ដោយ លោក ឃុត សុគន្ធ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ | ម៉ោង 4:32 PM
http://vodhotnews.com

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក នាយករដ្ឋមន្ត្រី)
រដ្ឋាភិបាលកម្ពុជា ហាក់បន្ទន់ជំហរជាមួយអាមេរិក ពាក់ព័ន្ធរឿងគ្រាប់បែកគីមីចំនួនពីរគ្រាប់ នៅក្នុងខេត្តស្វាយរៀង ដោយថា រដ្ឋាភិបាល នឹងកម្ទេចគ្រាប់បែកទាំងនោះ ដោយខ្លួនឯង។
កាលពីថ្ងៃពុធទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងរំលឹកដោយពាក្យសម្តីខ្លាំងៗថា កម្ពុជាទទួលរងគ្រោះ ដោយសារគ្រាប់បែកអាមេរិករាប់លានគ្រាប់ ដោយចោទថា អាមេរិក បានទម្លាក់កាលពីសម័យសង្គ្រាម និងបានកោះអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបច្ចុប្បន្ន លោក វីល្លៀម ហៃដ្ត ឲ្យទៅពិនិត្យនិងយកគ្រាប់បែកគីមីចំនួន២គ្រាប់ ក្នុងខេត្តស្វាយរៀងទៅអាមេរិកវិញផងដែរ។
ចំណែក ក្នុងពិធីចែកសញ្ញាបត្រដល់និសិត្ស ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន ថ្លែងដោយហាក់បន្ទន់សំឡេងថា រដ្ឋាភិបាលកម្ពុជា នឹងកម្ទេចគ្រាប់បែកគីមីចំនួន២គ្រាប់នោះដោយខ្លួនឯង ដោយមិនរងចាំអាមេរិកមកយកឡើយ។
លោកបន្ថែមថា៖ «ឥឡូវ គ្រាប់បែកគីមីនេះ វានៅខេត្តស្វាយរៀងរបស់យើង អញ្ចឹងដើម្បីយកវាចេញត្រូវជម្លៀសប្រជាជនប៉ុន្មានពាន់នាក់ ប៉ុន្មានពាន់គ្រួសារនោះ បើទោះបីយ៉ាងម៉េចក៏ដោយ នេះជាបញ្ហារបស់យើង។ ខ្ញុំបាននិយាយថា សុំឲ្យអាមេរិកមកយក ប៉ុន្តែចាំទៅ ដេកទាល់តែថ្ងៃងាប់ទៀត ក៏មិនទាន់អាមេរិក មកយកដែរគ្រាប់[បែក]ហ្នឹងនោះ អញ្ចឹងទេ សុវត្តិភាពខ្លួនឯង យើងត្រូវដោះស្រាយបញ្ហានេះ តាមរយៈគណៈកម្មការជាតិ អាវុធគីមីរបស់យើង»។
ការថ្លែងសារ បែបបន្ទន់ឥរិយាបថរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងអាចមេរិកពេលនេះ ហាក់ធ្វើឡើង បន្ទាប់ពីមន្រ្តីក្រសួងការបរទេសកម្ពុជា បង្ហាញការព្រួយបារម្ភថា សហរដ្ឋអាមេរិក អាចនឹងបិទទីផ្សារលក់ផលិតផលវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើង។
ចំពោះ អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី បានគាំទ្រ ករណីលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែងបន្ទន់ឥរិយាបថ មិនបន្តភាពតានតឹងជាមួយអាមេរិក ដោយថា ការផ្តាច់ទំនាក់ទំនងពីប្រទេសមហាអំណាចមួយ ហើយងាយទៅរកប្រទេសមហាអំណាចមួយទៀត ដោយមិនស្របតាមរដ្ឋាធម្មនុញ្ញនោះ គឺមិនមានផលចំណេញដល់កម្ពុជាឡើង ហើយថា វានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
លោកបន្ថែម៖ «ការមានទំនាក់ទំនងល្អ ជាមួយមហាអំណាចទាំងអស់ ដូចដែលយើងបានចែងក្នុងរដ្ឋធម្មនុញ្ញនឹង គឺវាជាគោលនយោបាយប្រសើរបំផុតសម្រាប់នយោបាយការណ៍បរទេសកម្ពុជា ដែលជាប្រទេសមួយនៅអន់ខ្សោយ ក្នុងចំណោមប្រទេសក្នុងតំបន់។ អញ្ចឹង ការបន្ទន់ឥរិយាបថរបស់នាយករដ្ឋមន្រ្តីនេះ វាក៏ជាសញ្ញាមួយ អាចនឹងជួយកម្ពុជា កុំឲ្យធ្វើការងាកខ្លាំងពេកពីប្រទេសលោកខាងលិច ព្រោះអីយើងនៅឃើញមានបញ្ហាធំៗ ជាច្រើនដែលយើងត្រូវប្រឈម ប្រសិនយើងបាត់បង់នូវតុល្យយភាព ទំនាក់ទំនងការបរជាមួយមហាអំណាច ការងាកទៅរកតែជាមួយប្រទេសចិន កាន់តែធ្ងន់ វានឹងអាចធ្វើសេដ្ឋកិច្ចក្នុងប្រទេសយើងជួបវិបត្តិដែរ»។
គួរំលឹកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មួយរយៈចុងក្រោយនេះ តែងតែថ្លែងវាយប្រហារ និងចោទអាចមេរិកថា ជាមេខ្លោង នៅពីក្រោយការជំរុញឲ្យមានការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន និងតែងតែរំលឹករឿងអតីតកាលថា អាចមេរិក បានទំលាក់គ្រាប់បែកលើកទឹកដីកម្ពុជា បណ្តាលឲ្យពលរដ្ឋខែ្មរស្លាប់រាប់លាននាក់។
លោក ហ៊ុន សែន ចោទអាមេរិកថា បានទំលាក់គ្រាប់បែកប្រមាណជាង ២លាន៧សែនតោន កាលពីសម័យសង្រ្គាម ហើយថា ភ្លើងសង្គ្រាមនោះ មិនបានផ្ដល់ផលប្រយោជន៍អ្វី ដល់កម្ពុជា ក្រៅតែពីភាពខ្ទេចខ្ទាំនោះ៕