មាននេះហើយកាលពីល្ងាចម្សិលមិញមានការផ្សាយព័ត៌មានដែលរិះគន់គណបក្សប្រឆាំង និងបញ្ហាជម្លោះថ្មីៗរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសហភាពអឺរ៉ុបពាក់ព័ន្ធនឹងការបើកទំនប់វារីអគ្គិសនីសេសានក្រោម ២ រួមជាមួយនឹងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ។
លោក លីម ជាវុត្ថា អគ្គនាយកនៃសារព័ត៌មាន Fresh News មានការស្ទាក់ស្ទើរក្នុងការនិយាយអំពីសេវានេះដោយថ្លែងថាវាគ្រាន់តែជាជំហានសាកល្បង និងរង់ចាំការបើកជាផ្លូវការ។
លោកថ្លែងថា៖ «[យើង] កំពុងស្ថិតនៅក្នុងដំណើរការសាកល្បង។ បីបួនថ្ងៃខាងមុខ ខ្ញុំនឹងប្រាប់អ្នកនៅពេលវាចាប់ផ្តើមជាផ្លូវការ។ ឥឡូវនេះខ្ញុំមិនអាចនិយាយអ្វីបានទេ»។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានថ្លែងកាលពីម្សិលមិញដែរថាសេវាព័ត៌មានមានសេរីភាពក្នុងការផ្សាយខ្លឹមសាររបស់ខ្លួនក្នុងទម្រង់វិទ្យុនៅលើអ៊ីនធឺណិត និងមិនស្នើសុំអាជ្ញាប័ណ្ណផ្សាយ FM។ ការបើកនេះមិនមានអ្វីពាក់ព័ន្ធនឹងការបិទវិទ្យុអាស៊ីសេរី និងកាសែតឌឹខេមបូឌាដេលីនោះទេ ហើយក៏មិនឃើញមានកំហុសចំពោះការទោរទន់ខ្លាំងរបស់ FN ទៅរករដ្ឋាភិបាលដែរ។
លោកថា៖ «វាជាសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់»៕ PS
Contact authors: ម៉ិច ដារ៉ា and Ananth Baliga