ដោយ វ៉ា សំណព្វ
28/02/2018
RFI

សៀវភៅថ្មី ស្តីពីកំណត់ត្រានៃការរំលាយគណបក្សសង្គ្រោះជាតិ (@សហការី)
@សហការី
សៀវភៅស្តីពី កំណត់ត្រានៃការរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០១៨។ សៀវភៅដែលមានកម្រាស់ជាង២០០ទំព័រនេះ បានលាតត្រដាងពីររបត់នយោបាយរយៈពេល៣ឆ្នាំចុងក្រោយរបស់អតីតគណបក្សសង្គ្រោះជាតិ ចាប់តាំងពីការរួបរួម រហូតដល់ដំណាក់កាលនៃការរំលាយគណបក្សកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ អ្វីជាការកត់សំគាល់ នេះគឺជាការដាក់បន្ទុកបន្ថែមទៀត លើភស្តុតាងនៃការរំលាយគណបក្សសង្រ្គោះជាតិ ខណៈដែលក្រសួងការបរទេសកម្ពុជាទើបតែបានចេញផ្សាយរបាយការណ៍ ស្តីពី “ស្ថេរភាពនិងការអភិវឌ្ឍន៍ គឺជាអាទិភាពរបស់កម្ពុជា” កាលពីខែកុម្ភៈ។
សៀវភៅស្តីពី កំណត់ត្រានៃការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានចរិតជាយុទ្ធសាស្រ្តនយោបាយនេះ គឺជាបណ្តុំសំណេរនយោបាយចំនួន៦៦អត្ថបទ ដែលសរសេរដោយអ្នកលេងហ្វេសបុកដែលមានរហ័សនាមថា សេនាជាតិ, ជាតិរស់, ជាតិរុងរឿង, ស្រី ស, និស្សិត, សន្តិភាព និងប្រជាជន។ អត្ថបទទាំងនោះ ភាគច្រើនត្រូវបានចុះផ្សាយនៅលើបណ្តាញសារព័ត៌មានក្នុងស្រុកដែលជាសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ដូចជា Fresh News និង Swift News ជាដើម។ នេះបើយោងតាមអារម្ភកថា របស់អ្នកចងក្រងសៀវភៅដែលមានកម្រាស់២៣៣ទំព័រ ដែលមានរហ័សនាមថា សេនាជាតិ។
បើតាមអារម្ភកថា របស់អ្នកចងក្រង ដែលបានត្រឹមតែប្រើរហ័សនាមលើបណ្តាញសង្គមហ្វេសបុកនេះថា ការចងក្រងជាសៀវភៅនេះឡើង គឺសម្រាប់ទុកជាមេរៀន និងការសិក្សាស្វែងយល់ ពីរបត់នយោបាយរយៈពេល៣ឆ្នាំចុងក្រោយ នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុង៣ដំណាក់កាលសំខាន់ គឺដំណាក់កាលរួបរួមផង ការប្រជែងផ្ទៃក្នុងបក្សផង និងរហូតមកដល់ដំណាក់កាលនៃការរំលាយគណបក្សសង្រ្គោះជាតិផង។ សៀវភៅកំណត់ត្រានេះ បានវាយតម្លៃថា ការរលាយបក្សសង្គ្រោះជាតិ គឺមានទាំងកត្តាផ្ទៃក្នុងផង និងកត្តាខាងក្រៅផង។ កំណត់ត្រាបានសរសេរថា នយោបាយរបស់លោក កឹម សុខា និងលោក សម រង្ស៊ី គឺប្រៀបដូចជា ក្រមួន និង ភ្លើង ដែលមិនអាចចូលគ្នាបាន ហើយតែងតែសម្លាប់គ្នាទៅវិញទៅមក។ លើសពីនេះ ក៏បានកត់សំគាល់ថា ការរលាយគណបក្សសង្គ្រោះជាតិ បាននាំទៅដល់ការរលាយ៣យ៉ាងធំៗ គឺ៖ រលាយជីវិតនយោបាយលោក សម រង្ស៊ី, រលាយជីវិតនយោបាយរបស់លោក កឹម សុខា, និងរលាយផែនការបរទេសក្នុងការបង្កើត អង្គការចាត់តាំងបដិវត្តពណ៌បំផ្លាញកម្ពុជាផងដែរ។
អ្វីជាការកត់សំគាល់ ការចេញផ្សាយសៀវភៅថ្មីនេះ គឺជាការដាក់បន្ទុកបន្ថែមទៀត លើការចោទប្រកាន់នានា ស្តីពី ការរំលាយគណបក្សសង្រ្គោះជាតិ ខណៈដែលក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥ កុម្ភៈ បានចេញផ្សាយរបាយការណ៍ ស្តីពី “ស្ថេរភាពនិងការអភិវឌ្ឍគឺជាអាទិភាពរបស់កម្ពុជា”។ ជារបាយការណ៍ដែលបានការពារចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា លើលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ ទល់នឹងការរិះគន់ពីសហគមន៍អន្តរជាតិ។ ក្រៅពីនោះ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានចេញផ្សាយសៀវភៅស កាលពីថ្ងៃទី ១៣ខែកុម្ភៈ ស្តីពី ស្ថានការណ៍នយោបាយនៅកម្ពុជា ក្រោយពេលបរាជ័យនៃចលនាបដិវត្តន៍ពណ៌។
ផ្អែកតាមសេចក្តីសន្និដ្ឋាននៅក្នុងសៀវភៅស្តីពីកំណត់ត្រានៃការរលាយគណបក្សសង្រ្គោះជាតិនេះ បានឆ្លុះបញ្ចាំងពីចរិតអ្នកនយោបាយលោក កឹម សុខា ថា បរាជ័យខាងផ្នែកសីលធម៌ ខណៈដែលលោក សម រង្ស៊ី បានបរាជ័យលើផ្នែកគុណធម៌។ ទោះយ៉ាងណា គេនៅមិនទាន់ឃើញមានប្រតិកម្មពីអតីតគណបក្សប្រឆាំង លើការចេញផ្សាយសៀវភៅថ្មីនេះនៅឡើយទេ៕