លោក​ ហ៊ុន សែន ​ចាត់​ទុក​ការដុត​រូប​តំណាង​លោក​ដូច​ «​ឆ្កែ​ខាំ​ជើង​»

រូប​ទីងមោង​តំណាង​ឲ្យ​លោក​ ហ៊ុន សែន ​ត្រូវ​គេ​ដុត​ក្នុង​បាតុកម្ម​នៅ​អូស្ត្រាលី​។ រូបថត​ហ្វេសប៊ុក



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ការធ្វើ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី ដោយ​មាន​ដុត​ទីងមោង ដែល​តំណាង​ឲ្យ​រូប​របស់​លោក​ថា ដូចជា​ «​ឆ្កែ​ខាំ​ជើង​» ដែល​មិន​អាច​ទៅ​ខាំ​ឆ្កែ​វិញ​បាន​ទេ ដែល​ការ​ថ្លែង​របស់​លោក​បែប​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ស្នើឲ្យ​ប្រទេស​អូស្ត្រាលី​ការពារ ​«​ចំពោះ​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​» ​របស់​លោក ខណៈ​ដែល​លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មួយ​នេះ​នៅ​ក្នុង​ខែ​នេះ​។

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​ប្រមាណ​ជាង ១៧ ៨០០ នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន ៨ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​លើ​ក្រុម​បាតុករ​នៅ​ប្រទេស​អូស្ត្រាលី ដែល​ដុត​បំផ្លាញ​រូប​ទីងមោង​ដែល​តំណាង​ឲ្យ​រូប​របស់​លោក​ថា បើ​ឆ្កែ​ខាំ​ជើង​ហើយ ទៅ​ខាំ​ឆ្កែ​វិញ​ក៏​មិន​កើត​ដែរ​។

លោក​បន្ត​ថា​៖ «​អ្នកណា​គេ​ចង់​ថា​អី​ ក៏​ថា​ទៅ ប៉ុន្មាន​ថ្ងៃ​នេះ​សូម​ផ្ដាំ​ទៅ​អ្នក​ដុត​រូប​ ហ៊ុន សែន របៀប​ហ្នឹង ដុត​អត់​ត្រូវ​សោះ ដុត​ខុស​ហើយ​។ បើ​ចង់​ដុត​រូប ហ៊ុន សែន គឺ​ដើម្បី​ឲ្យ​ ហ៊ុន សែន ស្លាប់​ វិធី​មាន​តែ​មួយ​ទេ សូម​ប្រាប់ ដោយសារ ហ៊ុន សែន ឆ្នាំ​រោង គឺ​នាគ អ៊ីចឹង​ត្រូវ​ដុត​រូប​នាគ​ទាំងអស់​តាម​វត្ត​តាម​អារាម​ដុត​រូប​នាគ​ទាំងអស់​អាហ្នឹង​ងាប់​ ហ៊ុន សែន ហើយ​…»​។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​ចំអក​ថា​៖ «​ផ្ទុយ​ទៅ​វិញ​ប៉ុន្មាន​ថ្ងៃ​នេះ​បែរ​ជា ហ៊ុន សែន គឺ​ថា​មាន​ពេល​ខ្លះ​ចង់​រងា​ជ្រុល ដល់​ពេល​គេ​ដុត វា​រងា ព្រោះ​វា​អត់​ត្រូវ ប្រាប់​យក​តែ​បុណ្យ​ទៅ​ចុះ បើ​ចង់​ឲ្យ​ ហ៊ុន សែន ងាប់ ហើយ​គ្រាន់​តែ​ធ្វើ​រូប​នាគ​ដុត​ក៏​វា​អត់​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​បារមី​របស់​ ហ៊ុន សែន នៅ​ជាប់​នឹង​នាគ​ដែល​នៅ​ក្នុង​វត្ត អ៊ីចឹង​ដើរ​ដុត​ទៅ​! ទី​ណា​ដែល​មាន​នាគ​ក្នុង​វត្ត​ទាំង​ប៉ុន្មាន​នៅ​អូស្ត្រាលី ឬ​នៅ​ប្រទេស​ដទៃ ដើរ​ដុត​នាគ ឬ​ក៏​វ៉ៃ​កម្ទេច​រូប​នាគ​គ្រវាត់​ចោល​តែ​ម្ដង​ទៅ​។ អាហ្នឹង​ល្អ​…​ដុត​ទៅ ដុត​ឲ្យ​បាន​ទៅ​»​។

លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «​ប៉ុន្តែ​ណ្ហើយ ឆ្កែ​ខាំ​ជើង​យើង យើង​ទៅ​ខាំ​ជើង​ឆ្កែ វា​ពិបាក​ដែរ ឆ្កែ​ព្រុស​យើង យើង​ព្រុស​ដាក់​ឆ្កែ ក៏​ពិបាក​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ផ្ដាំ​ផ្ញើ​នៅ​ទី​នេះ គឺ​បញ្ហា​នៅ​ត្រង់​ថា បើ​សិន​អត់​មាន​សន្តិភាព អត់​មាន​ស្ថិរភាព​នយោបាយ​ហើយ ក្មួយៗ​មិន​អាច​មាន​ការងារ​ធ្វើ​បន្ត​ទេ គេ​បិទ​រោងចក្រ គេ​រត់​ចេញ​ពី​ស្រុក​ខ្មែរ​»​។

ថ្មីៗ​នេះ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ស្នើ​ដល់​ប្រទេស​អូស្ត្រាលី​ឲ្យ​ធានា​ «​ចំពោះ​កិត្តិយស​ និង​ភាព​ថ្លៃថ្នូរ​» ​របស់​លោក ហ៊ុន សែន ក្នុង​អំឡុង​ពេល​លោក​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​នៅ​ក្នុង​ខែ​នេះ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​គំរាម​ថា នឹង​វាយ​អ្នក​តវ៉ា​នៅ​លើ​ទឹកដី​អូស្ត្រាលី ប្រសិន​បើ​ពួកគេ​ដុត​រូប​របស់​លោក​។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី ដែល​ជា​អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អូស្ត្រាលី​ថ្លែង​ថា​សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​​ឆ្លើយតប​ទៅ​នឹង​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ដុត​រូប​ទីងមោង ដែល​មាន​បិទ​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

លោក​ សុន្ទរី ថ្លែង​នៅក្នុង​សារ​មួយ​ថា​៖ «​ការដុត [​រូប​ទីងមោង​] នេះ​វា​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​គ្រប់​គ្នា​»​។ លោក​បញ្ជាក់​ថា​៖ «​ក្រសួង​របស់​លោក​កំពុង​រៀបចំ​ធ្វើការ​ពិភាក្សា​ជាមួយ​អូស្ត្រាលី​តាម​ផ្លូវ​ការទូត ដើម្បី​ធានា​ឲ្យ​មាន​ការគោរព​ចំពោះ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​មេដឹកនាំ​កម្ពុជា​នៅ​មុន​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន-អូស្ត្រាលី នៅ​ខែ​ក្រោយ​»​។

នៅ​ពេល​សួរ​ថា តើ​ប្រទេស​កម្ពុជា​មាន​បាន​ស្នើសុំ​ឱ្យ​មាន​ការ​បន្ថែម​សន្តិសុខ​ដែរ​ឬ​ទេ​? លោក​ សុន្ទរី បាន​បដិសេធ​ឆ្លើយ​សំណួរ​នេះ​។

ស្ថានទូត​អូស្ត្រាលី និង​ក្រសួង​ការបរទេស​អូស្ត្រាលី​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពោះ​វោហារស័ព្ទ​ហិង្សា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បើ​ទោះបី​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​អូស្ត្រាលី​កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​ជាបន្ទាន់​ក្តី​។

លោក ហុង លឹម តំណាងរាស្ត្រ​នៅ​រដ្ឋ​វិចតូរៀរ ដើម​កំណើត​ខ្មែរ​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​បាន​សើច​ចំអក​ចំពោះ​សំណើ​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ ហើយ​លោក​បាន​ជំរុញ​ឱ្យ​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​ពិនិត្យ​មើល​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន​។ លោក​ លីម ​បាន​ចោទ​សួរ​ថា​៖ «​គាត់​ចង់​បាន​កិត្តិយស និង​ការ​គោរព​ បន្ទាប់ពី​សម្លាប់​លោក កែម ឡី ឬ​? [​បន្ទាប់ពី​] អំពើ​ពុករលួយ និង​ភាព​ក្រីក្រ​ដែល​គាត់​បាន​ធ្វើ​លើ​ប្រជាជន​ឬ​?»៕ NS


Contact authors: បែន សុខហ៊ាន and Erin Handley

What Next?

Recent Articles