Wed, 28 February 2018
ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរឥណទានថវិកាប្រមាណជា៤,៥លានដុល្លារអាមេរិកសម្រាប់ចំណាយលើសម្ភារទប់ទល់នឹងបាតុកម្មជាអ្វីដែលសង្គមស៊ីវិលនិងអ្នកវិភាគថាគួរបែងចែកថវិកាទាំងនេះទៅលើរឿងផ្សេងដែលនេះហាក់បង្ហាញពីភាពស្រពេចស្រពិលដោយមិនទុកចិត្តពីស្ថានការណ៍នាថ្ងៃអនាគត។
នៅក្នុងអនុក្រឹត្យមួយចុះថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញ បានសម្រេចអនុញ្ញាតឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ទេរឥណទានថវិកាចំនួន ១៧ ៩៣២ ០០០ ០០០ រៀល ប្រហែល៤,៥លានដុល្លារពីជំពូក៦៩ (ចំណាយមិនបានគ្រោងទុក)នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក៦០(ការទិញ)ជូនក្រសួងមហាផ្ទៃ(សន្តិសុខសាធាណៈ)សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
អនុក្រឹត្យនោះបានបញ្ជាក់ថា៖«ការបែងចែកឥណទានថវិកាចំណាយក្នុងជំពូកនេះតាមគណនីនិងអនុគណនីត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ទិញឧបករណ៍ការពារបាតុកម្មចំនួន៩មុខ»។
អនុក្រឹត្យនោះបន្ថែមថា៖«រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា
តទៅ»។
យ៉ាងណាក៏ដោយ អនុក្រឹត្យនេះមិនបានបញ្ជាក់លម្អិតពីសម្ភារទាំងនោះមានអ្វីខ្លះនោះទេ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថា ថវិកានេះគួរត្រូវបានបែងចែកឱ្យបានល្អប្រសើរដោយប្រើប្រាស់សម្រាប់បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់ ការឆក់ប្លន់ លួចនិងការញៀនថ្នាំ វិញ។
លោកបានបន្តថា៖«ខ្ញុំមិនគិតថាបាតុកម្មនឹងកើតឡើងម្តងទៀតនៅកម្ពុជាទេ ខណៈគណបក្សប្រឆាំងត្រូវបានរំលាយ»ហើយពលរដ្ឋដែលមកធ្វើបាតុកម្មដើម្បីដោះស្រាយបញ្ហាសិទ្ធិដីធ្លី និងបញ្ហាយុត្តិធម៌ ខ្ញុំគិតថាពេលរដ្ឋាភិបាលបង្ក្រាបពួកគេវានឹងកាត់បន្ថយសេរីភាពបញ្ចេញមតិ»។
អ្នកវិភាគនយោបាយនិងសង្គមលោក បណ្ឌិត មាស នី បានថ្លែងថា៖«វាហាក់ដូចជារដ្ឋាភិបាលមានការស្រពេចស្រពិលមិនទុកចិត្តស្ថានការណ៍ក្នុងពេលអនាគត។ យើងឃើញមា្ខងដូចជាចង់បានប្រជាប្រិយភាពពីប្រជាជនដូចជា សម្តេចនាយក គាត់បានចុះទៅមូលដ្ឋាន ហើយមានការកំណែទម្រង់ផ្សេងៗ ហើយមន្ត្រីដទៃទៀតក៏បានចុះមូលដ្ឋានទៅជួបពលរដ្ឋដើម្បីប្រជាប្រិយភាពដែរខណៈដែលដៃម្ខាងទៀតច្រើនតែប្រើនូវភាសាខ្លះដែលអាចនាំឱ្យមនុស្សភ័យខ្លាចនិងតាមរយៈការផ្តល់ប្រាក់និងសម្ភារសម្រាប់បង្ក្រាប។
លោកថ្លែងថា៖«វាគឺជាផ្នែកមួយនៃការធ្វើឱ្យមនុស្សភ័យខ្លាចឬអាចបង្កឲ្យមានអំពើហិង្សា នៅពេលប្រជាជនតវ៉ារឿងផ្សេងៗនិងភាពអយុត្តិធម៌»។
លោកបានបន្តថា នេះគឺដូចជាការព្យាបាលជំងឺមហារីក នៅពេលយើងប្រើថ្នាំខុសឆ្គងដើម្បីព្យាបាល វាអាចបណ្តាលឱ្យអ្នកជំងឺស្លាប់ភ្លាមៗ ហើយដូចជាការបង្ក្រាបនិងវិធានក្ដៅរបស់រដ្ឋាភិបាលវាអាចទៅជាដូចជា ការប្រើ
ប្រាស់ថ្នាំខុសនិងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់វានាពេលខាងមុខ។
លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថាចារកម្មរបស់រដ្ឋាភិបាលបានធ្វើការយ៉ាងហ្មត់ចត់បន្ទាប់ពីការចុះខ្សោយគណបក្សប្រឆាំង។ វាហាក់ដូចជាមិនទទួលបានអត្ថប្រយោជន៍ប៉ុន្មាន ដោយសារតែការគាំទ្ររបស់គណបក្សសង្គ្រោះជាតិហាក់ដូចជា នៅទ្រឹងនិងបាក់ទឹកចិត្ត…ដូច្នេះហើយរដ្ឋាភិបាលត្រូវព្រួយបារម្ភថាវាអាចជាបញ្ហាតវ៉ានៅពេលបោះឆ្នោត។ វាជាការត្រៀមទុកសម្រាប់ការបោះឆ្នោតនាពេលខាងមុខ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មិនបានឆ្លើយតបនឹងករណីនេះទេ ដោយលោកបានបង្វែរឲ្យសួរអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ ដែលមិនអាចទាក់ទងបានកាលពីម្សិលមិញ៕
Contact author: ម៉ិច ដារ៉ា
