
មន្ត្រីគណបក្សសង្គ្រោះជាតិ និងបដាទាមទារឲ្យដោះលែងលោក កឹម សុខា។ រូបថត វីអូឌី
Thu, 28 September 2017
នៀម ឆេង, Leonie Kijewski and ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បដាទាមទារឲ្យដោះលែងលោក កឹម សុខា របស់គណបក្សសង្គ្រោះជាតិនៅតាមខេត្តមួយចំនួនត្រូវបានលួច និងដកចេញដោយខ្លួនឯង បន្ទាប់ពីអាជ្ញាធរបានស្នើសុំឲ្យដក ខណៈពេលដែលក្រុមមេធាវីកំពុងរៀបចំឯកសារប្តឹងទៅតុលាការកំពូលប្រឆាំងនឹងការឃុំខ្លួនលោក កឹម សុខា ដែលក្រុមមេធាវីអះអាងថាធ្វើឡើងដោយរំលោភច្បាប់។
មន្ត្រីគណបក្សសង្គ្រោះជាតិតាមបណ្តាខេត្តមួយចំនួនបានឲ្យដឹងថាបដាទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដែលបានលើកកាលពីថ្ងៃចន្ទត្រូវបានគេលួចយកទៅបាត់ ឬត្រូវបានដកចេញក្រោយមានការណែនាំពីអាជ្ញាធរមូលដ្ឋាន។
លោកស្រី សំ ចរិយា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពតបានថ្លែងថាបដាដែលបានលើកនៅស្នាក់ការបក្សខេត្តកាលពីព្រឹកថ្ងៃចន្ទត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចដោះនៅម៉ោងប្រហែល ៧ យប់។ លោកស្រីថ្លែងថា៖ «លួចដោះទាំងស្រុងតែម្ដងអត់ដឹងខាងណាមកដោះទេ។ យើងក៏បានរាយការណ៍ទៅអង្គការលីកាដូដែរ»។ លោកស្រីបន្តថា កាលពីយប់ថ្ងៃអង្គារស្លាកគណបក្សក្នុងក្រុងកំពតមួយដែលទើបដាក់ថ្មីក៏ត្រូវជនមិនស្គាល់មុខដកយកទៅបាត់ដែរ។
នៅខេត្តរតនគិរីក៏មានការដកបដាទាមទារការដោះលែងលោក កឹម សុខា ដែរ ប៉ុន្តែការដកបដានេះធ្វើឡើងដោយមន្ត្រីគណបក្សសង្គ្រោះជាតិខ្លួនឯងក្រោយពេលមានការសួរនាំពីអាជ្ញាធរមូលដ្ឋាន។
លោក អៀម អឿន អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបានថ្លែងថាកូនស្រីរបស់លោកត្រូវបានអាជ្ញាធរសួរនាំរឿងលើកបដានោះ។ «អាជ្ញាធរក្រុងបានសួរថាបានធ្វើច្បាប់ហើយនៅការលើកស្លាកហ្នឹង? បើអត់បានសុំទេ គេឲ្យទម្លាក់ ហើយធ្វើច្បាប់សុំគេ។ យើងទម្លាក់ពេលល្ងាចម្សិលម្ង៉ៃ»។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថានៅខេត្តកណ្ដាលអាជ្ញាធរខេត្តបានជួបជាមួយគណបក្សសង្គ្រោះជាតិពិភាក្សារឿងបដានេះ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានបដិសេធមិនដក។ លោកស្រីថ្លែងថា៖ «យើងមិនទម្លាក់ចុះទេ ដរាបណាយើងមិនទាន់ទទួលបានលិខិតពីក្រសួងមហាផ្ទៃជាលាយលក្ខណ៍អក្សរដោយមានការពន្យល់ហេតុផលស្របតាមច្បាប់»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថាក្រសួងមិនបានណែនាំឲ្យមានការដកបដានេះទេ ប៉ុន្តែលោកថាការដាក់បដានេះធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ លោកថ្លែងថា៖ «ការលើកបដាចុះឡើងនេះ បើអ្នកជាប់គុកមួយម៉ឺននាក់លើកបដាមួយម៉ឺននាក់ ច្បាប់ឯណាគេឲ្យធ្វើអ៊ីចឹង»។ លោកបន្តថា៖ «យើងហៅសាមីខ្លួន ម្ចាស់ផ្ទះគណបក្សអីហ្នឹង សុំឲ្យគាត់បញ្ឈប់ទៅធ្វើកំណត់ហេតុទៅ បើគាត់រឹងទទឹងយើងទៅដោះទៅមានអីពិបាក…ខេត្តមួយចំនួនគេធ្វើហើយតើ ដោះទៅបោះចោលបាត់»។ លោក ខៀវ សុភ័គ បានថ្លែងបញ្ជាក់ថាការធ្វើដូច្នេះ ដើម្បីទប់ស្កាត់ការប្រមូលកម្លាំងធ្វើបដិវត្តន៍ពណ៌ដូចកាលពីឆ្នាំ ២០១៣។
ស្របពេលជាមួយគ្នានេះក្រុមមេធាវីការពារលោក កឹម សុខា ថ្លែងថាពួកលោកកំពុងរៀបចំឯកសារប្តឹងទៅតុលាការកំពូលប្រឆាំងនឹងការឃុំខ្លួនលោក កឹម សុខា ក្រោយពេលសាលាឧទ្ធរណ៍បានសម្រេចកាលពីថ្ងៃអង្គារដោយបន្តឃុំខ្លួនលោកតទៅទៀត។ លោក សំ សុគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង ៨ រូបដែលការពារក្តីលោក កឹម សុខា បានថ្លែងកាលពីម្សិលមិញថាសំណុំរឿងអាចនឹងដាក់ទៅតុលាការកំពូលនៅថ្ងៃសុក្រនេះ។
លោក ចាន់ ចេស្តា អភិបាលខេត្តកំពត និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលមិនអាចទាក់ទង់សុំអធិប្បាយបានទេកាលពីម្សិលមិញ៕
Contact authors: នៀម ឆេង, Leonie Kijewski and ម៉ិច ដារ៉ា