ក្រសួងចុះដោះស្រាយបញ្ហាកម្មករថៅកែរត់ចោល ក្រោយបញ្ជាពីលោក ហ៊ុន សែន

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា ឆ្នាំ២០១៨​ | ម៉ោង 2:52 PM
http://vodhotnews.com

សិទ្ធិមនុស្ស | អភិបាលកិច្ចល្អ

ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ទាម​ទារ​ថៅកែ​រោងចក្រ ​ហ្វឺស ហ្គាវ័ន្ត​ បើក​ប្រាក់​ឈ្នួល (ឃុត សុគន្ធ)


ក្រសួងប្រកាសចុះដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រចំនួន ៩ ដែលថៅកែរត់ចោលដោយ​ពុំ​បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍​ផ្សេងៗជូនកម្មករ ក្រោយពី​មានបញ្ជា​​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុងខែកុម្ភៈកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅក្រសួងពាក់ព័ន្ធ ឲ្យចុះដោះស្រាយ​បញ្ហា​ក្រុម​កម្មករ​ជា​បន្ទាន់ បន្ទាប់​ពី​ថៅកែ​រោងចក្រ​កាត់​ដេរ​នានា​បាន​រត់ចោល ដោយ​លោក​បាន​ប្រកាសផ្តល់ថវិកាជាង ៤លានដុល្លាទៅកម្មករ ដើម្បី​ទូទាត់សំណង។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១មីនានេះ ក្រសួងការងារឲ្យដឹងថា ក្រសួងនឹងយកថវិកាបុរេប្រទានជាង ៤​លាន ៥៧​ម៉ឺន​ដុល្លារ​ ទៅដោះស្រាយសំណងជូនកម្មករបម្រើការងារនៅរោងចក្រចំនួន ៩ មានកម្មករសរុប ៤ ១៤៦នាក់ ដែលថៅកែបិទទ្វារោងចក្រ​រត់ចោល។

សេចក្តីជូនដំណឹងដដែល ក្រសួងការងារអះអាងថា ក្រសួងនឹងចាត់វិធានការដោះស្រាយបន្ទាន់រាល់ករណីរោងចក្រទាំងឡាយណាបិទទ្វាហើយថៅកែរត់ចោល ដោយផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករឲ្យទាន់ពេលវេលាស្របច្បាប់ជាធរមាន និងព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ក្រុមហ៊ុនរួមទាំងបុគ្គលណាដែលផ្តល់ប្រឹក្សាយោបល់ឲ្យថៅកែរត់ចោលដោយមិនទូទាត់សំណងជូនកម្មករ។

ទោះជាយ៉ាងណា ក្រសួងមិនបានបញ្ជាក់ពេលវេលាជាក់លាក់ក្នុងការចុះដោះស្រាយនោះទេ។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ប្រាប់វីអូឌី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ថា ក្រសួង​នឹង​ចុះ​ទូទាត់​សំណង​ដល់​ក្រុម​កម្មករ​ដែល​ថៅកែ​រត់ចោល​ទាំង​នោះ នៅ​សប្ដាហ៍​ក្រោយ​នេះ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានសាទរចំពោះយន្តការចុះដោះស្រាយនេះ ប៉ុន្តែ លោកថា ក្រសួងការងារគួរតែដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធិតាំងពីដំបូង ដោយមិនចាំបាច់ទាល់តែមានការបញ្ជាពីលោកនាយករដ្ឋមន្រ្តីនោះទេ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា វាជារឿងល្អដែលក្រសួងបានចាប់ផ្តើមធ្វើការងារលើរឿងនេះ ព្រោះកម្មករគាត់រង់ចាំ​យូរហើយ ដោយកម្មករមិនដឹងថា បានដំណោះស្រាយឲ្យពិតប្រាកដទេ ដល់ពេលចុះដោះស្រាយអញ្ចឹង វាជា​រឿងល្អហើយ ខ្ញុំគិតថា ប្រសិនការចុះដោះស្រាយបានកំណត់ពេលវេលាជាក់លាក់ទៀតវាកាន់តែល្អ ហើយមួយទៀតក្រសួងគួរតែមានគំនិតធ្វើមុន មិនមែនទាល់​តែប្រមុខរដ្ឋាភិបាលស្រែកបានធ្វើនោះទេ»។

បើតាមសេចក្តីជូនដំណឹង ក្រសួងឲ្យដឹងថា រោងចក្រទាំង៩ដែលថៅកែរត់ចោលកម្មករនោះមាន មាននៅខេត្ត​កណ្តាលចំនួន ១ កំពង់ស្ពឺចំនួន ៣ និងរាជធានីភ្នំពេញ ៥រោងចក្រ។

ក្រសួងបញ្ជាក់ថា ក្រសួងនឹងរៀបចំបទប្បញ្ញត្តិតំណត់កាតព្វកិច្ចឲ្យបណ្តាក្រុមហ៊ុនត្រូវមានធានារាប់រងហានិភ័យប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករដោយបញ្ចូលទៅក្នុងបញ្ជីត្រួតពិនិត្យរបស់អធិការការងារដើម្បីធនាផលកម្មករ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles