ដោយ លោក បូ សាវី | ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ | ម៉ោង 8:27 AM
http://vodhotnews.com
បុណ្យផ្កាប្រមូលប្រាក់ រូបដោយបូ សាវី
ប្រជាពលរដ្ឋចំនួនបីភូមិ នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប នាំគ្នាធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដោយថា ដើម្បីប្រមូលបច្ច័យឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារជ័យវ្ម័នទី៧ កាលពីល្ងាចថ្ងៃទី១៧ខែកុម្ភៈនេះ។
អ្នកដឹកនាំពិធីបុណ្យ និងជានាយកសាលារៀនឯកជនមួយ នៅភូមិត្រាង ឃុំកណ្ដែក លោក ងឿម សុផារ៉ា អោយដឹងថា ពិធីបុណ្យផ្កាប្រាក់នេះ បានទទួលថវិការជាង៩លានរៀន និងមួយពាន់ដុល្លា ដោយថា ថវិកានេះមកពីភូមិត្រាង ភូមិស្ពានក្អែក និងភូមិអូរ ។លោកបន្ដថា ការធ្វើបុណ្យផ្កាប្រាក់ និងជួយស្វែងរកជំនួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាមួយនេះ ដោសារមន្ទីរពេទ្យនេះ បានជួយព្យាបាលកុមារ និងស្ដ្រីមានផ្ទៃពោះជាច្រើនលាននាក់ដោយមិនគិតថ្លៃ ខណៈដែលពលរដ្ឋខ្មែរមិនសូវចាប់អារម្មណ៍ គ្រប់រួបត្រូវមានទឹកចិត្ដស្វែងរកជំនួយគ្រប់រូបភាពមិនថាធ្វើបុណ្យនោះទេ ដើម្បីជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យកុមារនេះ។លោកបានបន្ដទៀតថា ក្រៅពីធ្វើបុណ្យផ្កាប្រាក់នេះ ក្រុមយុវជនរបស់លោកក៍បានធ្វើយុទ្ធនាការផ្សេងៗ ដើម្បីស្វែងរកជំនួយពីសប្បុរសជនឧបត្ថម្ភដល់មន្ទីរពេទ្យនេះជាច្រើនលើកផងដែរ។
បើតាមអ្នកផ្ដើមបុណ្យលោក ងឿប សុផារ៉ា បានប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផារួចរាល់ហើយនៅព្រឹកថ្ងៃអាទិត្យនេះ។
បើយោងតាមតំណាងអ្នកទទួលប្រាក់នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្ដសៀមរាប បានចំណាយថវិកាពី៣៧លានដុល្លាទៅ៤០លានដុល្លាក្នុងមួយឆ្នាំៗ ខណៈដែលមានកុមារជាងមួយពាន់នាក់ក្នុងមួយថ្ងៃមកព្យាបាលដោយមិនគិតថ្លៃនៅមន្ទីរពេទ្យនេះ។
កាលពីពាក់កណ្ដាលខែមករាឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតមូលនិធិទ្រទ្រង់ និងបង្កើនប្រាប់ឧបត្ថម្ភជិត ១៥លានដុល្លា សម្រាប់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាបន្ថែមទៀត ដោយថា ដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះឲ្យមាននិរន្តរភាព៕