
លោកស្រី Rhona Smith ពេលមកកម្ពុជាកាលពីខែមុន។ ហេង ជីវ័ន
Thu, 28 September 2017
Leonie Kijewski
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កាលពីម្សិលមិញអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស និងការបង្កឲ្យមានមន្ទិលសង្ស័យ ថាតើការបោះឆ្នោតនៅឆ្នាំក្រោយនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែរឬយ៉ាងណា?
ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី ៣៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី Rhona Smith បានថ្លែងថាសង្គមស៊ីវិល និងគណបក្សប្រឆាំងបានប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
លោកស្រីមានប្រសាសន៍ថា៖ «ការរឹតបន្តឹងលទ្ធិប្រជាធិបតេយ្យ និងការធ្វើឱ្យខូចដល់ស្ថាប័នប្រជាធិបតេយ្យបានឈានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្រោយឆ្នាំ ១៩៩៣។ ប្រទេសនេះហាក់ដូចជាកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាឆ្ពោះទៅរកភាពអន្តរាយមួយ»។
លោកស្រីបានលើកឡើងថាការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា គឺខុសច្បាប់ដោយសារតែអភ័យឯកសិទ្ធិសភារបស់គាត់ ហើយលោកស្រីបញ្ជាក់ថាការចោទប្រកាន់ពីបទល្មើសជាក់ស្តែងគឺមិនមានភ័ស្តុតាង ខណៈដែលការចោទប្រកាន់នោះគឺផ្អែកលើសុន្ទរកថារបស់លោកដែលបានកត់ត្រាកាលពីឆ្នាំ ២០១៣។
លោកស្រី Smith ក៏បានកត់សម្គាល់ថានេះគឺជាលើកទីបួនហើយក្នុងរយៈពេលពីរឆ្នាំដែលយុទ្ធសាស្ត្រនេះត្រូវបានគេប្រើប្រាស់ដើម្បីចាប់ខ្លួនតំណាងរាស្ត្រ។
លោកស្រី Smith ថ្លែងថា ការធ្វើវិសោធនកម្មច្បាប់ថ្មីស្តីពីគណបក្សនយោបាយនាពេលថ្មីៗនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ។
លោកស្រីបន្តថា៖ «តាមពិតទៅជោគវាសនារបស់គណបក្សនយោបាយប្រឆាំងហាក់ដូចនៅក្នុងកណ្តាប់ដៃរបស់នីតិប្រតិបត្តិ»។ លោកស្រីបានថ្លែងថា មិនត្រឹមតែគណបក្សប្រឆាំងប៉ុណ្ណោះទេ ដែលស្ថិតនៅក្រោមការគំរាមកំហែងនោះ។
លោកស្រីបានបញ្ជាក់ថាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឆ្នាំ ២០១៥ បានដាក់កម្រិតមិនសមហេតុផលទៅលើអង្គការសង្គមស៊ីវិលដោយតម្រូវឱ្យអង្គការក្រៅរដ្ឋាភិបាលត្រូវមានភាពអព្យាក្រឹតខាងនយោបាយ។
លោកស្រីបញ្ជាក់ថា៖ «នៅក្នុងប្រទេសកម្ពុជាអ្វីៗស្ទើរតែទាំងអស់អាចនឹងត្រូវបានគេចោទប្រកាន់ថាជារឿងនយោបាយ។ ការអំពាវនាវឱ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវបានគេចាត់ទុកថា ជាឧបាយកលនយោបាយ និងការវាយប្រហារដោយលំអៀងដើម្បីប្រឆាំងនឹងរដ្ឋាភិបាល»។
លោកស្រីលើកឡើងថារួមជាមួយ «ការកាត់បន្ថយយ៉ាងខ្លាំងនូវសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ» (ការបិទទ្វាររបស់កាសែត Cambodia Daily និងស្ថានីយវិទ្យុផ្សេងៗ) ដែលចំណុចនេះមានន័យថាភាពយុត្តិធម៌នៃការបោះឆ្នោតនៅឆ្នាំក្រោយអាចនឹងជាប់គាំង។
លើសពីនេះលោកស្រីថ្លែងថា៖ «វោហារស័ព្ទពីអំពើហិង្សារបស់រដ្ឋមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាជាន់ខ្ពស់គឺបានបង្កើតឱ្យមានការភ័យខ្លាច និងក្លាយជាឧបសគ្គដល់ការបោះឆ្នោតដោយសេរី។ ការប្រើអំណាច ការគំរាមកំហែង និងការបំភិតបំភ័យគឺគ្មាននៅក្នុងសង្គមដែលមានសន្តិភាពទេ»។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានច្រានចោលចំពោះសេចក្តីថ្លែងរបស់លោកស្រី Smith ដោយលោកថ្លែងថា៖ «គាត់មិនយុត្តិធម៌ទេ។ គាត់ពិតជាលម្អៀងខ្លាំងណាស់។ គាត់មិនមែនជានរណាម្នាក់នៅក្នុងប្រទេសកម្ពុជាទេ… គាត់គឺជាភ្ញៀវទេសចរម្នាក់»។
លោក ស៊ីផាន បានស្នើឱ្យលោកស្រីត្រូវ «ចំណាយពេលវេលាសិក្សាស្វែងយល់អំពីច្បាប់របស់កម្ពុជាបន្ថែមទៀត»។
លោកបានបន្ថែមថា៖ «យើងមិនមែនជាស្វាទេ។ យើងមិនត្រូវការគ្រូបង្រៀនដូចគាត់ [ប្រាប់យើង] ឱ្យធ្វើរឿងនេះធ្វើរឿងនោះទេ … គាត់គិតថាយើងគឺជាសត្វ»។
ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិលោក ណី សំអុល ក្នុងសម័យប្រជុំនោះបានលើកឡើងអំពីការរិះគន់ដោយអយុត្តិធម៌។
លោកបានហៅរបាយការណ៍របស់លោកស្រី Smith ថាលម្អៀងដែលមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កឱ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ភាពជឿជាក់នៃប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងមូលផងដែរ។
លោក សំអុល បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចដ៏មានស្ថិរភាពនៅក្នុងប្រទេសហើយលោកបានទទូចថាលោកស្រី Smith បានមើលឃើញតែចំណុចមិនល្អហើយថ្លែងថាលោកស្រីពឹងផ្អែកតែទៅលើ «ប្រភពដែលមិនត្រូវបានផ្ទៀងផ្ទាត់ប៉ុណ្ណោះ»។
ប៉ុន្តែយោបល់របស់លោកស្រី Smith ត្រូវបានគាំទ្រយ៉ាងទូលំទូលាយពីសហភាពអឺរ៉ុប និងប្រទេសជាច្រើនរួមនឹងអង្គការមិនមែនរដ្ឋាភិបាលដែលចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ។
ជាឧទាហរណ៍តំណាងមកពីសហភាពអឺរ៉ុបបានហៅការចោទប្រកាន់ទៅលើសកម្មជនសិទិ្ធមនុស្ស និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងរួមទាំងលោក កឹម សុខា ផងដែរថាជារឿងនយោបាយ ហើយលោកបានថ្លែងបញ្ជាក់ថា អភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ត្រូវបានគេរំលោភបំពាន។
អង្គការពិភពលោក (World Organisation) ដែលប្រឆាំងទៅនឹងការធ្វើទារុណកម្មក៏បានចង្អុលបង្ហាញពីការចាប់ឃុំឃាំងបុគ្គលិកអង្គការមាតាធម្មជាតិកាលពីពេលថ្មីៗនេះផងដែរគឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី និងបានហៅស្ថានភាពនេះថាជាការវាយប្រហារយ៉ាងខ្លាំងក្លាប្រឆាំងនឹងសង្គមស៊ីវិល។
អ្នកតំណាងរូបនេះបានថ្លែងថា៖ «អ្នកជំនាញផ្នែកច្បាប់មកពីសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកង្វះឯករាជភាព និងភាពលម្អៀងនៃប្រព័ន្ធយុត្តិធម៌។ អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះគឺគ្មានអ្វីទាក់ទងទៅនឹងនីតិរដ្ឋនោះទេ»៕ NS
Contact author: Leonie Kijewski